
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំនេះមានកម្ពស់ប្រមាណ ១០០ម៉ែត្រ មានកាំជណ្តើរឡើងចំនួន ១០៣០កាំ និងមានចំងាយប្រមាណ ១២គីឡូម៉ែត្រ ពីទីរួមខេត្ត។ ថ្មីៗនេះ យេីងសង្កេតឃេីញមានការបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីទិដ្ឋភាព ជណ្តើរយន្ត ដែលធ្វើឡើងទៅកាន់កំពូលភ្នំមួយ និងបានលើកឡើងថា វាស្ថិតនៅក្នុងតំបន់ភ្នំសំពៅ។ រូបថតនេះ ត្រូវបានចែករំលែបន្តពីសំណាក់អ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ មានអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបភាពមួយ សន្លឹក ដែលបង្ហាញអំពីរូបភាពជណ្តើរយន្ត ដែលធ្វើឡើងទៅកាន់កំពូលភ្នំមួយ។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បាន អះអាងដែរថា «ភ្នំសំពៅ ២០២១»។ ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបានរៀបរាប់ថា «ភ្នំសំពៅ ២០២១ អាប់ដេតសាហាវ តែប៉ុណ្ណេះ លែងចុករោយដៃ ជើងទៀតហើយ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image និងការបញ្ជាក់ពីខាងមន្ទីរទេសចរណ៍ខេត្តបាត់ដំបងផ្ទាល់ ដែលនាំឲ្យទៅរកឃើញការពិតប្រភពដើមនៃ រូបភាពជណ្តើរយន្ត ដែលមានទម្រង់ដូចគ្នាទាំងស្រុង។
តាមរយៈការបង្ហោះរូបភាពមួយដែលមានទម្រង់ដូចគ្នាទាំងស្រុងនៅលើបណ្តាញទំព័រហ្វេសប៊ុក China Elevator Consultant កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដែលបានបញ្ជាក់ថា រូបថតនេះ គឺត្រូវបាន ថតឡើងនៅក្នុងតំបន់ភ្នំមួយដែលមានឈ្មោះថា Taihang ស្ថិតនៅក្នុងខេត្តហឺប៉ី ប្រទេសចិន។ សារបង្ហោះមួយនេះ គឺត្រូវបានបង្ហោះមុនរយៈពេល៣ថ្ងៃ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាយើង បានយកមកបង្ហោះបន្ត ដែលបានអះអាងថានៅភំ្នសំពៅទៅវិញ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Chinese escalator in the mountains» ប្រែជាភាសាខ្មែរមានន័យថា «ជណ្តើរយន្តរបស់ប្រទេសចិននៅតាមតំបន់ភ្នំ»។
ឆ្លើយតបនឹងការសាកសួរពី Fact Crescendo Cambodia តាមប្រព័ន្ធផ្ញើសារ Messenger នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបដិសេធទៅនឹងព័ត៌មានខាងលើនេះ ហើយបញ្ជាក់ថា មិនមានជណ្ដើយន្តត្រូវបានដំឡើងនៅភ្នំសំពៅនោះឡើយ។
ឆ្លើយតបនឹងការសាកសួរបន្ថែមពី Fact Crescendo Cambodia តាមរយៈប្រព័ន្ធផ្ញើសារនៅថ្ងៃនេះ អ្នកប្រើហ្វេសប៊ុកដែលបានអះអាងខាងលើ ប្រាប់ថា គាត់បានយករូបថតជណ្ដើរយន្តនេះចេញពីទំព័រហ្វេសប៊ុក China Elevator Consultant ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកតាមដានតែប៉ុណ្ណោះ។ លោកក៏បានទទួលស្គាល់ដូចគ្នាផងដែរថា រូបភាពដែលបង្ហាញអំពីជណ្តើរយន្តនេះ មិនមែនស្ថិតនៅភ្នំសំពៅ ខេត្តបាត់ដំបងនោះទេ។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាអះអាងថាជាទិដ្ឋភាព ជណ្តើរយន្តនៅភ្នំសំពៅ ខេត្តបាត់ដំបងនោះ គឺមិនមែនជាការពិតទេ។ គ្មានជណ្ដើយន្ត ត្រូវបានដំឡើងនៅឯភ្នំសំពៅនៃទឹកដីខេត្តបាត់ដំបងនោះឡើយ ហើយជណ្ដើរយន្តឡើងភ្នំនៅក្នុងរូបថតនោះ គឺជាជណ្ដើរយន្តដែលត្រូវបានដំឡើងនៅឯភ្នំ Taihang ស្ថិតនៅក្នុងខេត្តហឺប៉ី ប្រទេសចិន។

Title:រូបថតមួយសន្លឹកដែលបង្ហាញអំពីជណ្តើរយន្តនេះស្ថិតនៅក្នុងខេត្តហឺប៉ី ប្រទេសចិន
Fact Check By: Kakada SimResult: False