
លោក មាស នី គឺជាអ្នកវិភាគនយោបាយឈានមុខម្នាក់នៅកម្ពុជា ព្រោះតែលោកតែងតែផ្ដល់កិច្ចសម្ភាសទៅដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលត្រូវបានមើលឃើញថា មិនមាននិន្នាការទៅរករដ្ឋាភិបាល។ អ្នកវិភាគនយោបាយរូបនេះ បានផ្ដល់កិច្ចសម្ភាសចុងក្រោយបំផុតជាមួយសារព័ត៌មានខេមបូឌា ដេលី ដែលជជែកអំពីរបៀបដែលរដ្ឋាភិបាលគ្រប់គ្រង និងឆ្លើយតបទៅនឹងកំណើននៃការរីករាលដាលនៃមេរោគកូវីដ១៩។
ប៉ុន្មានថ្ងៃក្រោយផ្ដល់កិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូឌា ដេលី អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក បានអះអាងថា អ្នកវិភាគរូបនេះ បានដួលបោកក្បាលក្នុងបន្ទប់ទឹកបណ្ដាលឱ្យរងរបួសស្រាល។ អ្នកប្រើហ្វេសប៊ុកអះអាងទៀតថា លោក មាស នី ពិសាស្រាថ្នាំ ទើបបណ្ដាលឱ្យដួលក្នុងបន្ទប់ទឹកបែបនេះ។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia នឹងបង្ហាញថា ការអះអាងនៅលើបណ្ដាញសង្គមនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែមេសានេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បានអះអាងថា អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោកបណ្ឌិត មាស នី បានរងរបួសស្រាល បន្ទាប់ពីដួលបោកក្បាលក្នុងបន្ទប់ទឹក។ មូលហេតុនៃការដួលបោកក្បាលនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុកដដែលនេះ បញ្ជាក់ថា បណ្ដាលមកពីស្រវឹងស្រាថ្នាំ។
ប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក សរសេររៀបរាប់ថា «យប់ ១៧មេសា-២០២១នេះ លោក មាស នី ជាអ្នកវិភាគម្នាក់ បានដួលបោកក្បាលក្នុងបន្ទប់ទឹករងរបួសស្រាល! មូលហេតុដោយសារផឹកស្រាថ្នាបណ្ដូលពេជ្រដែលត្រាំទុកជាច្រើនខែរហូតស្រវឹងជ្រុល»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការអះអាងនេះតាមរយៈការសម្ភាសជាមួយលោកបណ្ឌិត មាស នី តាមប្រព័ន្ធទំនាក់ទំនងសង្គម។
ក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia តាមប្រព័ន្ធសារអេឡិចត្រូនិចនៅថ្ងៃទី១៩ ខែមេសានេះ អ្នកវិភាគនយោបាយរូបនេះ បានច្រានចោលនូវការអះអាងនេះ ដោយចាត់ទុកថា «ព័ត៌មានមិនពិត»។
លោក មាស នី បញ្ជាក់ថា លោកមានសុខភាពធម្មតា ដោយលោកបានចេញទៅធ្វើចម្ការរបស់លោកស្ថិតនៅក្នុងខេត្តបាត់ដំបងនៅថ្ងៃនេះ ហើយក៏បានវិលត្រឡប់ទៅដល់ទៅបំពេញការងាររបស់លោកដូចធម្មតាផងដែរ។
លោកបណ្ឌិត មាស នី បានបង្ហាញរូបថតមួយដែលលោកថតកាលពីថ្ងៃទី១៨ ខែមេសា មួយថ្ងៃក្រោយមានការអះអាងលើបណ្ដាញសង្គម ហើយរូបថតនោះបង្ហាញលោកស្ថិតនៅឯចម្ការរបស់លោក និងលោកមានសុខភាពធម្មតា។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងលើបណ្ដាញសង្គមដូចដែលរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះឡើយ។ អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី មិនមានដួលក្នុងបន្ទប់ទឹករងរបួសដោយសារផឹកស្រាថ្នាំនោះឡើយ។ អ្នកវិភាគនយោបាយរូបនេះមានសុខភាពល្អធម្មតា និងបំពេញការងារប្រចាំថ្ងៃរបស់លោកដូចសព្វមួយដងដែរ។

Title:អ្នកវិភាគនយោបាយបណ្ឌិត មាស នី មិនបានដួលក្នុងបន្ទប់ទឹករងរបួសឡើយ
Fact Check By: Jay UdomResult: False