ម្សៅ​ដោះ​គោ Neysure Gold ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​​ដោយ​ខុស​ច្បាប់​លើ​បណ្ដាញ​សង្គម

False Health

ខណៈ​ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បើក​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ ម្សៅ​ដោះ​គោ​មួយ​ប្រភេទ​យីហោ Neysure Gold ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​អស់​រយៈ​ពេល​ជាច្រើន​ខែ​មក​ហើយ។ វីដេអូ​ពាណិជ្ជកម្ម​ បាន​អះអាង​ថា ផលិត​ផល​មួយ​នេះ​អាច​ព្យាបាល​ជំងឺ​តម្រង​នោម​ដោយ​មាន​ប្រសិទ្ធភាព។ វីដេអូ​ពាណិជ្ជកម្ម បាន​ទាក់ទង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន។ ទោះជាយ៉ាងណា ការ​ស៊ើប​អង្កេត​របស់​យើង រក​ឃើញ​ថា ការ​អះអាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ម្សៅ​ដោះ​គោ​យីហៅ Neysure Gold ត្រូវបាន​គេ​ផ្សព្វផ្សាយ​លក់​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ដោយ​សំដៅ​ទៅ​រក​អតិថិជន​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​តាម​បណ្ដា​ប្រទេសក្នុង​តំបន់ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា ថៃ ភូមា និង​ហ្វីលីពីន។

នៅ​ក្នុង​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​នានា មាន​ការ​អះអាង​ថា ម្សៅ​ដោះ​គោ​មួយ​នេះ អាច​ព្យាបាល​ជំងឺ​ផ្សេងៗ​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស ក្នុង​នោះ​មាន​ទាំង​ជំងឺ​តម្រង​នោម​ផង​ដែរ។

ការ​ផ្សាយ​ពាណិជ្ជកម្ម អះអាង​ថា ផលិត​ផល​នេះ​ទទួល​បាន​ការ​អនុញ្ញាត និង​ការ​ទទួល​ស្គាល់​គុណភាព​ពី​ស្ថាប័ន​សុខាភិបាល​នៅ​តាម​បណ្ដា​ប្រទេស​នានា ដូចជា​សហរដ្ឋ​អាមេរិក និង​ក្រសួង​សុខាភិបាល​របស់​កម្ពុជា​ជាដើម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ម្សៅ​ដោះ​គោ Neysure Gold ជា​ភាសា​ខ្មែរ ដែល​សំដៅ​ទៅ​រក​អតិថិជន​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

Facebook Post | Archived Link

ក្រៅ​ពី​វីដេអូ​ខាង​លើ​នេះ គេ​ក៏​អាច​រក​មើល​ការ​​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល Neysure Gold ជា​ភាសា​ខ្មែរ​​​ផ្សេង​ទៀត ដែល​សំដៅ​ទៅ​រក​អតិថិជន​នៅ​ទីផ្សារ​កម្ពុជា តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived link)។

ផលិត​ផល​យីហោ​មួយ​នេះ ក៏​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​ជា​ភាសា​អង់គ្លេស និង​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​សំដៅ​ទៅ​រក​អតិថិជន​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វីលីពីន​ផង​ដែរ។ សារ​ពាណិជ្ជកម្ម​ទាំង​នោះ សុទ្ធ​តែ​អះអាង​ថា ផលិត​ផល​ Neysure Gold អាច​ព្យាបាល​ជំងឺ​តម្រង​នោម គ្រួស​ក្នុង​តម្រង​នោម និង​ជំងឺ​ផ្សេង​ទៀត ដូចជា សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​ផ្លូវ​ភេទ។

ពាណិជ្ជកម្ម​របស់ Neysure Gold បាន​អះអាង​ថា ផលិត​ផល​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​អាមេរិក និង​មាន​ការ​ទទួល​ស្គាល់​គុណភាព​ពី​ស្ថាប័ន​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ និង​ឱសថ​អាមេរិក (FDA)។

សូម​មើល​វីដេអូ​ផ្សាយពាណិជ្ជកម្ម​ទាំង​ស្រុង​ដែល​មាន​អត្ថាធិប្បាយ​ជា​ភាសា​អង់គ្លេស​ដែល​សំដៅ​ទៅ​រក​ទីផ្សារ​ប្រទេស​ហ្វីលីពីន។

Facebook Post | Archived Link

ម្សៅ​ដោះ​គោ​យីហោ​នេះ ក៏​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ថៃ​ផង​ដែរ ដោយ​សំដៅ​ទៅ​រក​អតិថិជន​ជា​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ថៃ។ ការ​ផ្សាយ​ពាណិជ្ជកម្ម បាន​បន្ត​លើក​ឡើង​ថា ផលិត​ផល​នេះ​អាច​ព្យាបាល​ជំងឺ​តម្រង​នោម​របស់​មនុស្ស​យើង។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​ស្រុង​មាន​សំឡេង​ជា​ភាសា​ថៃ​ដែល​សំដៅ​ទៅ​រក​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ។

Facebook Post | Archived Link

ចំណែក​វីដេអូ​​ខាង​ក្រោម​នេះ គឺ​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ Neysure Gold ជា​ភាសា​ភូមា ដែល​សំដៅ​ទៅ​រក​អតិថិជន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លើ​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ប្រភព​នានា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

បន្ទាប់​ពី​មាន​ការ​អះអាង​ថា ផលិត​ផល​នេះ​ទទួល​បាន​ការ​អនុញ្ញាត និង​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​ហើយ​នោះ យើង​បាន​ស្វែង​រក​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​អំពី​លេខ​បញ្ជីការ និង​លិខិត​អនុញ្ញាត​ឱ្យ​ចែក​ចាយ និង​លក់​ផលិត​ផល​មួយ​នេះ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ពី Fact Crescendo កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៤ លោក អាំង ហុកស៊្រុន ប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណី​អាហារ នៃ​នាយកដ្ឋាន​ឱសថ និង​ចំណី​អាហារ បាន​បញ្ជាក់​ថា ផលិត​ផល Neysure Gold នេះ ពុំ​មាន​លេខ​បញ្ជីការ និង​លិខិត​អនុញ្ញាត​របស់​ក្រសួង​សុខាភិបាល​ទេ។

លោក អាំង ហុកស៊្រុន បន្ត​ថា ក្រសួង​បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​រក​ប្រភព​ដើម​នៃ​ផលិត​ផល​នេះ និង​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​នឹង​ការ​លក់ និង​ចែក​ចាយ​ផលិត​ផល​នេះ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

នៅ​ឯ​ប្រទេស​ថៃ​ឯណោះ​វិញ ស្ថាប័ន​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ និង​ឱសថ​របស់​ប្រទេស​នេះ​ហៅ​កាត់​ថា FDA បាន​បញ្ជាក់​កាល​ពី​ខែ​មេសា​កន្លង​មក​ថា ម្សៅ​ដោះ​គោ​យីហោ​នេះ ត្រូវ​បាន​លក់ និង​ចែក​ចាយ​ដោយ​ខុស​ច្បាប់ និង​គ្មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​នេះ​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ ស្ថាប័ន FDA របស់​ថៃ បាន​បញ្ជាក់​ថា ការ​អះអាង​ថា ផលិត​ផល​នេះ​មាន​ការ​ទទួល​ស្គាល់​ពី​ FDA នោះ គឺ​ជា​ការ​ក្លែង​បន្លំ​ដោយ​ប្រើ​ប្រាស់​លេខ​បញ្ជីការ​របស់​ផលិត​ផល​របស់​ក្រុមហ៊ុន​ផ្សេង។

និយ័តករ​សុវត្ថិភាព​ចំណី​អាហារ​ថៃ បាន​ដាស់​តឿន​ប្រជាជន​ថៃ​កុំ​ឱ្យ​ទិញ​ផលិត​ផល​ម្សៅ​ដោះ​គោ​ខុស​ច្បាប់​នេះ ដោយ​ព្រមាន​ពី​ហានិភ័យ​ធ្លាក់​ខ្លួន​ទៅ​ជា​ជន​រង​គ្រោះ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បំផ្លើស​របស់​ផលិត​ផល Neysure Gold។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​ជូនដំណឹង​របស់ FDA ថៃ នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​​នូវ​ម្សៅ​ដោះ​គោ Neysure Gold ដែល​សំដៅ​ទៅ​រក​អតិថិជន​ថៃ។

Facebook Post | Archived Link

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នោះ ស្ថាប័ន FDA ថៃ បាន​រាយការណ៍​ថា អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​ជន​ល្មើស ២​ក្រុម​ដែល​បាន​លក់​ផលិត​ផល​នេះ​ដោយគ្មាន​លេខ​បញ្ជីការ​ស្រប​ច្បាប់ និង​ផ្សព្វផ្សាយ​បំផ្លើស​ហួស​ពី​ការ​ពិត។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​នោះ មនុស្ស​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ មាន​ក្រុម​ឈ្មួញ​វៀតណាម និង​បុគ្គលិក​ជាជន​ជាតិ​ថៃ ដែល​ធ្វើការ​ឱ្យ​ឈ្មួញ​វៀតណាម​ទាំង​នោះ។

ទោះជាយ៉ាងណា ស្ថាប័ន FDA ថៃ បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​មាន​បណ្ដាញ​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់​បន្ត​ផ្សព្វផ្សាយ​ក្លែង​បន្លំ​ផលិត​ផល​នេះ​​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​អាជ្ញាធរ​ថៃ​កំពុង​បន្ត​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំង​នោះ។

FDA Notice | Archived Link

ទន្ទឹម​គ្នា​នេះ​ដែរ មន្ទីរ​ពេទ្យ​សិរីរាជ នៃ​សាកលវិទ្យាល​ម៉ាហិឌុល នៅ​ក្នុង​ប្រទេស​ថៃ បញ្ជាក់​ថា ស្ថាប័ន​នេះ​ និង​គ្រូ​ពេទ្យ​នៅ​ស្ថាប័ននេះ មិន​ពាក់​ព័ន្ធ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្លែង​បន្លំ​របស់​ផលិត​ផល Neysure Gold នោះ​ឡើយ។

មន្ទីរ​ពេទ្យ​ដ៏​ធំ​របស់​ថៃ​មួយ​នេះ បញ្ជាក់​ថា តួ​សម្ដែង​នៅ​ក្នុង​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​នានា មិន​មែន​ជា​វេជ្ជ​បណ្ឌិត ឬ​បុគ្គលិក​វេជ្ជសាស្ត្រ​បម្រើការ​នៅ​មន្ទីរ​ពេទ្យ​មួយ​នេះ​ឡើយ។

មន្ទីរ​ពេទ្យ​សិរីរាជ បញ្ជាក់​ទៀត​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល Neysure Gold គឺ​ជា​ទម្រង់​មួយ​នៃ​ព័ត៌មាន​ក្លែង​ក្លាយ និង​បាន​ដាស់​តឿន​សាធារណជន​កុំ​ឱ្យ​ជឿ​ទៅ​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្លែង​បន្លំ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម។

Siriraj Hospital Notice | Archived Link

ដោយសារ​តែ​ផលិត​ផល​នេះ​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​សំដៅ​ទៅ​រក​ទីផ្សារ​ហ្វីលីពីន​នោះ យើង​បាន​ស្វែង​រក​ព័ត៌មាន​ និង​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ផលិត​ផល​នេះ​នៅ​លើ​គេហទំព័រ​សាធារណៈ​មួយ​របស់​ហ្វីលីពីន ដែល​បើក​ឱ្យ​មហាជន​ចូល​ទៅ​រក​ព័ត៌មាន​ផ្ទៀង​ផ្ទាត់​អំពី​មុខ​ទំនិញ​ចំណី​អាហារ និង​ឱសថ។ ទោះជាយ៉ាងណា គ្មាន​ព័ត៌មាន ឬ​កំណត់ត្រា​ណា​មួយ​អំពី​ផលិត​ផល​នេះ​នៅ​ក្នុងគេហទំព័រ​មួយ​នេះ​ឡើយ។

វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម ក៏អះអាង​ថា ផលិតផល Neysure Gold នេះ ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព និង​ការ​អនុញ្ញាត​ពី​ស្ថាប័ន​សុវត្ថិភាព​ចំណី​អាហារ និង​ឱសថ​ (FDA) របស់​អាមេរិក​ផង​ដែរ។ ប៉ុន្តែ បន្ទាប់​ពី​ស្វែងរក​យ៉ាង​ល្អិត​ល្អន់​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន FDA យើង​រក​ពុំ​ឃើញ​ព័ត៌មាន ឬ​កំណត់ត្រា​អំពី​ផលិត​ផល​នេះ​ឡើយ។

សំបក​កំប៉ុង​នៃ​ផលិត​ផល​នេះ បញ្ជាក់​ថា ម្សៅ​ដោះ​គោ Neysure Gold នេះ មាន​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ DigiPhar ដែល​គេ​ស្គាល់​ឈ្មោះ​ពេញ​ថា DigiPhar Pharmaceutical Joint Stock Company (DigiPar Pharmaceutical., JSC)។

ព័ត៌មាន​សង្ខេប​របស់​ក្រុមហ៊ុន​នេះ បង្ហាញ​ថា ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ​ធ្វើ​ប្រតិបត្តិការ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ថែ​ទាំ​សុខភាព​នៅ​លើ​បណ្ដាញ​អនឡាញ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម ឬ​កំណត់ត្រា​ផ្សេង​ទៀត​អំពី​ក្រុមហ៊ុន​នេះ​នោះ​ឡើយ។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល Neysure Gold មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ផលិត​ផល​ម្សៅ​ដោះ​គោ​ដែល​ធ្វើ​ទីផ្សាយ​ដោយ​ក្រុមហ៊ុន​វៀតណាម​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​ដោយ​ខុស​ច្បាប់​នៅ​លើ​បណ្ដាញ​សង្គម​នៅ​តាម​ប្រទេស​ក្នុង​តំបន់ ដូចជា កម្ពុជា ថៃ ហ្វីលីពីន និង​ភូមា។

Avatar

Title: ម្សៅ​ដោះ​គោ Neysure Gold ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​​ដោយ​ខុស​ច្បាប់​លើ​បណ្ដាញ​សង្គម

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *