
ខណៈដែលប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នោះ សារព័ត៌មាន Fresh News បានផ្សាយថា ប្រជាជនតៃវ៉ាន់បានធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់អាមេរិករូបនេះ។ សារព័ត៌មានមួយនេះ បានភ្ជាប់ជាមួយរូបថតមួយចំនួនទាំងនៅក្នុងសេចក្ដីរាយការណ៍ព័ត៌មានជាអត្ថបទ និងសេចក្ដីរាយការណ៍ព័ត៌មានជាវីដេអូ។
ព័ត៌មានមួយនេះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តជាច្រើនដង ព្រមទាំងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ បន្ទាប់ពីបានឃើញមានមតិខ្វែងគ្នាទៅលើព័ត៌មានមួយនេះ Fact Crescendo Cambodia សូមផ្ដល់ជូននូវការត្រួតពិនិត្យទៅលើខ្លឹមសារនៃអត្ថបទមួយនេះដូចខាងក្រោមនេះ។
តើសារព័ត៌មាន Fresh News ចុះផ្សាយដូចម្ដេចខ្លះ?
កាលពីដើមសប្ដាហ៍នេះ ទំព័រហ្វេសប៊ុកនៃសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា ប្រជាជនតៃវ៉ាន់បានធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី Nancy Pelosi នៅកោះតៃវ៉ាន់។
អត្ថបទព័ត៌មានមួយនេះ ត្រូវបានចាត់ទុកជាព័ត៌មានមិនត្រឹមត្រូវពីសំណាក់ប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ប៉ុន្តែ ស្ថាប័ន Fresh News បានអះអាងថា ព័ត៌មានដែលខ្លួនចេញ មានភាពត្រឹមត្រូវទាំងស្រុង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកនៃសារព័ត៌មាន Fresh News ដែលបានបង្ហោះព័ត៌មាននិយាយថា «ប្រជាជនតៃវ៉ាន់នាំគ្នាចេញធ្វើបាតុកម្មជំទាស់នឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក» កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Fresh News កាលពីល្ងាចថ្ងៃអង្គារកន្លងមកនេះ ដោយបានបញ្ជាក់ថា បានដកស្រង់ព័ត៌មាននេះពីការចុះផ្សាយរបស់សារព័ត៌មាន RT ហើយបានចុះផ្សាយជាមួយរូបថតមួយចំនួន ដែលបង្ហាញមនុស្សមួយក្រុមឈរកាន់បដាតវ៉ាផងដែរ។

បន្ថែមទៅលើព័ត៌មានជាអត្ថបទហើយនោះ សារព័ត៌មានដដែលនេះ ក៏បានផលិតព័ត៌មានជាវីដេអូផងដែរ ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹកដែលបង្ហាញក្រុមមនុស្សដ៏ច្រើនស្លៀកពាក់ពណ៌ក្រហមប្រមូលផ្ដុំគ្នានៅជុំវិញទង់ជាតិតៃវ៉ាន់។ សូមមើលវីដេអូខាងក្រោមនេះ។
តើរូបថតប្រើប្រាស់នៅក្នុងអត្ថបទខាងលើជាទិដ្ឋភាពប្រជាជនតៃវ៉ាន់ធ្វើបាតុកម្មមែនឬទេ?
Fact Crescendo Cambodia បានផ្ទៀងផ្ទាត់ទៅលើការចុះផ្សាយអត្ថបទរបស់សារព័ត៌មានមួយនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថត Google Reverse Image Search និងការពិនិត្យមើលឡើងវិញនូវការផ្សាយរបស់សារព័ត៌មាន RT ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន សារព័ត៌មាន Fresh News ដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានរាយការណ៍ថា ព័ត៌មានខាងលើនេះ ត្រូវបានដកស្រង់ពីការផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃទី០២ ខែសីហា។
ឆ្លើយតបនឹង Fact Crescendo Cambodia អគ្គនាយកសារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានឱ្យដឹងថា សេចក្ដីរាយការណ៍ព័ត៌មានមួយនេះ បានផ្អែកទៅតាមការផ្សព្វផ្សាយនៅក្នុងបណ្ដាញតេឡេក្រាមរបស់សារព័ត៌មាន Russia Today (RT) ដែលជាប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការចែករំលែកនូវដំណឹងនៅក្នុងបណ្ដាញតេឡេក្រាមរបស់ RT កាលពីថ្ងៃទី០២ ខែសីហា ដែលនិយាយថា ក្រុមបាតុករបានចុះធ្វើបាតុកម្មតាមដងផ្លូវនៅតៃវ៉ាន់ ប្រឆាំងនឹងលោកស្រី Pelosi ដែលអាចធ្វើដំណើរទៅទស្សនកិច្ចនៅតៃវ៉ាន់។

ទោះជាយ៉ាងណា នៅលើគេហទំព័រសារព័ត៌មាន RT នៅថ្ងៃអង្គារកន្លងមកនេះ យើងបានរកពុំឃើញសេចក្ដីរាយការណ៍ដែលនិយាយអំពីបាតុកម្មរបស់ប្រជាពលរដ្ឋតៃវ៉ាន់ជំទាស់ទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់ដែនដីកោះមួយនេះនោះឡើយ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន សារព័ត៌មាន Fresh News បានផ្សព្វផ្សាយជាមួយរូបថតបួនសន្លឹក ក្នុងនោះមានរូបថតមួយសន្លឹក ដែលបង្ហាញមនុស្សមួយក្រុមឈរកាន់បដាមានសំណេរជាភាសាអង់គ្លេស «PEACE NOT WAT WITH CHINA», «CHINA IS ONE!», «PEACE! NO NEW COLD WAR ON CHINA!», «U.S. HANDS OFF TAIWAN» ជាដើម។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតមួយសន្លឹកនេះនៅក្នុងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន China Daily កាលពីថ្ងៃអង្គារកន្លងមកនេះ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានរដ្ឋចិនមួយនេះ បានឱ្យដឹងថា រូបថតមួយសន្លឹកនេះ គឺជាក្រុមសកម្មជនសន្តិភាពមកពីអង្គការ Pivot to Peace, អង្គការ ANSWER Coalition, អង្គការស្ត្រី CODEPINK, អង្គការ Veterans for Peace និងមេដឹកនាំសហគមន៍ចិននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានរៀបចំបាតុកម្មមួយនៅមុខការិយាល័យរបស់លោកស្រី Pelosi នៅអគារ San Francisco Federal Building នៅថ្ងៃចន្ទកន្លងមកនេះ។
ហេតុនេះ រូបថតមួយសន្លឹកនេះ មិនមែនជាបាតុកម្មរបស់ប្រជាជនតៃវ៉ាន់ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់នោះឡើយ។ ផ្ទុយទៅវិញ ក្រុមបាតុករទាំងនេះ ប្រមូលផ្ដុំទៅដោយសកម្មជនសន្តិភាពមកពីប្រភពផ្សេងៗគ្នានៅសហរដ្ឋអាមេរិក។

ដូចបានរៀបរាប់ពីខាងលើរួចមកហើយ សារព័ត៌មាន Fresh News ក៏បានផលិតសេចក្ដីរាយការណ៍ព័ត៌មានមួយនេះជាវីដេអូខ្លីមានរយៈពេលជាង ១នាទីកន្លះផងដែរ ដោយបានដាក់បញ្ចូលរូបថតមួយចំនួន ក្នុងនោះមានរូបថតមួយសន្លឹកដែលបង្ហាញមនុស្សម្នាដ៏ច្រើនកុះករ បានប្រមូលផ្ដុំគ្នា និងគ្រវីទង់ជាតិតៃវ៉ាន់។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតមួយសន្លឹកនេះនៅក្នុងអត្ថបទព័ត៌មានមួយរបស់សារព័ត៌មាន The New York Times កាលដើមឆ្នាំ២០២០កន្លងមក។
អត្ថបទសារព័ត៌មានអាមេរិកមួយនេះ បានឱ្យដឹងថា រូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពក្រុមអ្នកគាំទ្រ លោក Han Kuo-yu បេក្ខជនប្រធានាធិបតយ្យមកពីគណបក្ស Kuomintang ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតេយ្យតៃវ៉ាន់កាលពីឆ្នាំ២០២០កន្លងមក។
ក្រុមអ្នកគាំទ្រលោក Han បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០កន្លងមក នៅឯទីក្រុង Tainan ជាទីក្រុងស្ថិតនៅឆ្នេរភាគលិចរបស់កោះតៃវ៉ាន់។
ហេតុនេះ រូបថតមួយសន្លឹកនេះ មិនមែនជាបាតុកម្មប្រឆាំងនឹងគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់នោះឡើយ។

The New York Times | Archived Link
តើមានបាតុកម្មដោយប្រជាជនតៃវ៉ាន់ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅតៃវ៉ាន់ដែរឬទេ?
នៅក្នុងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ RT ថ្វីបើយើងរកមិនឃើញសេចក្ដីរាយការណ៍និយាយអំពីបាតុកម្មរបស់ប្រជាជនតៃវ៉ាន់ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ប៉ុន្តែ យើងបានរកឃើញរូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញបាតុករម្នាក់ស្ថិតក្នុងចំណោមបាតុករដទៃទៀត។
គេហទំព័រ RT បានសរសេរនៅក្រោមរូបថតនោះថា បាតុករម្នាក់កាន់បដា«American Get Out» អំឡុងបាតុកម្មបាតុកម្មមួយប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi នៅខាងក្រោមសណ្ឋាគារមួយ នៅទីក្រុងតៃប៉ិ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីមួយនេះ បានបញ្ជាក់ថា រូបថតនេះត្រូវបានយកពីទីភ្នាក់ងារព័ត៌មានអាមេរិក AP។ នៅក្នុងគេហទំព័ររបស់ AP យើងក៏បានរកឃើញរូបថតនេះផងដែរ និងរូបថតមួយសន្លឹកទៀត ដែលនិយាយបរិយាយអំពីបាតុកម្មនៅទីក្រុងតៃប៉ិប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅដែនដីកោះមួយនេះ។

យើងក៏បានរកឃើញវីដេអូផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV+ នៅលើបណ្ដាញ YouTube កាលពីថ្ងៃទី០៣ ខែសីហា ដែលបង្ហាញក្រុមមនុស្សធ្វើបាតុកម្មនៅមុខសណ្ឋាគារមួយឈ្មោះ Grand Hyatt នៅទីក្រុងតៃប៉ិ ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi។
ក្រៅបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចលោកស្រី Pelosi ក៏មានក្រុមមនុស្សមួយក្រុមទៀតប្រមូលផ្ដុំគ្នានៅឯសណ្ឋាគារ Grand Hyatt ផងដែរ ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់អាមេរិករូបនេះ។ សូមមើលសេចក្ដីរាយការណ៍ព័ត៌មានជាវីដេអូចេញផ្សាយដោយ India Today នៅថ្ងៃទី០៣ ខែសីហា។

Title:រូបថតមួយចំនួនត្រូវបានផ្សាយភ្ជាប់ដោយមិនត្រឹមទៅនឹងបាតុកម្មប្រជាជនតៃវ៉ាន់ប្រឆាំងលោកស្រី Pelosi
By: Jay UdomResult: Explainer
