
ស្របពេលពាក្យចរចាមអារ៉ាម ឬការអះអាងផ្សេងៗទាក់ទងនឹងសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្កើតឡើងជារឿយៗនោះ រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពលោក ហ៊ុន សែន ស្ថិតនៅក្នុងសម្លៀកបំពាក់សម្រាកនៅក្នុងមន្ទីរពេទ្យមួយកន្លែងត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់ ដោយភ្ជាប់នឹងជាមួយអក្សរ R.I.P. ជាអក្សរកាត់មកពីពាក្យពេញថា “Rest in Peace” ដែលមានន័យជាភាសាខ្មែរថា «សូមទៅកាន់សុគតិភព»។ ការបង្ហោះបែបនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ព្រមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតសន្លឹក ដែលបង្ហាញទិដ្ឋភាពលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ក្នុងឈុតសម្លៀកបំពាក់សម្រាកនៅក្នុងមន្ទីរពេទ្យ។ ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ជាប់ និងអះអាងថា លោកបានទទួលមរណភាពហើយ។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់ចែកចាយ និងបញ្ចេញមតិប្រតិកម្មយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «RIP Hun Sen» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «សូមទៅកាន់សុគតិភព លោក ហ៊ុន សែន»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញ និងបង្ហោះដោយគេហទំព័រសារព័ត៌មាន The Straits Times កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧មកម្ល៉េះ។ គេហទំព័រដដែលខាងលើនេះ បានសរសេរ និងបញ្ជាក់ជាភាសាអង់គ្លេសថា «Cambodian Prime Minister Hun Sen, one of the world’s longest serving rulers after more than three decades in power, is in hospital in Singapore.» ឬប្រែសម្រួលជាភាសាខ្មែរថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំកាន់អំណាចយូរជាងគេលើពិភពលោក បន្ទាប់ពីកាន់អំណាចជាងបីទសវត្សរ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី»។

The Straits Times | Archived Link
ដូចគ្នានេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានបង្ហាញទិដ្ឋភាពលោកបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន លោក យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) ផងដែរ។

ការលើកឡើងថានាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណភាពហើយ តែងតែត្រូវបានផ្ទៀងផ្ទាត់ជារឿយៗផងដែរ ដោយក្រុមការងារត្រួតពិនិត្យការពិត Fact Crescendo Cambodia នាពេលកន្លងមកនេះ។ សូមអានព័ត៌មានលម្អិតនៅទីនេះ «តើលោក ហ៊ុន សែន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដូចការអះអាងឬទេ?» និង «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទទួលមរណភាពដូចការអះអាងនោះឡើយ»។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះភ្ជាប់ជាមួយនឹងការអះអាងខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅរស់រានមានជីវិតធម្មតា និងទើបតែបង្ហាញវត្តមានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗនេះ។

Title: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរស់រានមានជីវិតធម្មតា មិនដូចការអះអាងនោះឡើយ
Fact Check By: Kakada SimResult: False
