
កាលពីចុងឆ្នាំ២០១៩កន្លងមក រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យដឹងពីផែនការផ្ដល់ដីទំហំ ៤០ហិកតាស្ថិតនៅក្នុងស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំងសម្រាប់ការផ្លាស់ទីប្រជាជន ៤ ៥៦៣គ្រួសារពីការរស់នៅលើទឹក មករស់នៅលើគោក។ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតកាលពីចុងឆ្នាំនោះថា ក្នុងចំណោមពលរដ្ឋជាង ៤ ៥០០គ្រួសារនោះ ក៏មានដែរជនជាតិវៀតណាម ២ ៤៨០គ្រួសារ។
ចាប់តាំងពីពេលនោះមក ផែនការនេះបានក្លាយជាប្រធានបទនៃការជជែក និងការចែករំលែកនៅលើបណ្ដាញសង្គម។ ថ្មីៗនេះ ទំព័រហ្វេសប៊ុកបានបង្ហោះរូបថតផ្ទះជាជួរដូចៗគ្នាមួយកន្លែងជាមួយការអះអាងដែលមានន័យថា ផ្ទះសម្បែងទាំងនោះ ត្រូវបានសាងសង់សម្រាប់និគមជនវៀតណាម ដែលរដ្ឋាភិបាលគ្រោងជម្លៀសចេញពីការរស់នៅលើទូកផ្ទៃបឹងទន្លេសាប។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុក ព័ត៌មាន ពិត បានបង្ហោះរូបថត ៣សន្លឹក ដែលបង្ហាញផ្ទះត្រូវបានសាងសង់រួចរាល់ស្ថិតនៅជាជួរ និងរូបថតក្រុមមនុស្សដេកនៅតាមព្រៃជាមួយបង្វេច និងសម្ពាយ។ ខ្លឹមសារនៃសំណេរលើទំព័រហ្វេសប៊ុកនេះ សំដៅដល់ន័យថា ជនជាតិវៀតណាមទទួលបានផលផ្ទះសម្បែងដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ឱ្យ ខណៈពលរដ្ឋកម្ពុជា ដេកនៅតាមព្រៃឈើ។
អ្នកប្រើហ្វេសប៊ុកមួយចំនួន ក៏បានចែករំលែកការអះអាងនេះផងដែរ ជាពិសេសបានចែករំលែកទៅកាន់ក្រុមដែលមានគណនីហ្វេសប៊ុករាប់សែនជាសមាជិក។
រូបភាពផ្ដាមចេញពីការអះអាងនោះ រៀបរាប់ថា «វាសនាខ្មែរមិនស្មើយួន៧មករាទទួលបានផ្លែផ្កាក្រោមផែនការបក្សប្រជាជនបដិវត្តខ្មែរ ដែលយួនប្រើកម្លាំងប្តូររបបដាក់ខ្មែរខួរយួនដើម្បីធ្វើជាខ្សែញាក់បម្រើឱ្យនយោបាយយួន»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតជុំវិញរូបថតទាំងនេះតាមរយៈកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យទៅដល់រូបថត និងព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកនេះ។
រូបថតមួយសន្លឹកដែលបង្ហាះផ្ទះត្រូវបានសាងសង់ឡើងជាជួរតគ្នានោះ ត្រូវបានរកឃើញចុះផ្សាយជាមួយនឹងអត្ថបទមួយរបស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ កាលពីឆ្នាំ២០១៧កន្លងមក។ ខ្លឹមសារនៅក្រោមរូបថតមួយសន្លឹកនេះ រៀបរាប់ថា គ្រឿងចក្រមួយគ្រឿង ឈូសឆាយដីនៅមុខផ្ទះទើបសាងសង់ថ្មីកាលពីឆ្នាំមុន(២០១៦)នៅខេត្តត្បូងឃ្មុំ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់លោក ហេង សំរិន។ សារព័ត៌មានមួយនេះ បានបញ្ជាក់ថា បានយករូបថតនេះពីហ្វេសប៊ុក។
រូបថតនេះ ត្រូវបានចុះផ្សាយជាមួយអត្ថបទសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ មានចំណងជើងជាភាសាអង់គ្លេសថា «Samrin’s hometown technically in Vietnam» ដែលអាចប្រែសម្រួលជាភាសាខ្មែរថា «តាមបច្ចេកទេស ភូមិកំណើតលោក [ហេង] សំរិន ស្ថិតក្នុងប្រទេសវៀតណាម»។
Phnom Penh Post’s report | Archived Link
អត្ថបទមួយទៀតរបស់សារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ កាលពីឆ្នាំ២០១២ បានឱ្យដឹងថា លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបច្ចុប្បន្ននេះ មានភូមិកើតនៅក្នុងភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ស្ថិតក្នុងស្រុកពញាក្រែក ដែលពីមុនស្ថិតក្នុងខេត្តកំពង់ចាម ប៉ុន្តែ បច្ចុប្បន្ននេះ គឺជាផ្នែកមួយនៃខេត្តត្បូងឃ្មុំ។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញនៅក្នុងចំណោមរូបថត ៩សន្លឹកផ្សេងទៀតនៃប៉ុស្តិ៍មួយលើទំព័រហ្វេសប៊ុករបស់លោក ហេង សំរិន កាលពីឆ្នាំ២០១៦កន្លងមកផងដែរ។
ផ្ទះទាំងនេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានសម្រាប់ប្រជាពលរដ្ឋនៅឯភូមិកំណើតរបស់លោក ហេង សំរិន ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ស្ថិតនៅក្នុងឃុំកក ស្រុកពញាក្រែក ជាប់នឹងព្រំដែនកម្ពុជា-វៀតណាម។ ផ្ទះដែលត្រូវបានសាងសង់សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិទាំងពីរនេះ មានពីរប្រភេទផ្សេងគ្នា។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការបង្ហោះរូបថតជាមួយការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ផ្ទះជាជួរដូចៗគ្នានេះ មិនមែនសាងសង់ឡើងសម្រាប់និគមជនវៀតណាម ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងរៀបចំឱ្យចាកចេញពីរស់នៅលើទឹកមកនៅលើគោកនោះឡើយ។ ផ្ទះដូចៗគ្នានេះ ត្រូវបានលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន កសាងឡើងនៅភូមិកំណើតរបស់លោកស្ថិតនៅឯភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

Title:តើផ្ទះទាំងនេះជាលំនៅឋានសម្រាប់និគមជនវៀតណាមនៅខេត្តកំពង់ឆ្នាំងមែនទេ?
Fact Check By: Jay UdomResult: False