
ការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាម គឺជាប្រធានបទនៃការជជែក និងការចែករំលែកជាច្រើនឆ្នាំមកហើយ។ ការដាក់បញ្ចូលទឹកដីកម្ពុជាក្រោមទៅវៀតណាម ត្រូវបានរៀបចំជាពិធីរំលឹកជារៀងរាល់ឆ្នាំនៅថ្ងៃទី៤ មិថុនា ពីសំណាក់ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅកម្ពុជា និងរស់នៅបណ្ដាប្រទេសដទៃទៀត។ ទន្ទឹមគ្នានេះ វីដេអូឃ្លីបមួយត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ព្រះសង្ឃក្នុងវីដេអូនោះ គឺជាព្រះសង្ឃខ្មែរក្រោមដែលបានបូជាព្រះកាយខ្លួនឯង ដើម្បីការពារសាសនា វប្បធម៌ ប្រពៃណី និងពលរដ្ឋខ្មែរកម្ពុជាក្រោម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា ការអះអាងលើវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូមួយដែលបង្ហាញនូវព្រះសង្ឃមួយអង្គបូជាព្រះកាយទាំងរស់នៅក្នុងភ្នក់ភ្លើង។ ទំព័រហ្វេសប៊ុកមួយនេះ បានអះអាងថា ព្រះសង្ឃខ្មែរកម្ពុជាក្រោមបានបូជាព្រះកាយនៅក្នុងភ្នក់ភ្លើង ដើម្បីរក្សាសាសនា វប្បធម៌ ប្រពៃណី និងរក្សាទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្ននេះស្ថិតនៅជាផ្នែកមួយនៃប្រទេសវៀតណាម។
វីដេអូឃ្លីបជាមួយការអះអាងបែបនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុកចែករំលែករាប់រយដង ហើយអ្នកប្រើហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញប្រតិកម្ម និងមតិយោបល់ចម្រុះបែបទៅនឹងវីដេអូឃ្លីបមួយនេះ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ រៀបរាប់ថា «ការបូជាព្រះកាយរបស់ព្រះសង្ឃកម្ពុជាក្រោម ដើម្បីរក្សាសាសនា វប្បធម៌ ប្រពៃណី និងរក្សាទឹកដីកម្ពុជាទុកឱ្យកូនខ្មែរជំនាន់ក្រោយ»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់នូវវីដេអូឃ្លីបមួយនេះ និងព័ត៌មានពិតប្រាកដនៃវីដេអូឃ្លីបមួយនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យទៅដល់វីដេអូ និងព័ត៌មានលម្អិត។
វីដេអូឃ្លីបរយៈពេលជាង ១នាទីនេះ ត្រូវបានរកឃើញនៅលើបណ្ដាញអ៊ិនធឹណិត និងយូធូប (YouTube)ផងដែរ ដែលបង្ហាញនូវព័ត៌មានថា ព្រះសង្ឃនៅក្នុងវីដេអូនោះ មានព្រះនាម ធឹត វ៉ាងឌឹក (Thich Quang Duc) គឺជាព្រះសង្ឃវៀតណាមនៃព្រះពុទ្ធសាសនាមហាយាន។
ព័ត៌មានដែលរៀបរាប់ក្នុងវីដេអូនេះ បានឱ្យដឹងថា ព្រះសង្ឃវៀតណាម ធឹត វ៉ាងឌឹក (១៨៩៧-១៩៦៣) បានបូជាព្រះកាយខ្លួនឯងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៦៣ នៅត្រង់ចំណុចប្រសព្វមួយនៃទីក្រុងសៃហ្គន ដែលក្រោយមកត្រូវបានប្ដូរឈ្មោះទៅទីក្រុងហូជីមិញ។
ព្រះសង្ឃវៀតណាមអង្គនេះ បានបូជាព្រះកាយខ្លួនឯងក្នុងភ្នក់ភ្លើង ដើម្បីបង្ហាញការជំទាស់ទៅនឹងរបបដឹកនាំរបស់លោក ង៉ោ ឌិញយៀម (Ngô Đình Diệm) ប្រធានាធិបតីវៀតណាមខាងត្បូងនាពេលនោះ។ លោក ង៉ោ ឌិញយៀម ដែលជាសាសនិកនៃវិហារកាតូលិក បានបង្ក្រាបទៅលើព្រះសង្ឃនានានៅវៀតណាមខាងត្បូង និងបានព្យាយាមបង្វែរប្រជាជនឱ្យប្ដូរទៅជឿលើវិហារកាតូលិកវិញ។
ប្រសូត្រនៅឆ្នាំ១៨៩៧ នៅឯខេត្តខាញ់ហ្វា (Khánh Hòa) ការបូជាព្រះកាយរបស់ព្រះសង្ឃវៀតណាមអង្គនេះ ក៏ជារបត់មួយជំរុញឱ្យមានរដ្ឋប្រហារទម្លាក់ និងការសម្លាប់លោក ង៉ោ ឌិញយៀម នៅក្នុងឆ្នាំ១៩៦៣ផងដែរ។
ក្រៅពីវីដេអូឃ្លីបមួយនេះ ក៏មានផងដែររូបថតនៃព្រឹត្តិការណ៍បូជាព្រះកាយរបស់ព្រះសង្ឃវៀតណាមមួយអង្គនេះ និងព័ត៌មានលម្អិតនៃហេតុការណ៍នេះ។ រូបថតនេះ ថតដោយលោក Malcolm Browne អ្នកថតរូបសារព័ត៌មានអាមេរិក ដែលរូបថតរបស់លោកអំពីហេតុការណ៍នោះ ទទួលបានពានរង្វាន់ Pulitzer Award។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ព្រះសង្ឃក្នុងវីដេអូនេះ មិនមែនជាព្រះសង្ឃខ្មែរកម្ពុជាក្រោមនោះទេ។ ព្រះសង្ឃក្នុងវីដេអូនេះ មានព្រះនាម ធឹត វ៉ាងឌឹក ព្រះសង្ឃពុទ្ធសាសនាមហាយាន ដែលបានបូជាព្រះកាយក្នុងភ្នក់ភ្លើងនៅខែមិថុនា ឆ្នាំ១៩៦៣ ដើម្បីប្រឆាំងនឹងរបបវៀតណាមខាងត្បូង។

Title:ព្រះសង្ឃបូជាព្រះកាយក្នុងភ្នក់ភ្លើងមិនមែនជាព្រះសង្ឃខ្មែរកម្ពុជាក្រោមទេ
Fact Check By: Jay UdomResult: False
