
ការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន បានលើកឡើងថា ចំណែករូបចម្លាក់សម័យអង្គរជាច្រើនដុំ ត្រូវបានគេរកឃើញ បន្ទាប់ទឹកស្រះមួយកន្លែងបានរីងស្ងួត ហើយក៏មានការអំពាវនាវឱ្យទៅប្រមូលវត្ថុសិល្បៈទាំងនោះយកទៅរក្សាទុកនៅសារមន្ទីរផងដែរ។ ការអះអាងនេះ ទទួលបានការចែករំលែក និងបញ្ចេញមតិយោបល់យ៉ាងសុះសាយលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ល្បីសុះសាយលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងមកនេះ បានលើកឡើងថា បំណែករូបចម្លាក់សម័យអង្គរជាច្រើនដុំ ត្រូវបានគេរកឃើញ បន្ទាប់ពីទឹកស្រះមួយកន្លែងបានរីងស្ងួតអស់ ហើយក៏បានអំពាវនាវឱ្យប្រមូលបំណែករូបចម្លែកនេះយកទៅថែរក្សាទុកនៅសារមន្ទីរផងដែរ។
ការអះអាងនេះ ទទួលបានការចែករំលែកយ៉ាងច្រើន និងការបញ្ចេញមតិយោបល់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ក្ដៅៗ សូមយកចូលសារមន្ទីរផង 06/05/2023 អាកាសធាតុក្ដៅហួតហែង ធ្វើឱ្យរីងទឹកស្រះអស់ ក៏ឃើញសុទ្ធព្រះបុរាណទាំងពីរសាសនាក្នុងសម័យអង្គរ។ ទីកន្លែងមិនស្ថិតនៅក្បែរបុរាណដ្ឋានទេ»។

ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ ហើយក៏ទទួលបានការចែករំលែកបន្ត និងការបញ្ចេញមិតយោបល់យ៉ាងច្រើនផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយឈ្មោះ ខ្មែរ កណ្ដាល ដែលរក្សាទុកសំណេរដើមទាំងស្រុង។

ការអះអាងនេះ ដំបូងឡើយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកឈ្មោះ ASEAN Society & Culture កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន ប៉ុន្តែ ត្រូវបានកែប្រែឡើងវិញកាលពីថ្ងៃម្សិលមិញនេះ។

ប៉ុន្តែ យើងក៏បានឃើញនូវការបង្ហោះការអះអាងនេះដែលចម្លងតាមការការបង្ហោះរបស់ទំព័រហ្វេសប៊ុកទំព័រហ្វេសប៊ុក ASEAN Society & Culture ហើយទទួលបានការចែករំលែកបន្តជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដែលចម្លងតាមការអះអាងរបស់ទំព័រហ្វេសប៊ុកនេះ ដែលរៀបរាប់ថា «KHMER | Wow Amazing Cambodia អាកាសធាតុក្ដៅហួតហែងធ្វើឱ្យរីងទឹកស្រះអស់ ឃើញកន្លែងប្រជុំដោយព្រះទាំងពីរសាសនាជាច្រើនក្នុងសម័យអង្គរទីកន្លែងមិនស្ថិតនៅក្បែរបុរាណដ្ឋានទេ»។

ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់មានទីនេះ ១ (archived), ២ (archived), ៣ (archived),និង ៤ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search និងការសម្ភាសជាមួយប្រភពនៃរូបថតនេះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតទាំងពីរសន្លឹកនេះដែលត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Panharit Ky កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយសំណេររបស់អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះ បានឱ្យដឹងថា ចំណែករូបចម្លាក់ទាំងនោះ មិនមែនជារូបចម្លាក់សម័យអង្គរនោះឡើយ។
សំណេរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានឱ្យដឹងទៀតថា រូបចម្លាក់ទាំងនេះ ត្រូវបានបង្កើតឡើងថ្មីដោយចម្លងតាមរចនាបថសម័យអង្គរ ហើយត្រូវបានជាងចម្លាក់យកទៅត្រាំនៅក្នុងទឹកដើម្បីឱ្យរូបចម្លាក់ទាំងនេះមានពណ៌សម្បុរបែបចាស់បុរាណ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Panharit Ky កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «រូបចម្លាក់ចម្លងថ្មីពីស្នាដៃចាស់ អាកាសធាតុក្ដៅហួតហែងធ្វើឱ្យរីងទឹកស្រះអស់ ឃើញកន្លែងប្រជុំដោយព្រះទាំងពីរសាសនាជាច្រើនក្នុងសម័យអង្គរ ទីកន្លែងមិនស្ថិតនៅក្បែរបុរាណដ្ឋានទេ។ #រូបចម្លាក់ចម្លងថ្មី New copy Not ព្រះផុស»។

Fact Crescendo Cambodia បានសម្ភាសជាមួយអ្នកប្រើប្រាស់ហ្វេសប៊ុក លោក គី បញ្ញារិទ្ធ នៅថ្ងៃទីព្រហស្បតិ៍នេះ ហើយលោកបញ្ជាក់ថា លោកថតរូបថតរូបចម្លាក់ថ្មីៗនេះដោយផ្ទាល់អំឡុងពេលលោកចុះបំពេញការងារក្នុងនាមជាមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ។
លោក បញ្ញារិទ្ធ បានបញ្ជាក់ទៀតថា រូបចម្លាក់នេះត្រូវបានឆ្លាក់ដោយសិប្បកម្មចម្លាក់មួយនៅក្នុងស្រុកស្វាយចេក ហើយរូបចម្លាក់នេះ ត្រូវបានក្រុមជាងចម្លាក់ប្រើប្រាស់បច្ចេកទេសផ្សេងៗ ដើម្បីធ្វើឱ្យរូបចម្លាក់ទាំងនេះមើលទៅដូចរូបចម្លាក់សម័យបុរាណ ប៉ុន្តែ ជាក់ស្ដែង គ្រាន់តែជារូបចម្លាក់ឆ្លាក់ឡើងថ្មីៗយកលំនាំតាមរចនាបថសម័យអង្គរតែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាប្រសាសន៍លោក គី បញ្ញារិទ្ធ ដែលបាននិយាយមកកាន់ក្រុមការងារ Fact Crescendo Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ បំណែករូបចម្លាក់ទាំងនេះ មិនមែនជាវត្ថុសិល្បៈនាសម័យអង្គរនោះឡើយ។ បំណែករូបចម្លាក់ទាំងនេះ ត្រូវបានបង្កើតឡើងថ្មីៗដោយចម្លងតាមរចនាបថសម័យអង្គរតែប៉ុណ្ណោះ។

Title:រូបចម្លាក់ថ្មីៗចម្លងតាមរចនាបថបុរាណបង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្រឡំ
Fact Check By: Jay UdomResult: Misleading
