
លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាចយូរឆ្នាំផងដែរនោះ បានរងនូវការរិះគន់តាមគ្រប់មធ្យោបាយពីសំណាក់អ្នកគាំទ្រ និងមេដឹកនាំគណបក្សប្រឆាំងជារឿយៗ។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកញ្ចក់ទូរទស្សន៍មួយ ដោយមានសត្វសុនកនោមដាក់ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ រូបថតនេះ ត្រូវបានប្រតិកម្មបញ្ចេញមតិចម្រុះ និងចែកចាយតៗគ្នាយ៉ាងផុសផុល។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទូរទស្សន៍មួយ ដោយមានសត្វសុនកមួយក្បាលកំពុងឈរនោម។ រូបថតមួយសន្លឹកខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់ទីតាំង និងព័ត៌មានលំអិតអំពីរូបថតមួយសន្លឹកនោះឡើយ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក ក៏បានសរសេររៀបរាប់នៅក្នុងសំណេររបស់ខ្លួនផងថា «ហ៊ុនសែនដឹកនាំជាង៤០ឆ្នាំមកនេះ អាចម៍ជាគ្នា! សន្តិភាពផេះ អភិវឌ្ឃន៌ផេះ ការបង្រួបបង្រួមជាតិផេះ ព្រំដែនផេះ ច្បាប់ប្រទេសផេះ ដោះស្រាយបញ្ហាជាតិធំៗផេះ ជាងនេះទៅទៀត ប្រទេសជាតិ ទឹកដី ទ្រព្យសម្បត្តិជាតិ ធនធានធម្មជាតិត្រូវបំផ្លាញខ្ទេចអស់ ពុករលួយដល់ឆ្អឹង យួនចិនចូលពេញស្រុក គ្រប់វិស័យដាំក្បាលចុះ ប្រជារាស្រ្តស្រែកយំគ្រប់កន្លែង ជំពាក់បំណុលគេរុំកោះ….»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Wallpaper Cave ដែលជាគេហទំព័រផ្ទុកនូវផ្ទាំងរូបភាពជាច្រេីន (Wallpaper)។ គេហទំព័រដដែលខាងលើ ពុំបានបង្ហាញទិដ្ឋភាពរូបលោក ហ៊ុន សែន ស្ថិតនៅក្នុងកញ្ចក់ទូរទស្សន៍នោះឡើយ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានបង្ហាញទិដ្ឋភាពដើមនៃផ្ទាំងរូបថតទូរទស្សន៍។

Wallpaper Cave Link | Archived Link
ដូចគ្នានេះ រូបថតដែលមានទម្រង់ដូចគ្នាទាំងស្រុង ក៏ត្រូវបានរកឃើញ និងបានបង្ហោះផងដែរ នៅលើគេហទំព័រ Gold Wallpapers ដែលពុំបានបង្ហាញទិដ្ឋភាពរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែនិយាយនៅក្នុងទូរទស្សន៍ និងសត្វសុនកមួយក្បាលកំពុងឈរនោមនោះទេ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រ Gold Wallpapers បង្ហាញថាទូរទស្សន៍មួយនេះ គ្មានរូបលោក ហ៊ុន សែន និងសត្វសុនកនោះឡើយ។

Gold Wallpapers Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើ គឺពិតជាមិនត្រឹមត្រូវឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ ពុំបានបង្ហាញទិដ្ឋភាពរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែនិយាយនៅក្នុងកញ្ចក់ទូរទស្សន៍ រួមជាមួយនឹងសត្វសុនកមួយក្បាលដែលកំពុងឈរនោមនោះទេ។

Title:រូបលោក ហ៊ុន សែន នៅលើកញ្ចក់ទូរទស្សន៍ដែលសត្វសុនកនោមដាក់ ជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
