
សកម្មភាព និងការបញ្ចេញមតិរិះគន់ធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់ព្រះមហាក្សត្រកម្ពុជា ត្រូវបានធ្វើឡើងជារឿយៗពីសំណាក់អតីតប្រធានគណបក្សប្រឆាំង និងអ្នកគាំទ្រដ៏ធំមួយ ដែលវាបានក្លាយជាប្រធានបទដេញដោល និងជជែកវែកញែកនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។
នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញរូបថ្នាក់ដឹកនាំកម្ពុជាបានពាក់មួក និងកាន់ទង់ជាតិរបស់ប្រទេសវៀតណាមដែលត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញរូបរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលក្នុងនោះលោក ហេង សំរិន ដែលជាប្រធានរដ្ឋសភានៃកម្ពុជា បានកំពុងឈរកាន់ទង់ជាតិរបស់រដ្ឋកម្ពុជា និងទង់ជាតិវៀតណាម ខណៈដែលសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាទ្រង់បានពាក់មួករបស់ប្រទេសវៀតណាមផងដែរ។
អ្នកប្រើប្រាស់ដដែលខាងលើនេះ ពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតជាក់លាក់អំពីទិដ្ឋភាពនៃរូបថតនោះទេ។
រូបថតនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនរយដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «អ្នកដែលថា ស្តេចធ្វើអី្វមិនកើត ដោយសារនៅក្រោមអំណាចហ៊ុនសែននោះ គឺខុសហើយ តាមពិតពួកវាត្រូវតែគ្នាហ្នឹង ក្បត់ជាតិដូចតែគ្នា ចង់ឬមិនចង់ ស្តេចត្រូវទទួលខុសត្រូវ ជាងហ៊ុនសែនផង អ្នកនិយាយបែបនេះ គឺផ្កាប់មុខនឹងស្តេច គ្រាន់តែចង់លាងគូថឲ្យស្តេចប៉ុណ្ណោះ ស្តេចបានប្រថាប់ត្រាលើទង្វើក្បត់ជាតិជាច្រើន ឲ្យរដ្ឋាភិបាល សូម្បីតែច្បាប់ក៍នៅលើស្តេចដែរ ហេតុអី្វស្តេចមិនក្បត់ជាតិនោះ ពិតណាស់ នេះជាចេតនាស្តេចយ៉ាងច្បាស់ មិនមែនស្តេចមិនចង់ឡើយ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងភិនភាគដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន Radio Free Asia កាលពីថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៥កន្លងទៅនេះ។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន ដែលបានរៀបរាប់ថា «សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (រូបកណ្ដាល) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៦២ នៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នាវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥»។
Radio Free Asia’s Report | Archived Link
ពិធីខួបអនុស្សាវរីយ៍លើកទី៦២ នៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកានេះ ក៏ត្រូវបានផ្សព្វផ្សាយ និងបង្ហោះផងដែរនៅក្នុងគេហទំព័រវីដេអូ Youtube កាលពីថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៥ ដោយទំព័រសារព័ត៌មាន VOD News។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានសរសេររៀបរាប់ថា «កម្ពុជារំឭកខួប៦២ឆ្នាំនៃបុណ្យឯករាជ្យជាតិ ពីអាណាព្យាបាលបារាំង»។
តាមរយៈគេហទំព័រ FreeWeChat ក៏បានផ្សព្វផ្សាយ និងបង្ហោះរូបថតមួយសន្លឹកដែលមានទម្រង់ដូចគ្នារបស់សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាផងដែរ ដែលក្នុងនោះពុំបានបង្ហាញទិដ្ឋភាពថ្នាក់ដឹកនាំរបស់កម្ពុជាកាន់ទង់ជាតិ ឬពាក់មួកវៀតណាមនៅក្នុងពិធីរំឭកខួប៦២ឆ្នាំនៃបុណ្យឯករាជ្យជាតិនោះឡើយ។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានរៀបរាប់ជាភាសាចិនថា «柬埔寨国王与洪森总理出席独立节点灯仪式» ឬប្រែជាភាសាខ្មែរតាមរយៈកម្មវិធី Google Translate ដែលមានន័យថា «ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បានចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិ»។
FreeWeChat Link | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើត្រូវបានកាត់ត មុននឹងបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ការពិតរូបថតមួយសន្លឹកនេះ ពុំបានបង្ហាញទិដ្ឋភាពថ្នាក់ដឹកនាំរបស់កម្ពុជាកាន់ទង់ជាតិ ឬពាក់មួកវៀតណាមនៅក្នុងពិធីរំឭកខួប៦២ឆ្នាំនៃបុណ្យឯករាជ្យជាតិកាលពីឆ្នាំ២០១៥នោះទេ។

Title:តើថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជាបានកាន់ទង់ជាតិ និងពាក់មួករបស់វៀតណាមមែនដែរឬទេ?
Fact Check By: Kakada SimResult: Satire
