
ខណៈដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានអូសបន្លាយមកជាង ១ខែមកហើយ រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញម៉ាស៊ីនបោកគក់ត្រូវបានដឹកជញ្ជូននៅលើរថពាសដែកមួយគ្រឿង ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា ទាហានរុស្ស៊ីប្រមូលយកម៉ាស៊ីនបោកគក់របស់ប្រជាជនអ៊ុយក្រែន។ រូបថតដែលមានការអះអាងបែបនេះ ត្រូវចែករំលែកជាច្រើនដង និងមានការបញ្ចេញមតិជាច្រើនផងដែរ។ បន្ទាប់ពីដំណើរការផ្ទៀងផ្ទាត់ យើងរកឃើញថា រូបថតនេះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយស្លឹកដែលបង្ហាញរថពាសដែកយោធាមួយគ្រឿងដឹកម៉ាស៊ីនបោកគក់មួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញជាមួយការអះអាងថា ទាហានរុស្ស៊ីបានប្រមូលយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអ៊ុយក្រែនអំឡុងពេលពួកគេឈ្លានពានចូលប្រទេសមួយនេះអស់រយៈជាង ១ខែមកនេះ។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តរហូតដល់ជិត ២០០ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយមានការបញ្ចេញមតិជាច្រើនផងដែរទៅលើរូបថតនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកមួយកាលពីថ្ងៃពុធកន្លងមកនេះ ដែលសរសេររៀបរាប់ថា «រុស្ស៊ីលើកទ័ពចូលរំដោះអ៊ុយក្រែន ទ័ពរុស្ស៊ីដឹកម៉ាស៊ីនបោកខោអាវពេលចាកចេញពីអ៊ុយក្រែន ធ្វើឱ្យយើងនឹកឃើញពេលវៀតណាមលើកទ័ពរំដោះខ្មែរ គេដឹកម៉ាស៊ីនដេរ រថយន្តអស់ពីឃ្លាំង ទ្រព្យសម្បត្តិខ្មែរដែលរបប ប៉ុល ពត ប្រមូលទុកក្នុងឃ្លាំងត្រូវបានវៀតណាមដឹកជញ្ជូនជាង ២០ឆ្នាំ រួមទាំងមាសប្រាក់នៅក្នុងធនាគារជាតិ អស់ពីប្រទេសខ្មែរ នៅសល់តែប្រាសាទអង្គរវត្តដែលវៀតណាមមិនអាចគាស់ដឹកយកទៅប្រទេសគេបាន តែគេរកមធ្យោបាយដាក់ សុខ គង់ ឱ្យលក់សំបុត្រប្រមូលយកលុយពីភ្ញៀវទេសចរណ៍ចូលទស្សនាប្រាសាទអង្គរបានទៀត អរគុណសន្តិភាព! នេះជាការពិតមិនមែនញុះញង់ទេ បើចង់ដឹងសួរ ហ៊ុន សែន, ហេង សំរិន, ស ខេង គាត់ជាសាក្សីរស់»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោមនេះ។
ច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយជាមួយនឹងអត្ថបទមួយនៃក្នុងសារព័ត៌មាន Al Jazeera កាលពីថ្ងៃ២៦ ខែមីនាកន្លងមកនេះ។
នៅក្នុងអត្ថបទសេចក្ដីរាយការណ៍របស់ខ្លួន សារព័ត៌មាន Al Jazeera សរសេរនៅក្រោមរូបថតនោះថា ទាហានរុស្ស៊ីត្រូវបានគេមើលឈរនៅលើរថពាសដែកមួយគ្រឿងដែលមានសរសេរសញ្ញា «Z»នៅផ្នែកខាងមុខ។
រូបថតដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានមួយនេះ មិនបានបង្ហាញឱ្យម៉ាស៊ីនបោកគក់ ត្រូវបានគេចងភ្ជាប់នៅនឹងផ្នែកខាងមុខរបស់រថពាសដែកនោះឡើយ។

សារព័ត៌មាន Al Jazeera ថែមទាំងបានបញ្ជាក់ផងដែរថា រូបថតមួយសន្លឹកនេះ ថតដោយលោក Alexander Ermochenko អ្នកថតរូបនៃទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។
នៅលើគេហទំព័ររបស់ទីភ្នាក់ងារព័ត៌មាន Reuters យើងបានរកឃើញរូបថតដូចគ្នានេះ ដែលសរសេររៀបរាប់ដូចគ្នានឹងអ្វីដែលសារព័ត៌មាន Al Jazeera បានរៀបរាប់ផងដែរ ប៉ុន្តែ Reuters បានផ្ដល់ព័ត៌មានបន្ថែមថា រូបថតមួយសន្លឹកនេះ ត្រូវបានផ្ដិតបាននៅក្នុងតំបន់កំពុងមានជម្លោះ Donbass ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៥ ខែមីនា។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺជារូបថតមិនត្រឹមត្រូវនោះឡើយ។ រូបថតច្បាប់ដើម បង្ហាញឱ្យឃើញទាហានរុស្ស៊ីស្ថិតនៅលើរថពាសដែកមួយគ្រឿងមានសញ្ញា«Z» ស្ថិតនៅតំបន់មានជម្លោះ Donbass កាលពីថ្ងៃទី២៥ ខែមីនាកន្លងមកនេះ និងគ្មានម៉ាស៊ីនបោកគក់ត្រូវបានចងភ្ជាប់នឹងរថពាសដែកនោះឡើយ។

Title:រូបថតទាហានរុស្ស៊ីដឹកជញ្ជូនម៉ាស៊ីនបោកគក់នៅលើរថពាសដែក គឺជារូបភាពកាត់
Fact Check By: Jay UdomResult: Altered
