Fact Check: តើ​ចម្លាក់​នេះ​​ជា​រូប​សំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​​មែន​ទេ​?

False Social

ចម្លាក់​នានា ត្រូវ​បាន​សាង​សង់​ឡើង​ដាក់​នៅ​តាម​ទីសាធារណៈ​នានា​នៅ​តាម​បណ្ដា​នានា​នៅ​ទូទាំង​ប្រទេស ដែល​មាន​ទាំង​ចម្លាក់​វីរជន ចម្លាក់​ទេវ​តាម​ជំនឿ​សាសនា និង​ចម្លាក់​ផ្សេង​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​សក្កានុពល​ទីតាំង​ភូមិសាស្ត្រ​ជាដើម។ ​ទន្ទឹម​គ្នា​នេះ រូបថត​ចម្លាក់​ពណ៌​មាស​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​រូប​សំណាក​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​០៧​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​មាន​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​មួយ​សន្លឹកដែល ​​​បាន​​​​​បង្ហាញ​​អំពី​​ទិដ្ឋ​​ភាពរូប​សំ​ណាក​បដិ​មា​មួយ​កន្លែង​​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អះ​អាង​​ផង​ដែរ​ថា​​ ចម្លាក់​នេះ គឺ​ជា​​រូប​សំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​​។​

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​​​ស្អាត​ណាស់​ រូប​សំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧​ 🥰»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថតអះ​អាង​ខាង​លើ​​​​​តាមរយៈ​​ការ​ស្វែង​រក​ព័ត៌មាន​​​ទាក់​ទង​ទៅ​នឹង​រូប​សំណាក​ទើប​តែ​បាន​កសាង​ឡើង​​ដែល​​​នាំ​​ឱ្យ​យើង​​រក​ឃើញ​​ប្រភព​មួយ​ចំនួន​ដូច​ខាង​ក្រោម​។

តាម​រយៈ​សារ​បង្ហោះ​របស់​ទំព័រ​ហ្វេស​ប៊ុក​ Khmer Architectural កាល​ពី​ថ្ងៃ​​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០២១​ថ្មី​ៗនេះ​ ដែល​បាន​​​​​​ចែក​ចាយ​រូប​ថតមួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​ភិន​ភាគ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​រូប​ថត​ដែល​អ្នក​ប្រើ​ហ្វេស​ប៊ុក​ បាន​អះ​អាង​ខាង​លើ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​ឈ្មោះ​រូប​សំណាក​ទាំង​ឡាយ​នេះ​​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​​ជា​ភាសា​ខ្មែរ​​ថា «#រូប​ចម្លាក់​ធំ​ៗ​ចំនួន​បី​ នឹង​ដាក់​តម្លើង​នៅ​តាម​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​រួម​មាន​: ១. ព្រះ​ថោង​នាង​នាគ​ កម្ពស់​ ២១​ម៉ែត្រ​ ២.​ បដិមា​ព្រះសិវៈ​​ និង​ព្រះ​នាង​ឧមាភគវតី​ ៣.​ បដិមា​សីហ​រាជ​មុខ​បី​​​​»។

Facebook Post | Archived Link 

រូប​ភាព​គម្រោង​រូប​សំណាក​​ព្រះ​សិវៈ​​ដែល​មាន​ទម្រង់​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វផ្សាយ​ផង​ដែរ​​នៅ​ក្នុង​ទំព័រ​ ហ្វេស​ប៊ុក​​លោក​ សាយ​ សំអាល់ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២០​។ លោក​ សាយ​ សំអាល់​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​​រដ្ឋមន្រ្តីក្រសួងបរិស្ថានម្នាក់​នៅ​ក្នុង​ជួរ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។ រូប​លោកក៏​​បាន​លើក​ឡើង​បន្ថែម​ផង​ដែរ​ទាក់​ទង​ទៅ​នឹង​ ទី​តាំង​ និង​ទំហំ​របស់​រូប​សំណាក​​មួយ​នេះ។​​ 

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​​ជា​ភាសា​ខ្មែរ​​ថា «រង្វង់​​មូល​ព្រះ​សិវៈ​​ ស្ថិត​នៅ​ចំណុច​ប្រសព្វ​គ្នា​រវាង​មហា​វិថី​រាម​ និង​មហា​វិថី​ឆ្នេរ​រាម​។ បដិមា​ព្រះសិវៈ​និង​ព្រះ​នាង​ឧមាភគវតី​ ធ្វើ​ពី​លោហ​ធាតុ​ មាន​កម្ពស់​ ៩ម​ គង់​នៅលើ​បល្លង្ក​កម្ពស់​ ៦,១៥០ម​ មាន​កម្ពស់​សរុប​ ១៥,១៥០ម​ ជា​និមិត្ត​រូប​នៃ​ការ​បង្កើត​លោក​ និង​តំណាង​ឲ្យ​សេចក្តី​សុខ​ សុភមង្គល​ ភាព​សុខសាន្ត​ និង​សុខុដុមនីយកម្ម​ក្នុង​គ្រួសារ​ និង​សង្គម​​​»។

Facebook Post | Archived Link

តាម​រយៈ​គេហទំព័រសារ​ព័ត៌មាន​​មួយផ្សេង​​ទៀត​ ក៏​បាន​ចុះ​ផ្សព្វ​ផ្សាយដូច​គ្នា​​​​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​​នេះ​​ ​​​អំពី​រូប​សំណាក​ទាំង​បី​ ដែល​តំណាង​​​ឱ្យ​​ខេត្ត​ព្រះ​សីហនុ​។​ ក្នុង​អត្ថ​បទ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ ​ទាក់​ទង​ទៅ​នឹង​ឈ្មោះ​ និង​ទំហំ​នៃ​រូប​សំ​ណាក​ទាំង​បី​នេះ​ដែល​ក្នុង​នេះ​ក៏​មាន​រូប​សំ​ណាក​ព្រះ​សិវៈ​​។

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ Kampuchea Thmey News Report ដែល​បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ជា​ភាសា​ខ្មែរ​​ថា «កូន​ខ្មែរ​​គួរ​​ដឹង​ រូប​​សំណាក​កម្ពស់​​ ២១ ម៉ែត្រ​ តំណាង​​ខេត្ត​​ព្រះ​សីហនុ​ កំពុង​ត្រៀម​​ដំឡើង​​​ជិត​​រួច​រាល់​​ហើយ​»។

Kampuchea Thmey News Report | Archived Link

ដើម្បី​​ពិនិត្យ​ និង​ផ្ទៀង​​ផ្ទាត់​​ឱ្យ​​កាន់​​តែ​​ច្បាស់​លាស់​​ថែម​​ទៀត​ Fact Crescendo Cambodia ក៏​បានរក​ឃើញ​នូវ​រូបថត​​បដិ​មា ​ដែល​ជា​គំរូដើម​​​នៃ​រូប​សំណាក​ដែល​ទើបនឹង​​សាង​សង់​នេះ​​ តាម​រយៈ​ការ​ស្វែង​រក​រូប​ថត​ដែល​ទាក់​ទង​ទៅ​នឹង​ព្រះ​សិវៈ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពីទំព័រ​ហ្វេស​ប៊ុក​ មរតកកម្ពុជា​ ដែល​បាន​រៀប​រាប់​ថា​«ព្រះ​សិវៈ​ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ ធំ​ៗ​ទាំង​បី​ក្នុង​ព្រហ្មណ៍សាសនា​។ ព្រះសិវៈ​ មាន​ន័យ​ថា​ក្សេមក្សាន្ដ​ ករុណា​។ ព្រះសិវៈ​កើត​ឡើង​អំពី​តំណក់​លោហិត​ ដែល​ស្រក់​ចុះ​ចាក​ចិញ្ចើម​ព្រះ​ព្រហ្ម​។ ព្រះសិវៈ​ ជា​អាទិ​ទេព​សាង​លោក​ផង​ និង​បំផ្លាញ​លោក​ផង​»​។​​

Facebook Post | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាព​រូប​សំ​ណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ដែល​ស្ថិត​នៅ​​ក្នុង​​ខេត្ត​ព្រះ​សីហនុ​ ប្រទេស​កម្ពុជា​​នោះ​ទេ​​។ ការ​​ពិត​​រូប​ថត​​មួយ​​សន្លឹក​​នេះ​​ គឺ​​​​ជា​រូប​សំណាក​ព្រះ​សិវៈ​ និង​ព្រះ​នាង​ឧ​មា​ភគវតី​ ដែល​មាន​ទីតាំង​ស្ថិត​ចំណុច​ប្រសព្វ​គ្នា​រវាង​មហា​វិថី​រាម​ និង​មហា​វិថី​ឆ្នេរ​រាម ខេត្ត​ព្រះ​សីហនុ​។​​

Avatar

Title:តើ​ចម្លាក់​នេះ​​ជា​រូប​សំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​​មែន​ទេ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *