Fact Check: រូប​ថត​មួយ​បង្ហាញ​​ទិដ្ឋ​ភាព​​កក​កុញ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ មិន​មែន​នៅ​ខេត្ត​រតន​គិរី​ទេ​

False Social

ខេត្ត​រតន​គិរី​ ជា​ខេត្ត​មួយ​នៅ​ភូមិ​ភាគ​ឦ​សាន​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥៨៦​​គីឡូម៉ែត្រ​ពី​រាជ​ធានី​​ភ្នំ​ពេញ​។​ វា​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិយ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ទន្ទឹម​គ្នា​​នេះ ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ការកកស្ទះនៃការធ្វើដំណើរតាមទូក​នៅតាម​ផ្លូវទឹកមួយ​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា​ រូបថត​នេះស្ថិតនៅ​ក្នុង​​ខេត្ត​រតន​គិរី​។ រូប​​នេះ​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ជា​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ក្តី ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០២០​កន្លង​ទៅ​​នេះ ​មាន​អ្នក​ប្រើ​​​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​សន្លឹក ដែល​​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការ​កក​កុញ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ ថែម​ទាំង​បាន​អះ​អាង​ ទៀត​ថា​ វា​ស្ថិត​នៅ​ក្នុង​ខេត្ត​រតន​គិរី​។ ការ​​អះ​​អាង​​នេះ​ត្រូវ​​បាន​​ចែក​​រំ​លែក​​ត​ៗ​​គ្នា​​ជា​ច្រើន​​ដង​​ ពី​សំណាក់​​អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​និ​យាយ​​ភា​សា​​ខ្មែរ​។

រូប​ភាព​​ផ្ដាម​​ចេញ​​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់ ដែល​បាន​រៀប​រាប់​​ថា​​ «ពី​មុន​ទឹក​រីង​សុទ្ធ​តែ​ត្រី​ ឥឡូវ​ទឹក​រីង​សុទ្ធ​តែ​យួន​ (នៅ​រតនៈ​គីរី​)»​។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបថត​តាមរយៈ​កម្មវិធី​ Google Reverse Image​ ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ប្រភព​មួយ​ចំនួន​​នៃ​រូបភាព​​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​យ៉ាង​កក​កុញ​តាម​ផ្លូវ​ទឹក​មួយ​​។

រូប​ភាព​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​​នៅ​ក្នុង​គេហ​ទំព័រ​មួយ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ មួយ​ឆ្នាំ​មុន​អ្នក​ប្រើ​បណ្តាញ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​បាន​យក​មក​បង្ហោះ​បន្ត​ ជាមួយ​ការ​​អះអាង​​ថា ​វា​ជា​រូប​ភាព​នៅ​ក្នុង​ខេត្ត​រតន​គិរី​ទៅ​វិញ​។ ​គេហ​ទំព័រ​ដដែល​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ វា​គឺ​ជា​ទិដ្ឋ​ភាព​នៃ​ការ​កក​ស្ទះ​មួយ​​នៅ​ភាគ​ខាង​ត្បូង​ក្នុង​ប្រទេស​វៀតណាម​។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ Reddit ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ “Traffic jam in the watery southern spot of Vietnam” ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ «ការ​កក​ស្ទះ​ចរាចរណ៍​ផ្លូវ​ទឹក​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ វៀត​ណាម​»។

Reddit | Archived Link 

ក្រៅ​ពី​រូប​ថត​មួយ​សន្លឹក​ខាង​លើ​នេះ Fact Crescendo Cambodia ​ក៏​បាន​រក​ឃើញ​រូបថត​ផ្សេងៗស្រដៀង​គ្នា​ទៀត​ ដែល​ត្រូវ​បាន​ថត​ និង​ផ្សព្វផ្សាយ​ជា​ច្រើន​។ គេហ​ទំព័រ​មួយ​ បាន​បង្ហោះ​រូប​ភាព​​រួម​ជាមួយ​នឹង​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា​ «Amazing Mekong Delta Tour at Ben Tre Vietnam» ឬ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ «ដំណើរ​កម្សាន្ត​នៅ​ក្នុង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ដ៏​អស្ចារ្យ​នៅ​ Ben Tre ប្រទេស​វៀតណាម​»។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ NiceRightNow ដែល​បាន​បង្ហាញ​រូប​ភាព​ទូក​ដែល​មាន​សភាព​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​​រូប​ភាព​ដែល​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ខាង​លើ​។

NiceRightNow Link | Archived Link

មុន​ពេល​មាន​ជំងឺ​ឆ្លង​កូវីដ​១៩​ បាន​ផ្ទុះ​ឡើង​ ការ​ជិះ​ទូក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្តាយ​ដី​​សណ្ត​ទន្លេ​មេគង្គ​នៅតំបន់​​ Ben Tre នេះ​ ​មាន​សភាពពោរ​ពេញទៅ​ដោយ​ទូក​ទេសចរណ៍​​​កក​កុញ និង​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​អ៊ូ​អរ​​ជា​ច្រើន​ ដែល​បាន​បណ្តាល​ឲ្យ​​មាន​ការ​កក​ស្ទះ​សឹង​តែ​គ្រប់​ច្រក​ល្ហក​នៃ​ផ្លូវ​​ធ្វើ​ដំណើរ​។

ដោយ​ឆ្លើយ​​តប​​នឹង​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ជុំវិញ​នឹង​ការ​អះ​អាង​ខាង​លើ​ពី​ Fact Crescendo Cambodia នៅ​ល្ងាច​​ថ្ងៃ​​ទី​​១១​ ខែ​ឧសភា​នេះ​តាម​រយៈ​ប្រព័ន្ធ​​បណ្តាញ​​សង្គម​ រដ្ឋបាល​ខេត្ត​រតនគិរី​ បាន​បដិសេធ​​ចំពោះ​ការ​អះអាង​លើ​រូបថត​នេះ ដោយ​​បញ្ជាក់​យ៉ាង​ដូចេ្នះ​ថា​ «នៅ​ក្នុង​ខេត្ត​រតនគិរី​ មិន​មាន​ទី​កន្លែង​ណា​ដែល​មាន​សភាព​បែប​នេះ​ទេ​»។

លោក​ក៏​បាន​បន្ត​ផង​ដែរ​ថា​ «រូប​ភាព​នេះ​ គឺ​ជា​រូប​ភាព​ដែល​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​យក​មក​លាប​ពណ៌​គ្មាន​ប្រភព​ច្បាស់​លាស់​ ដើម្បី​កេង​ចំណេញ​នយោ​បាយ​ប៉ុណ្ណោះ​»។

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ថា រូបថត​កក​ស្ទះ​តាម​ផ្លូវ​ទឹក​មួយ​នៅ​ក្នុង​ខេត្ត​រតនគិរី មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​ពិត​ រូប​ថត​​នៃ​ទិដ្ឋភាព​កក​ស្ទះ​ទូក​ទេសចរណ៍​នេះ ​ត្រូវ​បាន​គេ​ថត​ឡើង​ក្នុង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​។

Avatar

Title:Fact Check: រូប​ថត​មួយ​បង្ហាញ​​ទិដ្ឋ​ភាព​​កក​កុញ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ មិន​មែន​នៅ​ខេត្ត​រតន​គិរី​ទេ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *