ទារក​ដែល​គេ​បោះ​បង់​ចោល​នៅ​វៀតណាម នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​យល់​ច្រឡំ

Misleading Social

រូបថត ឬ​វីដេអូ​ជាច្រើន ត្រូវ​បាន​ចែក​រំលែក​ជា​រៀង​រាល់​ថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​មាន​ទាំង​រូបថត ឬ​វីដេអូ​មួយ​ចំនួន បាន​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ។ ដូច​ក្នុង​ករណី​មួយ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ទារក​​ម្នាក់​ដែល​ត្រូវ​គេ​បោះ​បង់​ចោល ហើយ​បាន​ស្នើ​សុំ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ទទួល​យក​កូន​នោះ​ទៅ​ចិញ្ចឹម។ ការ​បង្ហោះ​រូបថត​ជាមួយ​ខ្លឹមសារ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បង្ហាញ​បំណង​របស់​ពួកគេ​ចង់​យក​ទារក​នោះ​ទៅ​ចិញ្ចឹម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​រូបថត និង​ខ្លឹមសារ​បែប​នេះ បាន​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពីថ្ងៃ​ទី​២៦ ខែ​មករា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទារក​តូច​មួយ ត្រូវ​បាន​គេបោះបង់​ចោល ហើយ​ទំព័រ​ហ្វេសប៊ុក​នេះ បាន​ស្នើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ចែក​រំលែក​ដើម្បី​ឱ្យ​បាន​ដល់​បុគ្គល​ដែល​មាន​បំណង​សុំ​យក​កូន​នោះ​ទៅ​ចិញ្ចឹម។

រូបថត​ទារក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​រហូត​ដល់​ជាង ៣០០​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ មិន​បាន​បញ្ជាក់​ទេ​ថា ទារក​នោះ ត្រូវ​បាន​គេ​បោះ​បង់​ចោល​នៅ​ទីណា ឬ​នៅ​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​របស់​ពួកគេ ដោយ​បាន​ស្នើ​សុំ​យក​ទារក​នោះ​ទៅ​ចិញ្ចឹម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​សរសេរ​រៀបរាប់​ថា «ករណី… ទុក​កូន​ចោល កូន​គួរ​អោយ[ឱ្យ]​ស្រឡាញ់ កូន​គ្នា​មិន​ដឹង​អីទេ ហេតុ[អ្វី]បាន​ជួប​ឪពុក​ម្ដាយ​ឃោឃៅ​បែប​នេះ ជួយ​ស៊ែរ​អោយ​[ឱ្យ]​សប្បុរស​ជន​យក​ទៅ​ចិញ្ចឹម admin ក៏​ស្រឡាញ់ គួរ​អោយ​អាណិត​ណាស់»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ទារក​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image ដែល​នាំ​ឱ្យ​យើង​បាន​ឃើញ​រូបថត​ដូច​គ្នា និង​ព័ត៌មាន​លម្អិត​អំពី​ទារក​នេះ។

រូបថត​របស់​ទារក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​ Huynh Tieu Huong ដែលជា​គេហ​ទំព័រ​របស់​អង្គការ​សប្បុរស​ធម៌​មួយ​ឈ្មោះ​ថា មជ្ឈ​មណ្ឌល​មនុស្ស​ធម៌​ដើម្បី​ចិញ្ចឹម​កុមារ​កំព្រា និង​ពិការ (Humanitarian Center for Raising Orphans and Disable Children)។

មជ្ឈ​មណ្ឌល​សប្បុរសធម៌​មួយ​នេះ បាន​រាយការណ៍​ថា ទារក​ម្នាក់​អាយុ​ទើប​តែ​បាន​ប្រហែល ១០​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នៅ​ឯ​មុខ​មជ្ឈមណ្ឌល​មួយ​នេះ​តែ​ម្ដង ដែល​មាន​ទីតាំង​​ស្រុក​​ ឌី អាន ខេត្ត​ប៊ិញឌឿង ស្ថិត​នៅ​វៀតណាម​ខាង​ត្បូង។

មជ្ឈ​មណ្ឌល​កុមារ​កំព្រា​មួយ​នេះ បាន​ទទួល​យក​ទារក​នេះ​ទៅ​ចិញ្ចឹម​នៅ​ក្នុង​មណ្ឌល បន្ទាប់​ពី​បាន​ជូន​ដំណឹង​រួច​រាល់​ទៅ​ប៉ូលិសនៅ​ក្នុង​ខេត្ត​ប៊ិញឌឿង។

​មណ្ឌល​កុមារ​កំព្រា​មួយ​នេះ បញ្ជាក់​ថា ទារក​​ត្រូវ​បាន​គេ​បោះ​បង់​ចោល​មួយ​នេះ​ដោយ​រុំ​ជាមួយ​កន្សែង​ពោះ​គោ​ពណ៌​លឿង ពាក់​មួក​ពណ៌​លឿង​ស្រាល ពាក់​ស្រោម​ដៃ​ពណ៌​លឿង និង​ពាក់​អាវ​ពណ៌​ស ហើយ​កន្ត្រក​ពណ៌​ក្រហម​ផ្ទុក​ទៅ​ដោយ​សម្ភារៈ​សម្រាប់​ទារក ក៏​ត្រូវបាន​គេ​រក​ឃើញ​នៅ​ក្បែរ​ទារក​នោះ​ផង​ដែរ។

huynhtieuhuong | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែលត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុកដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ។ ទារក​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​នេះ មិន​មែន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ទារក​អាយុ​ប្រហែល ១០​ថ្ងៃ​នេះ ត្រូវ​បាន​គេ​បោះ​បង់​ចោល​នៅ​មុខ​មណ្ឌល​កុមារ​កំព្រា​មួយ ស្ថិត​នៅ​ក្នុង​ខេត្ត​ប៊ិញឌឿង វៀតណាម​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា​កន្លង​មក​នេះ។

Avatar

Title:ទារក​ដែល​គេ​បោះ​បង់​ចោល​នៅ​វៀតណាម នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​យល់​ច្រឡំ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.