
គិតមកត្រឹមថ្ងៃទី២១ ខែមេសានេះ កម្ពុជាបានផ្ដល់វ៉ាក់សាំងដល់ប្រជាជនដល់ទៅជិត ១.៣លាននាក់ហើយគិតចាប់តាំងពីពេលដែលប្រទេសនេះបានប្រកាសចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ។
ទន្ទឹមគ្នានេះ បុគ្គលសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ត្រូវបានអះអាងដោយអ្នកប្រើបណ្ដាញសង្គមថា បានស្លាប់ជាបន្តបន្ទាប់ដោយសារការចាក់វ៉ាក់សាំង ក្នុងនោះមានការអះអាងថ្មីបំផុតដែលនិយាយថា សមាជិកព្រឹទ្ធសភាមួយរូបរបស់កម្ពុជា លោកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកជំនួញដ៏ល្បីល្បាញមួយរូប បានស្លាប់ទាំងវ័យក្មេង។
ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២០ ខែមេសា ការអះអាងនៅលើបណ្ដាញសង្គម បាននិយាយថា សមាជិកព្រឹទ្ធសភាមណ្ឌលខេត្តកោះកុងរបស់គណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ដែលមានងារជាឧកញ៉ាផងនោះ បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។
ឧកញ៉ា លី យ៉ុងផាត់ គឺជាអ្នកជំនួញដ៏លេចធ្លោម្នាក់របស់កម្ពុជា ដែលរកស៊ីលើវិស័យជាច្រើនរាប់ចាប់តាំងពីការវិនិយោគលើអចលនទ្រព្យ ផ្សារបោះដុំ ថាមពលអគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត សណ្ឋាគារ និងកាស៊ីណូ កសិឧស្សាហកម្ម និងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ផងដែរ។ ក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភាបក្សកាន់អំណាចរូបនេះ ក៏ត្រូវបានភ្ជាប់ទៅនឹងការរំលោភសិទ្ធិមនុស្សពាក់ព័ន្ធនឹងការបណ្ដេញអ្នកភូមិជាច្រើនរយគ្រួសារ ដើម្បីបើកផ្លូវសម្រាប់អភិវឌ្ឍចម្ការកៅស៊ូនៅខេត្តកោះកុង និងខេត្តកំពង់ស្ពឺផងដែរ។
ការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុក រៀបរាប់ថា «បងប្អូនប្រហែលជាស្គាល់ឧកញ៉ា លី យុងផាត ស្លាប់ហើយទាំងវ័យក្មេង»។
ការអះអាងបែបនេះ ក៏ត្រូវបានធ្វើឡើងដោយអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតផងដែរ ហើយត្រូវបានចែករំលែករាប់រយដង និងមានការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមពីអ្នកប្រើហ្វេសប៊ុកម្នាក់ទៀត រៀបរាប់ថា «ដំណឹងថ្មី… ឧកញ៉ាប្លន់ដីធ្លីរាស្ត្រស្លូតត្រង់ម្នាក់ទៀតបានស្លាប់ហើយ!! សូមបងប្អូនចូលរួមអបអរសាទរគាត់ផង ព្រោះគាត់បានផុតកម្មហើយ នៅឡើយជំពាក់ដីធ្លីពលរដ្ឋខ្មែរ»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់លើការអះអាងនេះតាមរយៈសម្ភាសជាមួយប្រភពដែលជិតដិតនឹងបុគ្គលដែលត្រូវបានលើកឡើងខាងលើ។
Fact Crescendo Cambodia បានទំនាក់ទំនងទៅលោកឧកញ៉ា សេង ញ៉ក់ ជាកូនប្រសាររបស់លោកឧកញ៉ា លី យ៉ុងផាត់ និងជាអគ្គនាយកគ្រប់គ្រងសម្ព័ន្ធ LYP Group ផងដែរ ដើម្បីស្វែងរកការបញ្ជាក់ដោយផ្ទាល់ជុំវិញការអះអាងនេះ ប៉ុន្តែ លោកបានមិនបានឆ្លើយតបនោះឡើយ។
ប៉ុន្តែ Fact Crescendo Cambodia បានទទួលទូរស័ព្ទពីលោក សោម ឆាយ៉ា ដែលប្រាប់ថា លោកគឺជាអ្នកនាំពាក្យរបស់លោក លី យ៉ុងផាត់។
ក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia លោក សោម ឆាយ៉ា បានច្រានចោលការអះអាងខាងលើ ដោយចាត់ទុកជា«ព័ត៌មានមិនពិត»។ លោក ឆាយ៉ា បានឱ្យដឹងទៀតថា ប្រសិនបើរឿងហេតុកើតឡើងដូច្នេះមែន ដំណឹងនេះក៏មិនអាចលាក់បាំងបានដែរ ព្រោះតែលោក លី យ៉ុងផាត់ គឺជាសមាជិកព្រឹទ្ធសភា និងជាឧកញ៉ាដ៏សំខាន់មួយរូប។
លោក សោម ឆាយ៉ា បញ្ជាក់ថា លោក លី យ៉ុងផាត់ កំពុងស្ថិតក្នុងដំណើរត្រួតពិនិត្យរោងចក្រផលិតទឹកស្អាតនៅក្រុងខេមរភូមិន្ទ ស្ថិតក្នុងខេត្តកោះកុង នៅថ្ងៃទី២១ ខែមេសានេះ។
លោក សោម ឆាយ៉ា ប្រាប់ថា «គាត់នៅកោះកុងតើព្រឹកមិញ ទាក់ទងគ្នារហូត។ បាទ គាត់នៅកោះកុងព្រឹកមិញ គាត់អញ្ចើញទៅមើលអាងស្តុកទឹកនៅកោះកុងហ្នឹង ដើម្បីមើលពីស្ថានភាពអាងស្តុកហ្នឹង ព្រោះអាងស្តុកទឹកវាសំខាន់ណាស់សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទហ្នឹង»។
លោក សោម ឆាយ៉ា ក៏បានបកស្រាយបន្ថែមផងតាមរយៈវីដេអូ Live នៅលើហ្វេសប៊ុករបស់លោកនៅរាត្រីថ្ងៃទី២១ ខែមេសានេះផងដែរ ដោយក៏បន្តច្រានចោលនូវការអះអាងខាងលើនេះ។
រូបថត២សន្លឹករបស់ឧកញ៉ា លី យ៉ុងផាត់ ដែលអង្គុយនៅមុខម៉ាតមួយកន្លែង ត្រូវបានបង្ហោះកាលពីថ្ងៃទី២១ ខែមេសា ដោយអ្នកប្រើហ្វេសប៊ុក លោក ដួង តារា ដែលជាជំនួយការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឆ្លើយតបនឹងការស្នើសុំការបញ្ជីពី Fact Crescendo Cambodia នៅថ្ងៃទី២២ ខែមេសា លោក ដួង តារា បានប្រាប់ថា រូបថតទាំង ២សន្លឹករបស់ឧកញ៉ា លី យ៉ុងផាត់ ត្រូវបានថត និងបញ្ជូនទៅលោកកាលពីថ្ងៃទី២១ ខែមេសា។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងខាងថា លោក លី យ៉ុងផាត់ ស្លាប់ទាំងនៅវ័យក្មេងនោះ មិនត្រឹមត្រូវនោះទេ។ អ្នកនាំពាក្យរបស់លោក លី យ៉ុងផាត់ បញ្ជាក់ប្រាប់ថា សមាជិកព្រឹទ្ធសភារូបនេះ មានសុខភាពល្អធម្មតា ហើយកំពុងស្ថិតក្នុងដំណើរត្រួតពិនិត្យអាងស្តុកទឹកនៅក្នុងក្រុងខេមរភូមិន្ទ នៅក្នុងខេត្តកោះកុង។ លោក លី យ៉ុងផាត់ ក៏បានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ PNN ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្ទាល់របស់លោកផងដែរនៅថ្ងៃទី២២ ខែមេសានេះ។

Title:សមាជិកព្រឹទ្ធសភា ឧកញ៉ា លី យ៉ុងផាត់ មិនបានទទួលមរណភាពដូចការអះអាងទេ
Fact Check By: Jay UdomResult: False