
រឿងទុំទាវ គឺជាប្រលោមលោកមនោសញ្ចេតនាដ៏ល្បីល្បាញរបស់កម្ពុជា ដែលរៀបរាប់ពីស្នេហារវាងកម្លោះឈ្មោះ ទុំ និងក្រមុំឈ្មោះទាវ នាសម័យលង្វែក។ ទន្ទឹមគ្នានេះ រូបថត ២សន្លឹក ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម ជាមួយការអះអាងថា រូបថតទាំងពីរសន្លឹកនោះជារូបថតរបស់តួអង្គឯកនៅក្នុងរឿងមួយនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើននៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា ការអះអាងទៅលើរូបថតទាំង ២សន្លឹកនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថត ២សន្លឹក ដែលបង្ហាញព្រះសង្ឃ ២អង្គ និងស្ត្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់សម័យបុរាណនោះ ត្រូវបានគេអះអាងថា ជានេន ទុំ នេន ពេជ្រ និងនាង ទាវ ដែលត្រូវបានពិពណ៌នានៅក្នុងរឿង «ទុំទាវ» ប្រលោមលោកមនោសញ្ចេតនាដ៏ល្បីល្បាញមួយរបស់កម្ពុជា។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលមានការបញ្ចេញមតិជាច្រើន និងការចុចបញ្ចេញប្រតិកម្មដ៏ច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកមួយឈ្មោះថា T-Media កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ដែលរៀបរាប់ថា «សម្រស់របស់ទុំ និងទាវផ្អើលមួយនគរជំនាន់នោះ»។

រូបថតទាំងពីរសន្លឹកដែលមានសំណេរនៅលើរូបថតផងនោះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកការពិតដូចខាងក្រោមនេះ។
រូបថតទាំងពីរសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយនៅលើវេបសាយនៃទស្សនាវដ្ដីប្រជាប្រិយកាលពីខែមេសា ឆ្នាំ២០២១កន្លងមក ដែលបានឱ្យដឹងថា រូបថតទាំងពីរសន្លឹកនេះ គឺជាផ្នែកមួយនៃទិដ្ឋភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាខេត្តសៀមរាបកាលពី ១០០ឆ្នាំមុន។
រូបថតទាំងពីរសន្លឹកដែលចុះផ្សាយដោយទស្សនាវដ្ដីក្នុងស្រុកមួយនេះ ពុំមានសំណេរអក្សរពីលើថា «នេនទុំ» «នេនពេជ្រ» និង«ទាវ»នោះឡើយ។ ខាងក្រោមនេះ គឺជារូបថតដែលផ្ដាមចេញពីការចុះផ្សាយរបស់ទស្សនាវដ្ដីប្រជាប្រិយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងមក។


Popular Magazine | Archived Link
ទោះជាយ៉ាងណា ទស្សនាវដ្ដីមួយនេះ ពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីរូបថតទាំងពីរសន្លឹកនេះឡើយ ដោយគ្រាន់តែបានបញ្ជាក់ថា រូបថតទាំងពីរនេះ ត្រូវបានយកពីទំព័រហ្វេសប៊ុកមួយឈ្មោះ Phin Chantha-ភិន ចន្ថា។
នៅក្នុងទំព័រហ្វេសប៊ុក Phin Chantha-ភិន ចន្ថា យើងបានរូបថតដូចគ្នានេះស្ថិតក្នុងចំណោមរូបថតជាច្រើនទៀត ដែលត្រូវបានរៀបរាប់ថា ជាទិដ្ឋភាពខេត្តសៀមរាបកាលពី ១០០ឆ្នាំមុន។

ចំណែករូបថតមួយសន្លឹកទៀតដែលបង្ហាញព្រះសង្ឃ ២អង្គនៅមុខប្រាសាទអង្គរវត្ត ត្រូវបានរកឃើញបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Phin Chantha កាលពីខែកុម្ភៈកន្លងមកនេះ។

ឆ្លើយតបនឹងការ Fact Crescendo Cambodia តាមប្រព័ន្ធឆ្លើយឆ្លងសារ WhatsApp លោក ភិន ចន្ថា បានប្រាប់ថា រូបថតច្បាប់ដើម មានសភាពសខ្មៅ ប៉ុន្តែ ត្រូវបានលោកផ្ដល់ពណ៌ទៅលើរូបថតទាំងពីរសន្លឹកនេះ និងរូបថតជាច្រើនទៀត។ លោកប្រាប់ថា លោកបានទាញយករូបថតសខ្មៅទាំងពីរនេះពីវេបសាយជាភាសាបារាំង ប៉ុន្តែ លោកមិនចាំឈ្មោះវេបសាយនោះឡើយ។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុក Phin Chantha-ភិន ចន្ថា ក៏បានបង្ហោះការបកស្រាយមួយដែលច្រានចោលការអះអាងខាងលើ ដោយថា រូបថតទាំងពីរសន្លឹកនេះ គឺជាប្រជាពលរដ្ឋខ្មែរនៅខេត្តសៀមរាបអំឡុងឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២៦។

យើងក៏បានរកឃើញរូបថតទាំងពីរសន្លឹកដែលមានពណ៌សខ្មៅនោះនៅលើវេបសាយ siemreap.net ជាមួយនឹងការរៀបរាប់ជាភាសាអង់គ្លេសផងដែរ។ វេបសាយមួយនេះ បានឱ្យដឹងថា រូបថតរូបស្ត្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់សម័យកាលបុរាណនោះ គឺជានាដការី ឬអ្នករាំរបាំអប្សរាដែលស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញ និងថតរូបនៅមុខប្រាសាទអង្គរវត្តនៅចន្លោះឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២៦។
រូបថតស្ត្រីខ្មែរនាសម័យបុរាណមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញផងដែរនៅក្នុងវេបសាយនៃបណ្ណាសារដ្ឋានមួយរបស់បារាំងឈ្មោះថា Archives Nationales D’outre-mer។ វេបសាយបណ្ណាសារដ្ឋានមួយនេះ បានឱ្យដឹងថា រូបថតមួយសន្លឹកនេះ គឺជានាដការី ឬអ្នករាំរបាំកម្ពុជាដែលស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញ។ រូបថតនេះ ត្រូវបានថតឡើងនៅចន្លោះឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២៦ ដោយទីភ្នាក់ងារសេដ្ឋកិច្ចបារាំងនៅឯនាយសមុទ្រ នៃអគ្គទេសាភិបាលបារាំងនៅឥណ្ឌូចិន។

Archives Nationales D’outre-mer | Archived Link
ការសិក្សាមួយរបស់អ្នកនិពន្ធសញ្ជាតិអាមេរិក លោក George Chigas ដែលបានបកប្រែរឿង«ទុំទាវ»ទៅជាភាសាអង់គ្លេសនោះ បានឱ្យដឹងថា រឿង«ទុំទាវ» គឺជាប្រលោមលោកមនោសញ្ជាតនាស្នេហារវាងភិក្ខុសង្ឃមួយអង្គឈ្មោះ ទុំ និងនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ទាវ។ រឿងមួយនេះ ត្រូវបានគេជឿថា មានឫសគល់កើតឡើងនៅក្នុងចុងសម័យលង្វែក ឬចុងសតវត្សរ៍ទី១៦ ឬប្រហែលដើមសតវត្សរ៍ទី៧។
សូមអានសៀវភៅ «Tum Teav: A Translation and Analysis of a Cambodian Literary Classic» របស់លោក George Chigas ដែលបានបកប្រែ និងសិក្សាលម្អិតអំពីអក្សរសិល្បិ៍រឿង«ទុំទាវ» ដែលត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ២០០៥ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
ដូច្នេះ រូបថតទាំងពីរសន្លឹកខាងលើ បានបង្ហាញទិដ្ឋភាព និងជីវភាពប្រជាពលរដ្ឋកម្ពុជានៅដើមសតវត្សរ៍ទី២០ ប៉ុន្តែ មិនមែនជានេន ទុំ នេន ពេជ្រ និងនាង នាង នៅក្នុងរឿងទុំទាវនាសម័យលង្វែកនោះឡើយ។
កន្លងមក មានរូបថតមួយចំនួនទៀតដែលបង្ហាញស្ត្រី និងបុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់សម័យមុន ត្រូវបានគេអះអាងថាជា ទុំ និង ទាវ ផងដែរ ប៉ុន្តែ ស្ថាប័នត្រួតពិនិត្យការពិត Fact Crescendo Cambodia បានរកឃើញថា ការអះអាងទៅលើរូបថតទាំងនោះ មិនត្រឹមត្រូវនោះឡើយ។ សម្រាប់ព័ត៌មានលម្អិត សូមអានអត្ថបទ«តើស្ត្រីក្នុងរូបថតនេះជានរណា?»។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងទៅលើរូបថតទាំងពីរសន្លឹកដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងពីរសន្លឹកនេះ មិនមែនជានេន ទុំ នេន ពេជ្រ និងនាង ទាវ នៅក្នុងរឿងទុំទាវនោះឡើយ។ រូបថតទាំងពីរសន្លឹកនេះ គឺជាព្រះសង្ឃ ២អង្គ និងអ្នករបាំខ្មែរ នៅខេត្តសៀមរាប កាលពី ១០០ឆ្នាំមុន។

Title:រូបថតចាស់២សន្លឹកត្រូវបានគេអះអាងដោយមិនត្រឹមត្រូវថា «នេនទុំ» និង«នាងទាវ»
Fact Check By: Jay UdomResult: False
