
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ តុលាការកម្ពុជា បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់អ្នកវិភាគនយោបាយម្នាក់ ដែលត្រូវបានគេស្គាល់ថាជា លោក សេង សារី។ ការចេញដីកានេះ កើតឡើងនៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ នៅឯវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។
ទន្ទឹមនឹងនេះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពក្រុមប៉ូលីសបានចាប់ចងលោក សេង សារី ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដោយអមជាមួយនឹងការអះអាងថាការចាប់ខ្លួនអ្នកវិភាគរូបនេះ បានធ្វើឲ្យផ្អើលដល់ប្រទេសថៃ។ ការអះអាងនេះ ត្រូវបានប្រតិកម្មជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកទៅក្នុងក្រុមហ្វេសប៊ុកដែលមានឈ្មោះថា ធាតុពិតនៅកម្ពុជា,THIS IS CAMBODIA បានបង្ហាញអំពីទិដ្ឋភាពក្រុមប៉ូលីសបានចាប់ចងលោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគនយោបាយមួយរូប។ រូបថត និងការអះអាងមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក និយាយភាសាខ្មែរជាច្រើនកាលពីថ្មីៗនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានសរសេររៀបរាប់ថា «ស្រុកខ្មែរសម័យតេចោរ[តេជោ]ឯកបក្សនេះ ច្បាប់នៅលើមាត់យួន និងហ៊ុនសែនប៉ុណ្ណោះ ច្បាប់ទាំងអស់មិនច្បាស់លាស់ ជាហេតុនាំអោយ[ឲ្យ] អ្នកមានអំណាច អ្នកមានលុយ និងអ្នកអនុវត្តច្បាប់ មានលេសធ្វើបាបប្រជាជនស្លូតត្រង់ ក្រីក្រ ទន់ខ្សោយរហូតបែបនេះ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបថតមួយសន្លឹកនេះ តាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតដែលបង្ហាញអំពីការចាប់ខ្លួនមួយនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Alamy ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ បានបញ្ជាក់បន្ថែមជាភាសាអង់គ្លេសថា «Thai policemen escort American drug suspect Joseph Hunter, 48, as he arrives at Don Mueang International Airport in Bangkok September 27, 2013» ឬប្រែសម្រួលជាភាសាខ្មែរថា «ប៉ូលិសថៃនាំខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះ ចូសែ៊ប ហាន់ធើ (Joseph Hunter) អាយុ ៤៨ឆ្នាំ ខណៈគាត់មកដល់ អាកាសយានដ្ឋានអន្តរជាតិដនមឿង ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅនេះ»។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រសោតទស្សន៍ ដែលបានបង្ហាញអំពីទិដ្ឋភាពការនាំខ្លួនរបស់ក្រុមប៉ូលីសនៅក្នុងប្រទេសថៃ។
Alamy Stock Photo | Archived Link
តាមរយៈគេហទំព័រសារព័ត៌មានរបស់ប្រទេសចិន China Daily ដែលបានចុះផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ក៏បានបង្ហាញអំពីរូបថតមួយសន្លឹកដែលមានទម្រង់ដូចគ្នាផងដែរ។ រូបថតមួយនេះ ពុំបានបង្ហាញនូវទិដ្ឋភាពរូបលោកបណ្ឌិត សេង សារី ត្រូវបានគេចាប់ខ្លួននោះទេ។ ការពិតរូបថតនេះ គឺជារូបរបស់ក្រុមជួញដូរគ្រឿងញៀនជនជាតិអាមេរិកដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន China Daily ដែលមានចំណងជើងជាភាសាអង់គ្លេសយ៉ាងដូច្នេះថា «Drug trafficking gang arrested in Thailand» ឬប្រែជាភាសាខ្មែរមានន័យថា «ក្រុមជួញដូរគ្រឿងញៀនត្រូវបានចាប់ខ្លួននៅប្រទេសថៃ»។
China Daily News Report | Archived Link
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះសារមួយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានអំពាវនាវឲ្យស្ថាប័នតុលាការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ដែលបានសរសេររៀបរាប់ថា «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី២១ កក្កដា ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផល និងអាចទទួលយកបានក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ[ឲ្យ] ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី»។
វិទ្យុអាស៊ីសេរី ក៏បានធ្វើការសម្ភាសន៍ជាមួយនឹងលោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគនយោបាយ និងសង្គមផងដែរ កាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗនេះ។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុករបស់ RFA Khmer ដែលបានបង្ហាញរូបលោកបណ្ឌិត សេង សារី ផ្ទាល់ផងដែរ។
RFA Khmer News | Archived Link
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ដដែលនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួនអ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី ដែលមួយថ្ងៃក្រោយពីមានការអំពាវនាវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការសម្រេចនេះ ត្រូវបានចុះផ្សព្វផ្សាយផងដែរ នៅក្នុងគេហទំព័រសារព័ត៌មាន VOD។
រូបភាពផ្តាមចេញពីសេចក្តីរាយការណ៍អំពីការបញ្ឈប់ឲ្យចាប់ខ្លួនអ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី។
VOD News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ គឺជាក្រុមប៉ូលិសថៃនាំខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះ ចូសែ៊ប ហាន់ធើ (Joseph Hunter) នាអាកាសយានដ្ឋានអន្តរជាតិដនមឿង ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងមកនេះ។ ចំណែកឯលោកបណ្ឌិត សេង សារី ក៏មិនត្រូវបានគេចាប់ខ្លួនដូចការអះអាងនោះដែរ។

Title:ពុំមានការចាប់ខ្លួនអ្នកវិភាគនយោបាយ លោក សេង សារី នោះឡើយ
Fact Check By: Kakada SimResult: Altered
