ថ្មីៗ​នេះ ​មាន​ព័ត៌មាន​ផ្សាយ​ថា ឆ្កែ​ជា​ច្រើន​ក្បាល​របស់​អ្នក​ភូមិ​ បាន​ងាប់​ជា​បន្ត​បន្ទាប់​គ្នា​នៅ​ខេត្ត​ព្រៃវែង។ បន្ទាប់​មក ក៏​មាន​វីដេអូ​មួយ​ដែល​បង្ហាញ​ខ្លា​ពីរ​ក្បាល​ព្យាយាម​ប្រហារ​ឆ្កែ​នៅ​ក្នុង​ទ្រុង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មូល​ហេតុ​នៃ​ការ​ងាប់​ឆ្កែ​ច្រើន​ក្បាល​នៅ​ព្រៃវែង គឺ​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​របស់​ខ្លា។ វីដេអូ​ឃ្លីប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ ១៩​វិនាទី ដែល​បង្ហាញ​សត្វ​ខ្លា​ពីរ​ក្បាល​ព្យាយា​ប្រហារ​ឆ្កែ​នៅក្នុង​ទ្រុង ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា សត្វ​ខ្លា​នេះ​បាន​សម្លាប់​ឆ្កែ​ជាច្រើន​ក្បាល​របស់​អ្នក​ភូមិ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​នា​ពេល​ថ្មីៗ​នេះ។

វីដេអូ​ដែល​ភ្ជាប់​មក​ជាមួយ​ព័ត៌មាន​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «មូល​ហេតុ​ឃើញ​ហើយ​ ឆ្កែ​បាន​ងាប់​ ជា​បន្ត​បន្ទាប់​ដោយ​សារ​អា​ ២ក្បាល​នេះ​សោះ​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ ការ​អះអាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ផង​ដែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​មាន​ចំនួន​អ្នក​ចែក​ចាយ​ជា​ច្រើន​ដង​។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​​ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះ​អាង​ថា​ ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​សត្វ​ឆ្កែ​ងាប់​បន្ត​បន្ទាប់​ផង​ដែរ។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

ទិដ្ឋភាព​វីដេអូ​ឃ្លីប​សត្វ​ខ្លា​រខិន​ចំនួន​ ២ក្បាល​ ដែល​បាន​លប​ និង​ព្យាយាម​វាយ​ប្រហារ​សត្វ​ឆ្កែ​នៅ​ក្នុង​ទ្រុង​ នៅ​ក្នុង​ភូមិ​មួយ​កន្លែង​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ Instagram កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ដោយ​ពុំ​បាន​អះអាង​ថា​ ទិដ្ឋភាព​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​

អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​ ពុំ​បាន​បញ្ជាក់​ទីតាំង​ច្បាស់​លាស់​នោះ​ទេ​ ដោយ​បាន​សរសេរ​ត្រឹម​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​សត្វ​ខ្លា​រខិន​ បាន​ព្យាយាម​វាយ​ប្រហារ​សត្វ​ឆ្កែ​នៅ​ក្នុង​ទ្រុង​មួយ​ក្បាល​។​

ខាង​ក្រោម​ គឺ​ជាវីដេអូ​ឃ្លីប​ បង្ហាញ​ទិដ្ឋភាព​ដូច​គ្នា​ទាំង​ស្រុង​ ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​បង្ហោះ​មុន​ នឹង​មាន​ករណី​បាន​កើត​ឡើង​នៅ​កម្ពុជា​មក​ម្ល៉េះ​។​

ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia ក៏​បានរក​ឃើញ​ថា ​អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ តែង​តែ​បង្ហោះ​រូប​ថត​ និង​វីដេអូ​ឃ្លីប​នា​នា​ ដែល​បង្ហាញ​ទិដ្ឋភាព​នៃ​សត្វ​ព្រៃ​ប្រកួត​ និង​វាយ​ប្រហារ​គ្នា​ជា​ច្រើន​ផង​ដែរ​​នៅ​លើ​ទំព័រ​របស់​ខ្លួន​។​

Instagram Post | Archived Link

វីដេអូ​ដូច​គ្នា​ បែប​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាននា​នា​​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ (Mexico) ផង​ដែរ​ ដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​ស្រដៀង​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៌​ថ្មី​ៗ​នៅ​​កម្ពុជា​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ El Heraldo de México កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ដែល​សរសេរ​ជា​ភាសា​​ម៉ិកស៊ិក​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «សត្វ​ខ្លា​រខិន​មួយ​គូ​ បាន​បង្កឱ្យ​មាន​ភាព​ភ័យ​ស្លន់​ស្លោ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទី​ក្រុង Cancun។​ សត្វ​ខ្លា​ទាំង​នេះ​ បាន​នឹង​កំពុង​សម្លាប់​សត្វ​ឆ្កែ​ និង​ស៊ី​ជា​អាហារ​​​»។

El Heraldo de México News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​អះអាង​មួយ​ផ្សេង​ទៀត​ ដែល​លើក​ឡើង​ថា​ ទិដ្ឋភាព​នៃ​សត្វ​ខ្លារខិន​មួយ​គូ​ បាន​ដើរ​ចូល​ក្នុង​ភូមិ​របស់​អ្នក​ស្រុក​នោះ​ គឺ​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ Cancun ប្រទេស​​ម៉ិកស៊ិក​។​

X (formerly known as Twitter) | Archived Link

ដោយ​ឡែក​ ក្រុម​ការ​ងាររបស់​​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​​ថា​ វីដេអូ​ដូច​គ្នា​ ដែល​ត្រូវ​បាន​អះអាង​ថា​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ Cancun ប្រទេស​​ម៉ិកស៊ិក​នោះ​ ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ និង​មិន​ត្រឹម​ត្រូវ​ផង​ដែរ ដោយ​គេហទំព័រ​សារព័ត៌មាន​របស់​ម៉ិកស៊ិក​ UnoTV។​

គេហទំព័រ​ដដែល​ខាង​លើ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ បាន​ធ្វើការ​ផ្ទៀង​ផ្ទាត់​ ដោយ​បញ្ជាក់​នៅ​ក្នុង​អត្ថ​បទ​របស់​ខ្លួន​ ជា​ភាសា​​ម៉ិកស៊ិក​ ថា​វីដេអូ​បង្ហាញ​ទិដ្ឋភាព​សត្វ​ខ្លារខិន​ បាន​ដើរ​ និង​មាន​បំណង​ចង់​ស៊ី​សត្វ​ឆ្កែ​ជា​អាហារ​នោះ​ មិន​មែន​កើត​ឡើង​នៅ​ក្នុង​ភូមិសាស្ត្រ​​ទីក្រុង​ Cancun ប្រទេស​​ម៉ិកស៊ិក​នោះ​ទេ​។​

UnoTV Link | Archived Link

ការ​ចែក​ចាយ​វីដេអូ​ឃ្លីប​ និង​ការ​អះអាង​ខាង​លើ​ ត្រូវ​បាន​កើត​ឡើង​ ក្រោយ​ពី​មាន​ករណី​នៃ​ការ​ងាប់​សត្វ​ឆ្កែ​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយ​រៀង​ និង​ស្រុក​កំចាយមារ​ ខេត្ត​ព្រៃ​វែង​នា​ពេល​ថ្មី​ៗ​នេះ​។​

ខាង​ក្រោម​ គឺ​ជា​អត្ថបទ​ផ្ដាម​ចេញ​ពី​គេហទំព័រ​ព័ត៌មាន​ CNC ដែល​បាន​ចុះ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ម្សិល​មិញ​នេះ​។​

តាម​រយៈ​របាយ​ការ​ណ៌​បឋម​របស់​សមត្ថកិច្ច​នគរបាល​មូល​ដ្ឋាន​ ហេតុ​ការណ៌​សត្វ​ឆ្កែ​របស់​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​សត្វ​មិន​ស្គាល់​ខាំ​ងាប់​ ក្នុង​សភាព​មាន​ស្នាម​របួស​នៅ​បំពង់​ក​ និង​ពោះ​​ គឺ​បាន​កំពុង​តែ​ស្រាវ​ជ្រាវ​បន្ថែម​ ដោយ​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ ថា​ជា​ប្រភេទ​សត្វ​ខ្លា​ ដែល​រស់​នៅ​ក្នុង​ព្រៃ​ក្រញូង​ និង​ព្រៃ​កាស្យា​ ក្នុង​ស្រុក​រមាស​ហែក​ ក្បែរ​ព្រំ​ប្រទល់​ស្រុក​កំចាយ​មារ​។​

CNC News Report | Archived Link

វីដេអូ​ឃ្លីប​ដែល​បាន​ចែក​ចាយ​យ៉ាងផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ខាង​លើ​​ ក៏​ត្រូវ​បាន​កំពុង​ត្រួត​ពិនិត្យ​ និង​ស្វែង​រក​ប្រភព​ដោយ​ក្រសួង​បរិស្ថាន​ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​រាយ​ការណ៌​ព័ត៌មាន​ពី​សា្ថនីយ​ទូរទស្សន៍​អប្សរា​ ស្តី​អំពី​ការ​ស្រាវ​ជ្រាវ​ការ​ពិត​របស់​ក្រសួង​បរិស្ថាន​របស់​កម្ពុជា​ ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​នៃ​ការ​ងាប់​សត្វ​ឆ្កែ​ជា​ច្រើន​ក្បាល​នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ព្រៃ​វែង​ និង​ខេត្ត​ស្វាយ​រៀង​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​វីដេអូ​ឃ្លីប​នេះ​ គឺ​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ Instagram តាំង​ពី​ដើម​ខែ​មេសា​ ដោយ​ពុំ​បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ហេតុការណ៍​ថ្មី​ៗ​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ​។​

Avatar

Title: វីដេអូ​ឃ្លីប​ខ្លា​រខិន​២​ក្បាល​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ព្រឹត្តិការណ៌​ថ្មី​ៗ​នៅ​​កម្ពុជា​

Fact Check By: Kakada Sim

Result: Misleading