
កាលពីអំឡុងខែមិថុនាថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខកខានបង្ហាញវត្តមានជាសាធារណៈជាច្រើនថ្ងៃ ដោយសារលោកបានជាប់ធ្វើចត្តាឡីស័ក ឬរក្សាខ្លួននៅដាច់ដោយឡែកដើម្បីតាមដានសុខភាព ក្រោយពីលោកប្រកាសថា បានប៉ះពាល់ជាមួយបុគ្គលដែលឆ្លងកូវីដ-១៩។
ការអវត្តមានរបស់រូបលោក បានធ្វើឲ្យមានការអះអាងលើបណ្ដាញសង្គមយ៉ាងផុសផុលថា មេដឹកនាំកម្ពុជារូបនេះបានទទួលមរណភាពហើយ ហើយការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលចែកចាយនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ដែលបានបង្ហាញអំពីរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសំណេររៀបរាប់ថា រូបលោកបានទទួលមរណភាពបាត់ទៅហើយ។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលសរសេររៀបរាប់ថា «អាងាប់នេះ វាងាប់ហើយ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់លើការអះអាងនេះតាមរយៈការពិនិត្យមើលសារបង្ហោះនានា នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសេចក្ដីរាយការណ៍ព័ត៌មាននៅក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ដំណឹងមរណភាពរបស់មេដឹកនាំប្រទេស គួរតែត្រូវបានប្រកាសជាផ្លូវការជាសាធារណៈដោយស្ថាប័នរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជន និងតាមមធ្យោបាយនៃការផ្សព្វផ្សាយសំខាន់ៗដទៃទៀត។
តាមរយៈទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានផ្សព្វផ្សាយផ្ទាល់អំពីទិដ្ឋភាពវត្តមានផ្លូវការរបស់លោកនៅក្នុងពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេសនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការផ្សាយផ្ទាល់ដដែរនេះ បានបង្ហាញអំពីសភាពរបស់លោកនាយករដ្ឋមន្ត្រីដែលមានសុខភាព និងរស់រានមានជីវិតល្អជាធម្មតានៅឡើយ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកបង្ហាញអំពីសកម្មភាពដែលលោកនាយករដ្ឋមន្ត្រីកំពុងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស។
តាមរយៈគេហទំព័រសារព័ត៌មាន The Phnom Penh Post ក៏បានផ្សព្វផ្សាយអំពីទិដ្ឋភាពនៃការប្រគល់ និងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសផងដែរ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រោមការចូលរួមដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Prime Minister Hun Sen (right) and UK deputy ambassador to Cambodia Marc Thayre bump elbows at the AstraZeneca coronavirus vaccine handover ceremony at Phnom Penh International Airport on Thursday.» ឬប្រែជាភាសាខ្មែរមានន័យថា «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (ស្តាំ) និងលោកឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាលោក Marc Thayre នៅក្នុងពិធីប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍នេះ»។
The Phnom Penh Post’s Report | Archived Link
កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាកូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះរូបថតសកម្មភាពឪពុករបស់ខ្លួននៅក្នុងឱកាសថ្ងៃខួបកំណើត ៧០ឆ្នាំផងដែរ។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់កូនប្រុសលោកនាយករដ្ឋមន្ត្រីនៅក្នុងឱកាសថ្ងៃខួបកំណើត ៧០ឆ្នាំ របស់លោក ហ៊ុន សែន។
ករណីការអះអាងដូចគ្នាមួយនេះ ក៏ធ្លាប់បានត្រួតពិនិត្យដោយក្រុមការងារ Fact Crescendo Cambodia កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២១កន្លងមកផងដែរ។ នៅក្នុងសេចក្តីរាយការណ៍ដដែលនេះ បានបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី នៅរស់រានមានជីវិត និងមានសុខភាពល្អដូចធម្មតាមិនដូចការអះអាងនោះឡើយ។
Fact Crescendo’s Report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនោះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរស់រានមានជីវិតដូចធម្មតានៅឡើយទេ ហើយលោកទើបតែបង្ហាញវត្តមានជាផ្លូវការនៅក្នុងពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីចក្រភពអង់គ្លេសកាលពីថ្ងៃទី០៥ ខែសីហាថ្មីៗនេះ។

Title:តើលោក ហ៊ុន សែន ពិតជាបានស្លាប់ដូចគេអះអាងមែនឬ?
Fact Check By: Kakada SimResult: False
