
ស្របពេលប្រវត្តិសាស្ត្រកម្ពុជា និងវៀតណាម តែងតែក្លាយជាប្រធានបទនៃការជជែក និងការចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗនោះ រូបថតមួយសន្លឹកដែលបង្ហាញរូបចម្លាក់ស្ដ្រីៗមួយកំណាត់ខ្លួនកប់នៅក្នុងដី ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាការធ្វើទារុណកម្មទៅលើស្រ្ដីខ្មែរពីសំណាក់ជនជាតិវៀតណាម។ ការបង្ហោះនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិប្រតិកម្មជាច្រើនយ៉ាងផុសផុល។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ រូបថតមួយសន្លឹកដែលបង្ហាញរូបចម្លាក់ស្ត្រីត្រូវបានដាក់ខ្នោះនៅនឹងលើរាងកាយនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណររៀបរាប់ថា វាជាស្ត្រីកម្ពុជាក្នុងសម័យខ្មែរក្រហមដែលត្រូវបានវៀតណាមចាប់ខ្លួន និងធ្វើទារុណកម្ម។
ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ហ្វេកប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ស្ដ្រីខ្មែរសម័យខ្មែរក្រហម ត្រូវបានយួនចាប់ធ្វើទារុណកម្ម»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈគេហទំព័រ Reddit បង្ហាញរូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នា បានបញ្ជាក់ព័ត៌មានជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា ទិដ្ឋភាពរូបចម្លាក់នោះ គឺជាសិល្បៈមួយ ដែលបានបង្កើតឡើងដោយវិចិត្រករជនជាតិហ្គាណា លោក Kwame Akoto-Bamfo កាលពីឆ្នាំ២០១០កន្លងទៅ។
ខាងក្រោម គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលពុំបានបញ្ជាក់ថា ទិដ្ឋភាពនេះ គឺជាទិដ្ឋភាពស្ដ្រីខ្មែរនោះឡើយ។

ដូចគ្នានេះ ទិដ្ឋភាពរូបចម្លាក់ទាសករ ដែលបង្កើតឡើងដោយលោក Kwame Akoto-Bamfo ក៏ត្រូវបានរកឃើញនៅលើគេហទំព័រ GhanaWeb ផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១កន្លងទៅផងដែរ ដោយដាក់តាំងបង្ហាញ នៅក្នុងសារមន្ទីរ Nkyinkyim ភាគអាគ្នេយ៍ នៃប្រទេសហ្គាណា។
ការបង្កើតរូបចម្លាក់ទាំងឡាយនេះ មិនបានជាប់ពាក់ព័ន្ធទៅនឹងស្ដ្រីខ្មែរក្នុងសម័យខ្មែរក្រហម ដែលត្រូវបានធ្វើទារុណកម្មពីសំណាក់ជនជាតិវៀតណាមនោះទេ។

សារមន្ទីរ Nkyinkyim មួយនេះ មានទីតាំងស្ថិតនៅ Nuhalenya ក្នុងក្រុង Ada Foah ភាគអាគ្នេយ៍ ប្រទេសហ្គាណា។

Google Map Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះភ្ជាប់ជាមួយនឹងការអះអាងខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតនេះ គឺជាទិដ្ឋភាពរូបចម្លាក់ទាសករ ស្ថិតក្នុងសារមន្ទីរ Nkyinkyim ប្រទេសហ្គាណា បង្កើតឡើងដោយវិចិត្រករលោក Kwame Akoto-Bamfo ដែលនេះមិនមែនជាទិដ្ឋភាពស្ត្រីខ្មែរ ត្រូវបានធ្វើទារុណកម្មពីសំណាក់ជនជាតិវៀតណាមនោះឡើយ។

Title: រូបចម្លាក់នៅប្រទេសហ្គាណា ត្រូវបានអះអាងមិនត្រឹមត្រូវថា ជាស្ត្រីខ្មែរក្នុងសម័យខ្មែរក្រហម
Fact Check By: Kakada SimResult: False
