Fact-Check: តើ​ផ្ទះ​ទាំង​នេះ​ជា​លំនៅឋាន​សម្រាប់​និគម​ជន​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​​មែន​ទេ?

False Political

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ

ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​ ព័ត៌មាន ពិត បាន​បង្ហោះ​រូបថត ៣​សន្លឹក ដែល​បង្ហាញ​ផ្ទះ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ស្ថិត​នៅ​ជា​ជួរ និង​រូបថត​ក្រុម​មនុស្ស​ដេក​នៅ​តាម​ព្រៃ​ជាមួយ​បង្វេច​ និង​សម្ពាយ។ ខ្លឹមសារ​នៃ​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​នេះ សំដៅ​ដល់​ន័យ​ថា ជន​ជាតិ​វៀតណាម​ទទួល​បាន​ផល​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ ខណៈ​ពលរដ្ឋ​កម្ពុជា​ ដេក​នៅ​តាម​ព្រៃ​ឈើ​។

អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​ចែក​រំលែក​ការ​អះ​អាង​នេះ​ផង​ដែរ ជាពិសេស​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។

រូបភាព​ផ្ដាម​ចេញ​ពី​ការអះ​អាង​នោះ រៀបរាប់​ថា «វាសនា​ខ្មែរ​មិន​ស្មើ​យួន​៧​មករា​ទទួល​បាន​ផ្លែ​ផ្កា​ក្រោម​ផែនការ​បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ ដែល​យួន​ប្រើ​កម្លាំង​ប្តូរ​របប​ដាក់​ខ្មែរ​ខួរ​យួន​ដើម្បី​ធ្វើ​ជា​ខ្សែ​ញាក់​បម្រើ​ឱ្យ​នយោបាយ​យួន»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​រូបថត​ទាំង​នេះតាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់​ Google ដែល​នាំ​ឱ្យ​ទៅ​ដល់​រូបថត និង​ព័ត៌មាន​លម្អិត​នៃ​រូប​ថត​មួយ​សន្លឹក​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាះ​ផ្ទះ​ត្រូវ​បាន​សាង​សង់​ឡើង​ជា​ជួរ​ត​គ្នា​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​នឹង​​អត្ថបទ​មួយ​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​។ ខ្លឹមសារ​នៅ​ក្រោម​រូបថត​មួយ​សន្លឹក​នេះ រៀបរាប់​ថា គ្រឿង​ចក្រ​មួយ​គ្រឿង ឈូស​ឆាយ​ដី​នៅ​មុខ​ផ្ទះ​ទើប​សាង​សង់​ថ្មី​កាល​ពី​ឆ្នាំ​មុន​(២០១៦)​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​លោក ហេង សំរិន។ សារព័ត៌មាន​មួយ​នេះ បាន​បញ្ជាក់​ថា បាន​យក​រូបថត​នេះ​ពី​ហ្វេសប៊ុក។

រូបថត​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «Samrin’s hometown technically in Vietnam» ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «តាម​បច្ចេកទេស ភូមិ​កំណើត​លោក [ហេង] សំរិន ស្ថិត​ក្នុង​ប្រទេស​វៀតណាម»។

Phnom Penh Post’s report | Archived Link

អត្ថបទ​មួយ​ទៀត​របស់​សារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​ភូមិ​កើត​នៅ​ក្នុង​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច ស្ថិត​ក្នុង​ស្រុក​ពញាក្រែក ដែល​ពីម​ុន​ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម ប៉ុន្តែ បច្ចុប្បន្ន​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​​ខេត្ត​ត្បូងឃ្មុំ​។

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​រូបថត​ ៩​សន្លឹក​ផ្សេង​ទៀត​នៃ​ប៉ុស្តិ៍​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហេង សំរិន កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក​ផង​ដែរ។

Facebook Post | Archived Link

ផ្ទះ​ទាំង​នេះ ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ឯ​ភូមិ​កំណើត​របស់​លោក ហេង សំរិន ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច ស្ថិត​នៅ​ក្នុង​ឃុំ​កក ស្រុក​ពញាក្រែក ជាប់​នឹង​ព្រំដែន​កម្ពុជា-វៀតណាម។ ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទាំង​ពីរ​នេះ មាន​ពីរ​ប្រភេទ​ផ្សេង​គ្នា។

Google Map | Archived Link

Google Map | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​បង្ហោះ​រូបថត​ជាមួយ​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​នេះ មិន​មែន​សាង​សង់​ឡើង​សម្រាប់​និគម​ជន​វៀតណាម ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​រៀបចំ​ឱ្យ​ចាក​ចេញ​ពី​រស់​នៅ​លើ​ទឹក​មក​នៅ​លើ​គោក​នោះ​ឡើយ។ ផ្ទះ​ដូចៗ​គ្នា​នេះ ត្រូវ​បាន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កម្ពុជា​នា​ពេល​បច្ចុប្បន្ន កសាង​ឡើង​នៅ​ភូមិ​កំណើត​របស់​លោក​ស្ថិត​នៅ​ឯ​ភូមិ​​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច ស្ថិត​នៅ​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

Avatar

Title:តើ​ផ្ទះ​ទាំង​នេះ​ជា​លំនៅឋាន​សម្រាប់​និគម​ជន​វៀតណាម​នៅ​ខេត្ត​កំពង់ឆ្នាំង​​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *