Fact Check: តើ​នេះ​គឺ​ជា​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​អំឡុង​ឆ្នាំ​១៩៣១​មែន​ដែរ​ឬ​ទេ​​?

Misleading Social

សំណង់​នៅ​ក្នុង​វត្ត​មួយ​នៃ​ខេត្ត​បុរី​រម្យ​ ប្រទេស​ថៃ​នា​ពេល​ថ្មី​ៗ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​​ប្រតិកម្ម​ និង​បាន​លើក​ឡើង​ថា​ សំណង់​នៃ​ប្រាសាទ​ថ្មី​នេះ​ គឺ​សាង​សង់​ឡើង​ដោយ​ចម្លង​តាម​រចនា​បថ​ស្ថាបត្យ​កម្ម​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​។​ ការ​មាន​ប្រតិកម្ម​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​យ៉ាង​ផុស​ផុល។

ជាក់​ស្តែង​ មាន​រូប​ថត​បួន​សន្លឹក​បង្ហាញប្រាសាទ​បុរាណ​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា ​ជា​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ឆ្នាំ​១៩៣១​។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ប្រាសាទ​បុរាណ​មួយ​ដែល​មាន​ទម្រង់​ និង​ភិន​ភាគ​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរ​វត្ត​បេះ​បិទ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ នេះ​គឺ​ជាប្រាសាទ​អង្គរ​វត្ត​កាល​ពី​ឆ្នាំ​១៩៣១។​

រូប​ថត​ទាំង​បួន​សន្លឹក​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ដង​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «រូបភាព​កម្រ​ ស៊ែរ​ម្នាក់​មួយ​ផង​ ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​ ១៩៣១»​។​

Facebook Post | Archived Link

រូប​ថត​ទាំង​បួន​សន្លឹក​ដដែល​នេះ​ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ជាមួយ​នឹង​សំណេរ​ជា​ភាសា​ខ្មែរ​ថា​​​ «ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​ ១៩៣១​ អង្គរ​វត្ត​ជា​របស់​ខ្មែរ​​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ទិដ្ឋ​ភាព​ប្រាសាទ​ដែល​មាន​ទម្រង់​ និង​ភិន​ភាគ​សណ្ឋាន​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ត្រូវ​បាន​រក​ឃើញ​​ និង​ផ្សព្វ​ផ្សាយ​បង្ហោះ​នៅ​លើ​គេហទំព័រអន្តរ​ជាតិមួយ។​ នៅ​ក្នុង​គេហទំព័រ​ដដែល​ ក៏​បាន​បញ្ជាក់​ថា​ រូប​ថត​ទាំង​ឡាយ​នេះ​ គឺ​ជា​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរ​វត្ត​ចម្លង​ដែល​បាន​ធ្វើ​ឡើង​ និង​សាង​សង់​ដោយ​ប្រទេស​បារាំង​ ក្នុង​ពិធី​តាំង​ពិព័រណ៍​អាណានិគម​អន្តរជាតិ​អំឡុង​ឆ្នាំ​១៩៣១​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​មាន​ចំណង​ជើង​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «French replica of Angkor Wat during the 1931 Exposition Colonial de Paris from album by Marcel Braun» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «»។​

Roots Link | Archived Link

គេហទំព័រ​ John Coulthart ក៏​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​អំពី​ទិដ្ឋ​ភាព​សំណង់​ចម្លង​តាម​រចនា​បថ​ប្រាសាទ​អង្គរ​វត្ត​ ដែល​បាន​សាង​សាង់​ឡើង​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ជា​ច្រើន​សន្លឹក​ផង​ដែរ​។​ លោក​ John Coulthart ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ សិល្បករ​​​ អ្នក​គូរ​រូប​ អ្នក​និពន្ធ​ និង​អ្នករចនា​ក្រាហ្វិច​ជន​ជាតិ​អង់គ្លេស​ម្នាក់​ ដែល​បាន​ផលិត​សៀវ​ភៅ​​ និង​ផ្ទាំង​រូបភាព​ជា​ច្រើន​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សំណង់​ប្រាសាទ​ចម្លង​របស់​អង្គរ​វត្ត​នា​ទីក្រុង​ប៉ារីស​។​ 

រូប​ភាព​ផ្តាម​នៃ​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរ​វត្ត​ចម្លង​មើល​ពី​លើ​អាកាស​។​

John Coulthart Link | Archived Link

សំណង់​នៃ​ប្រាសាទ​ចម្លង​របស់​អង្គរ​វត្ត​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​ផង​ដែរ​នៅ​ក្នុង​គេហទំព័រ​​ Angkor DataBase ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជា​រួម​របស់​ប្រាសាទ​ក្នុង​អំឡុង​ពេល​កំពុង​សាង​សង់​ និង​ក្រោយ​ពេល​សាង​សង់​រួចរាល់​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែល​បាន​សរសេរ​រៀបរាប់​ជា​ភាសា​អង់​គ្លេស​ «Angkor Wat Replica In Vincennes for the 1931 Colonial International Exhibition, Paris» ឬ​ប្រែ​ជា​ភាសាខ្មែរ​ថា​ «ប្រាសាទ​អង្គរ​ចម្លង​នៅ​ក្នុង​សង្កាត់ Vincennes ឆ្នាំ​១៩៣១ នា​ទីក្រុង​ប៉ារីស​​​»។

រូប​ភាព​ផ្តាម​នៃ​ទិដ្ឋ​ភាព​នៃ​ការ​ដ្ឋាន​សំណង់​ប្រាសាទ​អង្គរ​វត្ត​ចម្លង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​។​

Angkor DataBase Link | Archived Link 

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​យល់​ច្រឡំ​។ រូប​ថត​ទាំង​បួន​សន្លឹក​នេះ​ មិនមែន​ជា​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរ​វត្ត​ពិត​ប្រាកដ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា​យើង​នោះ​ទេ​។​ ការ​ពិត រូប​ថត​ប្រាសាទ​ទាំង​ឡាយ​នេះ​ គឺ​ជា​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរ​វត្ត ដែល​​រដ្ឋាភិបាល​អាណានិគម​​បារាំង​បាន​សាង​សង់​សម្រាប់​​ពិព័រណ៍​អាណានិគម​អន្តរជាតិ​របស់​ខ្លួន​នៅ​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​១៩៣១។​ 

Avatar

Title:តើ​នេះ​គឺ​ជា​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​អំឡុង​ឆ្នាំ​១៩៣១​មែន​ដែរ​ឬ​ទេ​​?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *