
សុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែជាប្រធានបទនៃការជជែក និងចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗ បន្ទាប់ពីលោកខកខានបង្ហាញវត្តមានជាសាធារណៈជាច្រើនសប្ដាហ៍ ដោយសារតែការរឹតបន្តឹងវិធានការសុខាភិបាលដើម្បីទប់ស្កាត់នឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ ថ្មីៗនេះ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា លោក ហ៊ុន សែន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅឯក្រៅប្រទេស។ វីដេអូជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តគ្នាផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងភ្ជាប់ជាមួយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៥ ខែកញ្ញា ទំព័រហ្វេសប៊ុកឈ្មោះ News Fast បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី។ ទំព័រហ្វេសប៊ុកមួយនេះ ថែមទាំងបានបង្ហោះវីដេអូមួយមានរយៈពេលជិត ១នាទីផងដែរ។
វីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនចែករំលែកបន្តគ្នា ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ចុច«ចូលចិត្ត»ផងដែរ។ ជាងនេះទៀត អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ ក៏បានបញ្ចេញមតិថា «R.I.P.» ជាអក្សរកាត់នៃពាក្យអង់គ្លេស «Rest in Peace» ឬមានន័យថា «សូមទៅកាន់សុខគតិភព» ដែលជាពាក្យសម្រាប់ចូលរួមរំលែកទុក្ខចំពោះការបាត់បង់នរណាម្នាក់។
ខាងក្រោមនេះ គឺជាវីដេអូចម្លងចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក News Fast ដែលសរសេររៀបរាប់ថា «ក្ដៅៗ !!! លោក ហ៊ុន សែន កំពុងតែឈឺធ្ងន់ ចូលបន្ទប់សង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីពេទ្យសិង្ហបូរីព្យាបាល»។

វីដេអូដដែលនេះ ក៏ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ News Assembly នៅវេលាតែមួយ និងថ្ងៃទី០៥ ខែសីហាកន្លងមកផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើវីដេអូ និងការអះអាងនេះតាមរយៈការពិនិត្យមើលវីដេអូដែលត្រូវបានអះអាងខាងលើ និងបច្ចុប្បន្នភាពនៃការបង្ហាញខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅពេលពិនិត្យមើលលើវីដេអូនេះ យើងបានរកឃើញថា វាជាប់មកជាមួយនូវឈ្មោះ oukrithysak ដែលជាគណនីអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok។
នៅលើបណ្ដាញសង្កម TikTok យើងក៏បានរកឃើញគណនីឈ្មោះ oukrithysak ផងដែរ ដែលបានបង្ហោះវីដេអូខាងលើ និងវីដេអូមួយទៀត។ ក្នុងគណនីបណ្ដាញសង្គម TikTok របស់ខ្លួន អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ បានបង្ហោះវីដេអូមួយមានរយៈពេល ៤៧វិនាទី កាលពីថ្ងៃទី០៥ ខែកញ្ញា ជាមួយសំណេរថា «ជូនពរលោកពុកឆាប់ជាសះស្បើយពីជំងឺ»។ ខាងក្រោមនេះ គឺជារូបភាពចម្លងពីគណនី TikTok ឈ្មោះ oukrithysak ឬអាចមើលវីដេអូទាំងស្រុងតាមតំណភ្ជាប់មាននៅខាងក្រោមនេះ។

តើបុរសអង្គុយលើរទេះរុញនោះជានរណា?
យើងបានស្វែងរកព័ត៌មានបន្ថែមតាមរយៈការបណ្ដាញសង្គមហ្វេសប៊ុកដោយស្វែងរកឈ្មោះ Ouk Rithysak ហើយយើងបានជួបគណនីហ្វេសប៊ុកឈ្មោះ Ouk Rithysak នេះផងដែរ។ ក្នុងប៉ុស្តិ៍មួយរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហាកន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Ouk Rithysak បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយសំណេរថា «ពុកម៉ែមកលេងល្មម»។

តាមរយៈប៉ុស្តិ៍មួយទៀតកាលពីថ្ងៃទី០១ ខែសីហាកន្លងមក យើងបានរកឃើញថា បុរសដែលជាឪពុករបស់អ្នកប្រើប្រាស់បណ្ដាញសង្គម Ouk Rithysak គឺលោក អ៊ុក ប៊ុនឈឿន ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៣។

លោក អ៊ុក ប៊ុនឈឿន សព្វថ្ងៃនេះ គឺជាសមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដឹកនាំប្រទេសកម្ពុជា។
លោក អ៊ុក រិទ្ធីស័ក្តិ ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប និងជាកូនប្រុសរបស់លោក អ៊ុក ប៊ុនឈឿន បានបញ្ជាក់ថា បុរសក្នុងវីដេអូនោះ គឺជាឪពុករបស់លោក ហើយលោកច្រានចោលនូវការអះអាងណាភ្ជាប់វីដេអូនោះទៅនឹងរឿងរ៉ាវសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក អ៊ុក រិទ្ធីស័ក្តិ ដែលអះអាងថាជាម្ចាស់គណនីបណ្ដាញសង្គម TikTok នោះ បានបញ្ជាក់បែបនេះនៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយ Fact Crescendo Cambodia នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានស្ថានភាពសុខភាពដូចម្ដេច?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញវត្តមានរបស់លោកជាសាធារណៈនៅព្រឹកថ្ងៃសុក្រនេះនៅក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៦ឆ្នាំ ទៅ ១២ឆ្នាំ ហើយលោកបានចំណាយពេលជាច្រើនម៉ោងថ្លែងសារជាសាធារណៈ និងឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន។
វីដេអូផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់លោក បង្ហាញលោក ហ៊ុន សែន ស្ថិតក្នុងស្ថានភាពសុខភាពធម្មតា ដែលអនុញ្ញាតឱ្យលោកអង្គុយថ្លែងសារជាច្រើនម៉ោង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងថា លោកនឹងទៅវាយកីឡាកូនហ្គោលផងដែរនៅថ្ងៃសៅរ៍ ដោយថា លោកខកខានលេងកីឡាមួយនេះអស់រយៈពេលយ៉ាងតិច ៣ខែមកហើយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា។
ស្ថានភាពសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអះអាងជារឿយៗនៅលើបណ្ដាញសង្គមនៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយស្ថាប័នត្រួតពិនិត្យការពិត Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់ទៅលើការអះអាងទាំងនោះផងដែរ។
កាលពីថ្ងៃទី០៥ ខែកញ្ញានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏បានចែករំលែករូបថតមួយសន្លឹករបស់លោក ហ៊ុន សែន ហើយមានការអះអាងថា លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ប៉ុន្តែ Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូនេះ មិនមែនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ បុរសនៅក្នុងវីដេអូនេះ គឺជាលោក អ៊ុក ប៊ុនឈឿន សមាជិកព្រឹទ្ធសភាមួយរូបរបស់កម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលសុខភាពនៅឯក្រៅប្រទេសនៅដើមខែកញ្ញានេះ។

Title:តើវីដេអូឃ្លីបនេះបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមែនទេ?
Fact Check By: Jay UdomResult: False
