រូបថត​ចាស់​២​សន្លឹក​ត្រូវ​បាន​គេ​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​ថា «​នេនទុំ» និង​«នាងទាវ»

False Social

រឿង​​ទុំទាវ គឺ​ជាប្រលោម​លោក​មនោសញ្ចេតនា​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា ដែល​រៀបរាប់​ពី​ស្នេហា​រវាង​កម្លោះ​ឈ្មោះ ទុំ និង​ក្រមុំ​ឈ្មោះ​ទាវ នា​សម័យ​លង្វែក។ ទន្ទឹម​គ្នា​នេះ រូបថត​ ២​សន្លឹក​ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​​អះ​អាង​ថា រូបថត​ទាំង​ពីរ​សន្លឹក​នោះ​​ជា​រូបថត​របស់​តួ​អង្គ​ឯក​នៅ​ក្នុង​រឿង​មួយ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំង ២​សន្លឹក​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត ២​សន្លឹក ដែល​បង្ហាញ​ព្រះ​សង្ឃ ២​អង្គ និង​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​សម័យ​បុរាណ​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​នេន ទុំ នេន ​ពេជ្រ និង​នាង ទាវ ដែល​ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង​រឿង​ «ទុំ​ទាវ» ប្រលោម​លោក​​​មនោសញ្ចេតនា​​​ដ៏​ល្បី​ល្បាញ​មួយ​របស់​កម្ពុជា។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ការ​ចុច​បញ្ចេញ​ប្រតិកម្ម​ដ៏​ច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​​ពី​ទំព័រ​​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា T-Media កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «សម្រស់​របស់​ទុំ និង​ទាវ​ផ្អើល​មួយ​នគរ​ជំនាន់​នោះ»។

Facebook Post | Archived Link

រូបថតទាំង​ពីរ​សន្លឹក​ដែល​មាន​សំណេរ​នៅ​លើ​រូបថត​ផង​នោះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​នៃ​ទស្សនាវដ្ដី​ប្រជាប្រិយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២១​កន្លង​មក ដែល​បាន​ឱ្យ​ដឹង​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ទិដ្ឋភាព​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ខេត្ត​សៀមរាប​​កាល​ពី ១០០​ឆ្នាំ​មុន។

រូបថត​ទាំង​ពីរ​សន្លឹក​ដែល​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ក្នុង​ស្រុក​មួយ​នេះ ពុំ​មាន​សំណេរ​អក្សរ​ពី​លើ​ថា «នេន​ទុំ» «នេន​ពេជ្រ» និង​«ទាវ»​នោះ​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​ផ្ដាម​ចេញ​ពី​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​ប្រជាប្រិយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១​កន្លង​មក។

Popular Magazine | Archived Link

ទោះជាយ៉ាងណា ទស្សនាវដ្ដី​មួយ​នេះ ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​រូបថត​ទាំង​ពីរ​សន្លឹក​នេះ​ឡើយ ដោយ​គ្រាន់​តែ​បាន​បញ្ជាក់​ថា រូបថត​ទាំង​ពីរ​នេះ ត្រូវ​បាន​យក​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Phin Chantha-ភិន ចន្ថា។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក Phin Chantha-ភិន ចន្ថា យើង​បាន​រូបថត​ដូច​គ្នា​នេះ​ស្ថិត​ក្នុង​ចំណោម​រូបថត​ជាច្រើន​ទៀត ដែល​ត្រូវ​បាន​រៀបរាប់​ថា ជា​ទិដ្ឋភាព​ខេត្ត​សៀមរាប​កាល​ពី ១០០​ឆ្នាំ​មុន។

Facebook Post | Archived Link

ចំណែក​រូបថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​ព្រះ​សង្ឃ ២​អង្គ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​រក​ឃើញ​បង្ហោះ​ដោយ​គណនី​ហ្វេសប៊ុក​ឈ្មោះ Phin Chantha កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ។

Facebook Post | Archived Link

ឆ្លើយ​តប​នឹង​ការ Fact Crescendo Cambodia តាម​ប្រព័ន្ធ​ឆ្លើយ​ឆ្លង​សារ WhatsApp លោក ភិន ចន្ថា បាន​ប្រាប់ថា រូបថត​ច្បាប់​ដើម មាន​សភាព​ស​ខ្មៅ ប៉ុន្តែ ត្រូវ​បាន​លោក​ផ្ដល់​ពណ៌​ទៅ​លើ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ និង​រូបថត​ជាច្រើន​ទៀត។ លោក​ប្រាប់​ថា លោក​បាន​ទាញ​យក​រូបថត​ស​ខ្មៅ​ទាំង​ពីរ​នេះ​ពី​វេបសាយ​ជា​ភាសា​បារាំង ប៉ុន្តែ លោក​មិន​ចាំ​ឈ្មោះ​វេបសាយ​នោះ​ឡើយ។

នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ ទំព័រ​ហ្វេសប៊ុក Phin Chantha-ភិន ចន្ថា ក៏​បាន​បង្ហោះ​ការ​បក​ស្រាយ​មួយ​ដែល​ច្រាន​ចោល​ការ​អះ​អាង​ខាង​លើ ដោយ​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ គឺ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​សៀមរាប​អំឡុង​ឆ្នាំ​១៩១៩ ដល់​ឆ្នាំ​១៩២៦។ 

Facebook Post | Archived Link

យើង​ក៏​បាន​រក​ឃើញ​រូបថត​ទាំង​ពីរ​សន្លឹក​ដែល​មាន​ពណ៌​ស​ខ្មៅ​នោះ​នៅ​លើ​វេបសាយ siemreap.net ជាមួយ​នឹង​ការ​រៀបរាប់​​ជា​ភាសា​អង់គ្លេស​ផង​ដែរ។ វេបសាយ​មួយ​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​រូប​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​សម័យ​កាល​បុរាណ​នោះ គឺ​ជា​នាដការី ឬ​អ្នក​រាំ​របាំ​អប្សរា​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​សាមញ្ញ និង​ថត​រូប​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​នៅ​ចន្លោះ​ឆ្នាំ​១៩១៩ ដល់​ឆ្នាំ​១៩២៦។

រូបថត​ស្ត្រី​ខ្មែរ​នា​សម័យ​បុរាណ​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅ​ក្នុង​វេបសាយ​នៃ​បណ្ណាសារដ្ឋាន​មួយ​របស់​បារាំង​ឈ្មោះ​ថា Archives Nationales D’outre-mer។ វេបសាយ​បណ្ណាសារដ្ឋាន​មួយ​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​នាដការី ឬ​អ្នក​រាំ​របាំ​​កម្ពុជា​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​សាមញ្ញ។ រូបថត​នេះ ត្រូវ​បាន​ថត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩១៩ ដល់​ឆ្នាំ​១៩២៦ ដោយ​ទីភ្នាក់ងារ​សេដ្ឋកិច្ច​​បារាំង​នៅ​ឯ​នាយ​សមុទ្រ នៃ​អគ្គទេសាភិបាល​បារាំង​នៅ​ឥណ្ឌូចិន។

Archives Nationales D’outre-mer | Archived Link

ការ​សិក្សា​មួយ​របស់​អ្នក​និពន្ធ​សញ្ជាតិ​អាមេរិក លោក George Chigas ដែល​បាន​បក​ប្រែ​រឿង​«ទុំទាវ»​ទៅ​ជា​ភាសា​អង់គ្លេស​នោះ បាន​ឱ្យ​ដឹង​ថា រឿង​«ទុំទាវ» គឺ​ជា​ប្រលោម​លោក​មនោសញ្ជាតនា​ស្នេហា​រវាង​ភិក្ខុ​សង្ឃ​មួយ​អង្គ​ឈ្មោះ ទុំ និង​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ ទាវ។ រឿង​មួយ​នេះ ត្រូវ​បាន​គេ​ជឿ​ថា មាន​ឫស​គល់​កើត​ឡើង​នៅ​ក្នុង​ចុង​សម័យ​លង្វែក ឬ​​ចុង​សតវត្សរ៍​ទី​១៦ ឬ​ប្រហែល​​ដើម​សតវត្សរ៍​ទី​៧។

សូម​អាន​សៀវភៅ «Tum Teav: A Translation and Analysis of a Cambodian Literary Classic» របស់​លោក George Chigas ដែល​បាន​បក​ប្រែ និង​សិក្សា​លម្អិត​អំពី​អក្សរសិល្បិ៍​រឿង​«ទុំទាវ» ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០០៥ ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា។

ដូច្នេះ រូបថត​ទាំង​ពីរ​សន្លឹក​ខាង​លើ បាន​បង្ហាញ​ទិដ្ឋភាព និង​ជីវភាព​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ដើម​សតវត្សរ៍​ទី​២០ ប៉ុន្តែ មិន​មែន​ជា​នេន ទុំ នេន ពេជ្រ និង​នាង នាង នៅ​ក្នុង​រឿង​ទុំទាវ​នា​សម័យ​លង្វែក​នោះ​ឡើយ។

កន្លង​មក មាន​រូបថត​មួយ​ចំនួន​ទៀតដែល​បង្ហាញ​ស្ត្រី​ និង​បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​សម័យ​មុន ត្រូវ​បាន​គេ​អះ​អាង​ថា​ជា ទុំ និង ទាវ ផង​ដែរ ប៉ុន្តែ ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​អត្ថបទ​​«តើ​ស្ត្រី​ក្នុង​រូបថត​នេះ​ជា​នរណា?»។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំង​ពីរ​សន្លឹក​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​មែនជា​នេន ទុំ នេន ពេជ្រ និង​នាង ទាវ នៅ​ក្នុង​រឿង​ទុំ​ទាវ​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ គឺ​ជា​ព្រះ​សង្ឃ​ ២​អង្គ និង​អ្នក​របាំ​ខ្មែរ នៅ​ខេត្ត​សៀមរាប កាល​ពី ១០០​ឆ្នាំ​មុន។

Avatar

Title:រូបថត​ចាស់​២​សន្លឹក​ត្រូវ​បាន​គេ​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​ថា «​នេនទុំ» និង​«នាងទាវ»

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.