
ការកាប់ឈើខុសច្បាប់នៅកម្ពុជា និងការនាំចេញឈើពីកម្ពុជាទៅក្រៅប្រទេស គឺជាបញ្ហាដែលត្រូវបានជជែកមកជាច្រើនឆ្នាំមកហើយ ហើយរូបថត ឬរូបភាពនៃការបាត់បង់គម្រប់ព្រៃឈើ ត្រូវបានគេបង្ហោះ ឬចែកចាយនៅលើបណ្ដាញសង្គមផងដែរ។ ថ្មីៗនេះ រូបថតមួយសន្លឹកត្រូវបានបង្ហោះលើបណ្ដាញសង្គម ដែលនាំឱ្យមានការសន្និដ្ឋានថា រូបថតនេះបង្ហាញពីការកាប់ឈើដោយខុសច្បាប់នៅកម្ពុជា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ទៅរូបថតមួយសន្លឹកនេះ រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវទេ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញដើមឈើជាច្រើន ត្រូវបានកាត់ផ្ដួល និងតំរៀបគរលើគ្នានៅក្នុងព្រៃមួយ។ អ្នកប្រើហ្វេសប៊ុកដដែលនេះ បានរៀបរាប់ថា ដើមឈើមានអាយុកាលរាប់ពាន់ឆ្នាំជាច្រើនដើម ត្រូវបានគេកាប់ផ្ដួលរំលំត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
អ្នកប្រើហ្វេសប៊ុករូបនេះ មិនបានបញ្ជាក់ទេថា ដើមឈើទាំងដែលត្រូវបានគេកាប់ផ្ដួលទាំងនោះ ស្ថិតនៅទីណានោះទេ ប៉ុន្តែ ប៉ុស្តិ៍ហាក់សំដៅដល់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
រូបថតជាមួយសំណេរនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរចែករំលែកតៗគ្នាជាច្រើនរួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកនោះ សរសេររៀបរាប់ថា «ឈរខ្ពស់ស្កឹមស្កៃរាប់រយពាន់ឆ្នាំ តែមួយប៉ប្រិចភ្នែកសោះ ដេកស្ដូកគ្មានថ្ងៃត្រឡប់វិញ»។
ការពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំទៅដល់រូបថតដើម និងព័ត៌មានលម្អិតនៃរូបថតនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយជាមួយអត្ថបទព័ត៌មានមួយនៃសារព័ត៌មាន Mongabay កាលពីឆ្នាំមុន។ ព័ត៌មានលម្អិតនៃរូបថតនេះ បង្ហាញពីការកាប់ឈើដោយខុសច្បាប់នៅលើដីព្រៃជនជាតិដើមភាគតិច Pirititi ស្ថិតក្នុងតំបន់អាម៉ាហ្សូន កាលពីខែឧសភា ឆ្នាំ២០១៨កន្លងមក។
រូបថតនេះមួយសន្លឹកនេះ ត្រូវបានថតដោយលោក Felipe Werneck ជាអ្នកសារព័ត៌មានរាយការណ៍អំពីបញ្ហាបរិស្ថាននៃស្ថាប័ន Ibama របស់ប្រទេសប្រេស៊ីល។ រូបថតបង្ហាញការកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឈើបៃតងអាម៉ាហ្សូន ត្រូវបានបង្ហោះចូលក្នុងបណ្ដាញសង្គមរូបថត Flickr។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជាទេ។ រូបថតនេះ បង្ហាញពីការកាប់ឈើនៅក្នុងតំបន់អាម៉ាហ្សូន ស្ថិតក្នុងប្រទេសប្រេស៊ីល កាលពីខែឧសភា ឆ្នាំ២០១៨កន្លងមក។

Title:រូបថតមួយសន្លឹកបង្ហាញគំនរឈើដ៏ច្រើនមិនមែនជាវិនាសកម្មព្រៃឈើនៅកម្ពុជាទេ
Fact Check By: Jay UdomResult: False
