កោះ​ត្រល់​​ជា​ភាសា​ខ្មែរ​ ឬ​កោះ​ភូកុក​ជា​ភាសា​វៀត​ណាម​ ​​បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​។ ថ្មី​ៗ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បានបង្ហោះ​​រូប​ថតប្រជុំ​​កោះ​ភូ​កុក​មួយ​នេះជាមួយ​​ការ​​អះ​អាង​ថា ​កោះ​នេះ​ស្ថិត​នៅ​យ៉ាង​ជិត​បង្កើយ​នឹង​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​របស់​​ប្រទេស​កម្ពុជា​។ ទោះ​​យ៉ាង​​ណា​​ការ ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​២៩​​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​គណនី​ហ្វេសប៊ុក​មួយ ​​បាន​​​​​បង្ហោះ​​រូប​​ថត​​មួយ​​សន្លឹក​​​បង្ហាញ​​អំពី​​​ ផ្ទៃ​សមុទ្រ និងកោះ។​ គណនី​ហ្វេសប៊ុក​​ដដែល​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរទាក់ទង​ទៅ​នឹង​រូប​ថត​មួយ​នេះ​​ថា ជា​ទិដ្ឋ​ភាព ​កោះ​ត្រល់​ ហើយ​ឆ្នេរ​ពណ៌​ស គឺ​ជា​ឆ្នេរ​សមុទ្រ​នៅ​​ខេត្ត​កែប​ នៃ​ប្រទេស​កម្ពុជា​។​​

ការ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ហ្វេសប៊​ុក​រហូត​ទៅ​ដល់​រាប់​រយ​ដង​នា​ពេល​ថ្មី​ៗ​នេះ​រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​។​

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​គណនី​ហ្វេសប៊ុក​នោះ ​​រៀប​រាប់ថា​​ «​​កម្ពុជាអាចទាមទារយកកោះត្រល់ កម្ពុជាក្រោម និងទឹកដីជាច្រើនទៀតមកវិញបាន បើកម្ពុជាមានរដ្ឋាភិបាលថ្មី ដឹកនាំដោយមិនមែនត្រកូលហ៊ុន!»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាពរូប​ថត​មួយ​នេះ​ ​​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។

រូប​ថត​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​បាន​​រក​​ឃើញ​​នៅ​ក្នុង​គេហ​ទំព័រ​ Phu Quoc Tourism ​​ជា​គេហ​ទំព័រមួយ​របស់​រដ្ឋ​បាល ​វៀត​ណាម​ដែល​មាន​ព័ត៌​មាន​នានា​ រួម​ទាំង​ប្រវត្តិសាស្ត្រ បច្ចុប្បន្ន​ភាព​ និង​ផែន​ការ​ធ្វើ​ដំ​ណើរ​កម្សាន្ត​ទាក​់​ទង​ទៅ​នឹង​កោះ​ មួយ​នេះ។

គេហ​ទំព័រ​ដដែល​នេះ​​​ក៏​បាន​ភ្ឋាប់​ជាមួយ​​​នឹង​ការ​​សរសេរ​រៀប​​រាប់ជា​ភា​សា​អង់​គ្លេស​​ផង​ដែរ​ថា​ «Located in the south west of Vietnam, Phu Quoc island together with other surrounding islets founded Phu Quoc archipelago (which is now Phu Quoc district in Kien Giang province)» ឬ​​ដែល​​អាច​​ប្រែ​​សម្រួល​​ជា​​ភាសា​​ខ្មែរ​​ថា​ «កោះ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​វៀតណាម​។​ កោះ​ភូកុក​រួម​នឹង​ជាមួយ​ប្រជុំ​កោះ​ជុំវិញ​នោះ​បាន​បង្កើត ​ជា​ប្រជុំ​កោះភូកុក​​ (ដែល​ឥឡូវ​ជា​ស្រុក​ភូកុក​ ក្នុង​ខេត្ត​គៀង​យ៉ាង​ ប្រទេស​វៀត​ណាម​)»។

Phu Quoc Tourism Link | Archived Link

រូប​ថត​ដូច​គ្នា​មួយ​សន្លឹក​នេះ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ផង​ដែរ​ នៅ​ក្នុង​គេហ​ទំព័រ​ Phu Quoc Greentour ​​បាន​សរសេរ​ រៀបរាប់​អំពីទី​ប្រជុំ​ជន​អានថូ​ដែល​ជា​​បណ្តុំ​​កោះ​ជុំ​វិញ​កោះភូកុក​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហ​ទំព័រ​​​ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «An Thoi township, situated on the southern tip of the island. The An Thoi district consists of 15 islands stretching to southwest form the town.» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «​​​​​ទី​ប្រជុំ​ជន​អានធួយ​​មាន​​ទី​តាំង​ស្ថិត​នៅ​ចុង​ខាង​ត្បូង​នៃ​កោះ​ ដែល​​មាន​កោះ​ចំនួន​សរុប​១៥»។

Phu Quoc Greentour Report | Archived Link

រូបភាព​មួយ​ផ្តាម​ចេញ​ពី​គេហទំព័រ​ Google Map បាន​បង្ហាញ​ពី​ទិដ្ឋ​ភាព​ប្រជុំ​កោះ​អានធួយ ដែល​មាន​សណ្ឋាន​ និង​រូប​រាង​ដូច​គ្នា​​ទៅនឹង​រូប​ថត​ដែល​គណនី​ហ្វេស​ប៊ុក​បាន​អះអាងខាង​លើ​។​ ​ខាង​ក្រោម​នេះ​គឺ​ជា​ទីតាំង​របស់​កោះ​​ Hon Dam Trong និង​កោះ​ Hon Dam Ngoa​ ដែល​ជា​ស្ថិត​នៅ​​​ក្បែរ​ទៅ​នឹង​កោះ​ភូកុក​។

Google Map | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិនបាន​បង្ហាញ​អំពី​​​ទិដ្ឋ​ភាព​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​​របស់​​ប្រទេស​កម្ពុជា​​នោះ​ទេ​​។ ​​រូប​ថត​​ មួយ​​សន្លឹក​​នេះ​​ គឺ​​​ជា​បណ្តុំ​កោះ​ត្រល់​ ឬ​វៀតណាម​ហៅ​ថា កោះ​ភូ​កុក។​

Avatar

Title:រូបថត​កូន​កោះ​មួយ​ស្ថិត​នៅ​ជិត​កោះ​ត្រល់​មិន​មែន​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ខេត្ត​កែប​ដូច​ការ​អះ​អាង​ទេ​​​​

Fact Check By: Kakada Sim

Result: False