
កាលពីសប្ដាហ៍មុន សំណង់ប្រាសាទនៅក្នុងប្រទេសថៃដែលចម្លងតាមស្ថាបត្យកម្មប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា បានក្លាយជាប្រធានបទនៃការជជែក និងការចែករំលែកនៅលើបណ្ដាញសង្គមយ៉ាងផុសផុល។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកក៏ត្រូវបានបង្ហោះ និងចែកចាយលើបណ្ដាញសង្គមផងដែរ ដែលរូបថតនោះបង្ហាញទិដ្ឋភាពប្រាសាទអង្គរវត្តនៅក្រោមពន្លឺផ្កាយពេលរាត្រី។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា រូបថតនោះត្រូវបានកាត់តពីរូបថតច្បាប់ដើម មុននឹងបង្ហោះលើបណ្ដាញសង្គម។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញទិដ្ឋភាពប្រាសាទអង្គរវត្តក្រោមពន្លឺស្បៃរាត្រីមានផ្កាយព្រោងព្រាត រួមជាមួយនឹងសំណេរថា «ជយោ! ព្រះរាជាណាចក្រកម្ពុជា»។
រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែកដល់ទៅរាប់សិបពាន់ដង រួមជាមួយការបញ្ចេញមតិចម្រុះបែបផងដែរ។
បើទោះបីទំព័រហ្វេសប៊ុកនេះ បានបញ្ជាក់ពីប្រភពរូបថតនេះ ដែលត្រូវបានផលិតឡើងដោយអ្នកថតរូបបរទេសម្នាក់ឈ្មោះ Sell Snick ប៉ុន្តែ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បែរជាយល់ច្រឡំចំពោះរូបថតមួយសន្លឹកនេះថា ជាទិដ្ឋភាពពិតប្រាកដនៃប្រាសាទអង្គរវត្តនាពេលរាត្រី។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតនៅលើ Google និងការពិនិត្យមើលម្ចាស់រូបថត ដែលត្រូវបានលើកឡើងដោយទំព័រហ្វេសប៊ុករួចហើយនោះ។
នៅពីក្រោមប៉ុស្តិ៍នៃរូបថតនេះ អ្នកថតរូប លោក Nick Sells បានចូលទៅឆ្លើយតបនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ដែលបានបញ្ចេញមតិទៅនឹងរូបថតមួយសន្លឹកនេះ។ លោក Nick Sells បានបង្ហាញថា រូបថតមួយសន្លឹកនេះ លោកបានបង្ហោះនៅលើគណនីបណ្ដាញសង្គម Instagram របស់លោកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
នៅលើតំណភ្ជាប់ទៅកាន់គណនី Instagram របស់គាត់ យើងបានរកឃើញរូបថតដូចគ្នាទាំងស្រុង ដែលបង្ហាញទិដ្ឋភាពប្រាសាទអង្គរវត្តនៅក្រោមពន្លឹផ្កាយនាពេលរាត្រី។
Instagram Post | Archived Link
តើលោក Nick Sells ពិតជាថតបានទិដ្ឋភាពប្រាសាទអង្គរវត្តក្រោមពន្លឺផ្កាយនាពេលរាត្រីមែនឬទេ? យើងបានរកឃើញរូបថតច្បាប់ដើមមួយរបស់លោក Nick Sells ដែលបង្ហាញរូបថតក្នុងទម្រង់ដូចគ្នាទាំងស្រុង ប៉ុន្តែ មិនមែនស្ថិតក្រោមពន្លឺផ្កាយនាពេលរាត្រីឡើយ។
រូបថតច្បាប់ដើម បង្ហាញទិដ្ឋភាពប្រាសាទអង្គរវត្តនៅពេលថ្ងៃ ហើយលោក Nick Sells បានបង្ហោះរូបថតមួយសន្លឹកនេះនៅលើគណនី Instagram របស់គាត់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០កន្លងមក។
សំណេរនៅលើរូបថតដែលបង្ហោះនៅលើគណនី Instagram របស់គាត់បង្ហាញថា លោក Nick Sells បានថតរូបខ្លួនឯងនៅក្នុងបរិវេណនៃប្រាសាទអង្គរកាលពីឆ្នាំមុន ចំពេលដែលគ្មានភ្ញៀវទេសចរចូលទៅទស្សនាប្រាសាទបុរាណនេះ ដោយសារតែវិបត្តិកូវីដ-១៩ផ្ទុះរីករាលដាលពាសពេញពិភពលោក។
Instagram Post | Archived Link
លោក Nick Sells ក៏បានបង្ហោះរូបថតច្បាប់ដើមនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំមុន ជាមួយការរៀបរាប់ថា លោកកម្រថតរូបស៊ែលហ្វីខ្លួនឯងណាស់ ប៉ុន្តែ លើកនេះលោកថតរូបខ្លួន។ រូបថតមួយសន្លឹកនេះ ដែលបង្ហាញទិដ្ឋភាពអង្គរវត្តក្រោមពន្លឺព្រះអាទិត្យដ៏ស្រទន់នោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែករំលែករហូតដល់ជាង ១ម៉ឺនដងឯណោះ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកដូចដែលបានរៀបរាប់ខាងលើ ត្រូវបានកាត់ត។ រូបថតនេះ ផលិតឡើងដោយអ្នកថតរូបលោក Nick Sells ដែលបង្ហោះនៅលើគណនី Instagram របស់លោក។ រូបថតច្បាប់ដើម ដែលថតដោយលោក Nick Sells បង្ហាញទិដ្ឋភាពពីលំហរអាកាសនៃប្រាសាទអង្គរវត្តជាមួយពន្លឺថ្ងៃដ៏ស្រទន់ នៅចំពេលដែលគ្មានទេសចរចូលទស្សនាដោយសារតែវិបត្តិកូវីដ-១៩ជាសកល។

Title:តើរូបថតនេះជាទិដ្ឋភាពប្រាសាទអង្គរវត្តក្រោមពន្លឺផ្កាយនាពេលរាត្រីមែនឬទេ?
Fact Check By: Jay UdomResult: Altered
