
រូបថតសខ្មៅមួយសន្លឹកដែលបង្ហាញស្ត្រីមួយក្រុមបណ្ដែតប្រទីបនោះ ត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជារូបថតអតីតកាលកម្ពុជាអំឡុងទសវត្សរ៍១៩៦០។ ការអះអាងនេះ ត្រូវបានចែករំលែកផុសផុលលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតសខ្មៅមួយសន្លឹកដែលបង្ហាញនារីមួយក្រុមបណ្តែតប្រទីបនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះជាមួយការអះអាងថា រូបថតនោះគឺជាទិដ្ឋភាពស្ត្រីខ្មែរបណ្ដែតប្រទីបនៅទសវត្សរ៍១៩៦០។
រូបថតភ្ជាប់ជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិចម្រុះបែប ដោយបង្ហាញឱ្យឃើញថា ពួកគេជឿទៅតាមអ្វីដែលគេបង្ហោះនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដែលសរសេររៀបរាប់ថា “បណ្ដែតប្រទីបក្នុងឆ្នាំ១៩៦០ ស្ត្រីខ្មែរសមសួនណាស់”។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលនាំឱ្យមានការចែកចាយបន្តគ្នាកាន់តែច្រើន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដូចគ្នានេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ដូចគ្នា។
ដោយសារតែការអះអាងនេះផុសផុលនៅលើបណ្ដាញសង្គម គេអាចស្វែងរកការអះអាងនេះនៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់មាននៅទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived), Link 6 (archived), Link 7 (archived), Link 8 (archived), Link 9 (archived) និង Link 10 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតមួយសន្លឹកនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយទំព័រហ្វេសប៊ុកឈ្មោះ “Thai Culture to the World” កាលពីខែកញ្ញាឆ្នាំមុន។
បើតាមសំណេរដោយទំព័រហ្វេសប៊ុកដដែលនេះ រូបថតសខ្មៅមួយសន្លឹកនេះ បង្ហាញការប្រារព្ធពិធីបុណ្យបណ្ដែតប្រទីបនៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ១៩៦៥ ហើយរូបថតនេះ ត្រូវបានចុះផ្សាយដោយទស្សនាវដ្ដី Bangkok World នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៦៥។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក “Thai Culture to the World” ដែលសរសេររៀបរាប់ជាភាសាអង់គ្លេសថា “Past Photography of Loy Krathong Festival from BANGKOK WORLD Magazine on November 7, 1965. Credit: Thailand Historical Archives”។
ដោយផ្អែកតាមសំណេររបស់ទំព័រហ្វេសប៊ុកខាងលើនេះ រូបថតដូចគ្នានេះក៏ត្រូវបានរកឃើញនៅលើបណ្ដាញសង្គម Pinterest ដែលបង្ហោះដោយគណនីបណ្ដាញសង្គម Thailand Historical Archives ជាមួយសំណេររៀបរាប់ថា វាជាការប្រារព្ធពិធីបុណ្យបណ្ដែតប្រទីបនៅប្រទេសថៃនៅឆ្នាំ១៩៦៥។
Pinterest Post | Archived Link
តាមរយៈរូបថតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកខាងលើនេះ វាបង្ហាញថា រូបថតដែលបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ត្រូវបានកាត់មួយផ្នែកខាងលើចេញ ដើម្បីឱ្យបាត់ប្រភពដើមនៃរូបថតនេះ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតសខ្មៅមួយសន្លឹកនេះ មិនមែនជាការប្រារព្ធពិធីបុណ្យបណ្ដែបប្រទីបរបស់នារីកម្ពុជានាទសវត្សរ៍៍១៩៦០ដូចដែលគេអះអាងនោះឡើយ។ រូបថតមួយសន្លឹកនេះ បង្ហាញការប្រារព្ធពិធីបុណ្យបណ្ដែតប្រទីប(ភាសាថៃ៖ ឡយក្រៈថូង)នៅប្រទេសថៃនៅក្នុងឆ្នាំ១៩៦៥។

Title:រូបថតចាស់របស់ថៃ ត្រូវបានគេអះអាងថា ជារូបថតបុណ្យបណ្ដែតប្រទីបនៅកម្ពុជា
Fact Check By: Jay UdomResult: False
