វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

False Medical

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ ១ ៧៥៣​ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន​ឆ្លង​ដល់​​ទៅ ១ ២៣៣​ករណី សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះ​អាងពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​​កូវីដ​១៩​នេះ​នៅ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បង្ក​ឱ្យ​កម្មករ​កម្មការិនី​រាប់​រយ​នាក់​រត់​ចេញ​ពី​រោងចក្រ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​កំពុង​រត់​ចេញ​តាម​ច្រក​ទ្វារ​នៃ​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា ក្រុម​មនុស្ស​ទាំង​នោះ គឺ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ផ្អើល​រត់​ចេញ​ពី​រោងចក្រ ក្រោយ​ពី​ក្រុម​មន្ត្រី​របស់​ក្រសួង​សុខាភិបាល​ចុះ​យក​សំណាក​ពី​កម្មករ​ម្នាក់។

វីដេអូ​ឃ្លីប​រួម​ជាមួយ​សំណេរ​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​រាប់​ពាន់​ដង និង​បញ្ចេញ​ប្រតិកម្មចម្រុះ​បែប​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ដ៏​ខ្លី​ប៉ុណ្ណោះ។

រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កម្មករ ៤០០​នាក់​ក្នុង​រោងចក្រ​ចេស្ដា ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ បាន​នាំ​គ្នា​រត់​ផ្អើល​ឈូរ​ឆរ​ដោយ​មាន​កម្មករ​ម្នាក់​ត្រូវ​បាន​ក្រសួង​ចុះ​យក​សំណាក។ មិន​ទាន់​ដឹង​លទ្ធផល​ផង ក៏​នាំ​គ្នា​ផ្អើល​រត់​ចេញ​ទាំង​អស់​គ្នា​តែ​ម្ដង។ ក្រោយ​ពេល​មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋបាល ទើប​កម្មក​រ​ទាំង​អស់​គ្នា​ព្រម​ចូល​ធ្វើ​ការ​វិញ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia (FC Cambodia) បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​វីដេអូ​ឃ្លីប និង​ការ​អះ​អាង​មួយ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ការ​សម្ភាស​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា (GMAC)​អំពី​ហេតុការណ៍​នេះ និង​បាន​សាក​សួរ​ទៅ​កាន់​អ្នក​កាន់​កាប់​ទំព័រ​ហ្វេសប៊ុក​នេះ​ផ្ទាល់​ផង​ដែរ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ FC Cambodia អធិការ​នគរបាល​ខណ្ឌ​ដង្កោ លោក ជឹម ស៊ីថា បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​បែប​នេះ ដោយ​និយាយ​ថា មន្ត្រី​នគរបាល​របស់​លោក​បាន​ចុះ​ទៅ​ស្វែង​រក​ទីតាំង​រោងចក្រ​នោះ ប៉ុន្តែ លោក​ថា គ្មាន​រោងចក្រ​​នេះ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​នោះ​ទេ។

ទោះជាយ៉ាងណា ​វីដេអូ​ឃ្លីប​នោះ​ ត្រូវ​បាន​ដក​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ​ហើយ ក្រោយ​ពី​បង្ហោះ​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មីនា ឬ​ពីរ​សប្ដាហ៍​មុន។

FC Cambodia បាន​រក​ឃើញ​លេខ​ទូរស័ព្ទ​នៃ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​នោះ ហើយ​បាន​សាក​សួរ​គាត់​អំពី​ការ​ពិត​ជុំ​វិញ​វីដេអូ​ឃ្លីប​នោះ​ផង​ដែរ។

ក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ FC Cambodia កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា លោក ប៊ុន តារា ប្រាប់​ថា លោក​គឺ​ជា​អ្នក​សារព័ត៌មាន ENN Hot News និង​ជា​អ្នក​កាន់​កាប់​ទំព័រ​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លីប និង​សំណេរ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ។

លោក ប៊ុន តារា ប្រាប់​ថា លោក​បាន​ទទួល​វីដេអូ​ឃ្លីប​នោះ​ពី​សហការី​របស់​លោក ហើយ​បាន​បង្ហោះ​វីដេអូ​នោះ​ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​ការ​ពិត​នោះ​ឡើយ។

អ្នកសារព័ត៌មាន​រូប​នេះ បញ្ជាក់​ថា លោក​បាន​សម្រេច​ចិត្ត​លុប​វីដេអូ​នេះ​ចេញ​ហើយ​ បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​រក​មិន​ឃើញ​ទីតាំង​នៃ​រោងចក្រ​នោះ ក្រោយ​ពី​ការ​ទាមទារ​ពី​ខាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា។

ជាង​នេះ​ទៀត ក្នុង​កិច្ច​សម្ភាស​ជាមួយ FC Cambodia លោក ខេន លូ ដែល​ជា​អគ្គលេខាធិការ​​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​បញ្ជាក់​ថា សមាគម​លោក​មិន​មាន​ឈ្មោះ​រោងចក្រ​នោះ​ទេ ហើយ​លោក​ថា គ្មាន​សេចក្ដី​​រាយការណ៍​អំពី​ករណី​ផ្ទុះ​ហេតុការណ៍​បែប​នេះ​នៅ​ក្នុង​ចំណោម​រោងចក្រ​ជា​សមាជិក​របស់​សមាគម​នោះ​ឡើយ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ FC Cambodia លោក អ៊ុក ចន្ធូ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវ​ៈ ប្រាប់ថា ក្រុម​មន្ត្រី​ក្រសួង​បាន​ចុះ​ទៅ​ដល់​ទីតាំង​រោងចក្រ​ ហើយ​បាន​ដឹង​ថា ក្រុម​មន្ត្រី​សុខាភិបាល​បាន​ចុះ​ទៅ​យក​សំណាក​ពីកម្មករ​ម្នាក់ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​មែន។

ប៉ុន្តែ លោក អ៊ុក ចន្ធូ បញ្ជាក់​ថា វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ មិន​មែន​ជា​ហេតុការណ៍​កើត​ឡើង​នៅ​រោងចក្រ​នោះ​ទេ ហើយ​ថា វីដេអូ​ឃ្លីប​នេះ គឺ​ជា​វីដេអូ​ឃ្លីប​ចាស់​​ ដែល​ជា​ការ​ហ្វឹក​ហាត់​​សម​បង្ការ​អគ្គិភ័យ​​នៅ​ឯ​រោងចក្រ​មួយ​ស្ថិត​នៅ​តាម​ខេត្ត​កើត​ឡើង​តាំង​ពី ២​ឆ្នាំ​មុន។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ថា ក្រុម​កម្មករ​កម្មការិនី​បាន​ផ្អើល​រត់​ចេញ​ពី​កន្លែង​ធ្វើ​ការ ​ក្រោយ​ពី​មន្ត្រី​សុខាភិបាល​ចុះ​យក​សំណាក​ពី​កម្មករ​ម្នាក់​នៅ​រោងចក្រ​មួយ​​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ អាជ្ញាធរ​មូលដ្ឋាន ​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា និង​មន្ត្រី​ក្រសួង​ការងារ បាន​បញ្ជាក់​ថា គ្មាន​ហេតុការណ៍​នោះ​កើត​ឡើង​នៅ​ថ្ងៃ​ដែល​វីដេអូឃ្លីប​នោះ​ត្រូវ​បាន​បង្ហោះ​ចេញ​នៅ​លើ​ហ្វេសប៊ុក​នោះ​ឡើយ។ ចំណែក​អ្នក​កាន់​កាប់​ទំព័រ​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នេះ ក៏​បាន​សម្រេច​លុប​ចោល​វីដេអូ​នោះ​វិញ បន្ទាប់​ពី​បង្ហោះ​វីដេអូ​ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ។

Avatar

Title:វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *