ខណៈ​ដែល​រូបថត​ប្លែក​ៗជាច្រើនអំពី​ប្រទេស​ចិន ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​បង្គន់​ចល័ត​ប្រើ​ដោយ​ប្រព័ន្ធ​ដ្រូន​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​ដោយ​លើ​បណ្ដាញ​សង្គម​ជា​​ការ​អះ​អាង​ថា​ ប្រទេស​ចិន​បាន​បង្កើត​ប្រភេទ​បង្គន់​ចល័ត​មួយ​នេះ​​​ដោយ​ជោគ​ជ័យ​។​ ការអះអាង​ខាង​លើ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ សំណេរ​ខាង​លើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ SciTej - វិទ្យាសាស្ត្រ​និងប​ច្ចេកវិទ្យា បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​​បង្គន់​ចល័ត​មួយ​គ្រឿង​ ​ដោយ​ភ្ជាប់​ជាមួយ​ស្លាប​កង្ហារ​ដ្រូន​ និង​បាន​អះ​អាង​ថា​ ប្រភេទ​​បង្គន់​ចល័ត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជោគ​ជ័យ​ដោយ​ប្រទេស​ចិន​​។​

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ចែក​រំលែក​ជាច្រើន​រយ​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «ចិន​បាន​បង្កើត​បង្គន់​ចល័ត​បំពាក់​ដ្រូន​ ដោយ​ជោគ​ជ័យ​»។​

Facebook Post | Archived Link

រូប​ថត​ជាមួយ​សំណេរ​ដូច​គ្នា​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ផង​ដែរ​។​ សូម​មើល​រូប​ថត​ និង​ខ្លឹម​សារ​ទាំង​ស្រុង​តាម​រយៈ​តំណភ្ជាប់​មាន​នៅ​ទីនេះ (archived link), ឬ​តំណ​ភ្ជាប់​មួយទៀត​នៅទីនេះ (archived link), និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived link)។

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូប​ថត​មួយ​សន្លឹក​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ ការ​បង្ហោះ​រូប​ថត​នៃ​ការ​រចនា​ម៉ូត​បង្គន់​ចល័ត​ជា​ច្រើន​នេះ​ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​បញ្ជាក់​ថា​ គឺ​ត្រូវ​បាន​រចនា​ និង​បំផុស​គំនិត​នៃ​បង្គន់​ចល័ត​ទាំង​នេះ​ក្រោម​ឈ្មោះ​ «Shattle»។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ រូប​ភាព​បង្គន់​ចល័ត​ទាំង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជោគ​ជ័យ​ពីសំណាក់​ប្រទេស​ចិន​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ បាន​សរសេរ​បញ្ជាក់​ផង​ដែរ​ថា​ រូប​ភាព​បង្គន់​ចល័ត​​ទាំង​នេះ​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​តាម​រយៈ​កម្មវិធី​​បង្កើត​រូបភាព​ AI ដែល​មាន​ឈ្មោះ​ថា​ «Midjourney» តែ​ប៉ុណ្ណោះ​។

Facebook Post | Archived Link

ករណី​អះ​អាង​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ការ​ពិត​ផង​ដែរ​​ដោយ​ក្រុម​ការ​ងារ​ Fact Crescendo នៅ​ក្នុង​ប្រទេសស្រី​លង្កា​​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ ដោយ​បាន​រក​ឃើញ​ថា ​រូប​ភាព​ទាំង​នេះ គ្រាន់តែ​ជា​រូប​ភាព​ដែល​បាន​ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី​បំប្លែង​រូប​ភាព​ AI តែ​ប៉ុណ្ណោះ​។​ សូម​មើល​ខ្លឹមសារ​លម្អិត​នៅទីនេះ

រូបភាព​ដែល​បង្កើត​ឡើង​ដោយ​កម្មវិធី​បំប្លែង​រូប​ភាព​ AI កំពុង​នឹង​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​ ហើយ​មាន​ករណី​ជា​ច្រើន​ដែល​ការ​បង្កើត​នេះ​ បាន​បំភាន់​ និង​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​គិត​ថា​ គឺ​ជា​ការ​ពិត​។​

សូម​អាន​ព័ត៌មាន​លម្អិត​​ដែល​ធ្លាប់​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ការ​ងារ​ Fact Crescendo Cambodia កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ តាម​រយៈ​តំណភ្ជាប់​ ដែល​មាននៅទីនេះ

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​ខាង​លើ​នេះ​ មិន​មែន​ជា​បង្គន់​ចល័ត​បញ្ជា​ដោយ​ប្រព័ន្ធ​ដ្រូន​​ដែល​បាន​ផលិត​ដោយ​ប្រទេស​ចិន​នោះ​ទេ​។​ រូប​ភាព​បង្គន់​ចល័ត​​ទាំង​នេះ​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ AI តែ​ប៉ុណ្ណោះ​។​

Avatar

Title:រូប​ភាព​បង្គន់​ចល័ត​ប្រើ​ដោយ​ដ្រូន​​គ្រាន់​តែ​ជា​រូបភាព​បង្កើត​ឡើង​ដោយ​ AI តែ​ប៉ុណ្ណោះ

Written By: Kakada Sim

Result: False