បន្ទាប់​ពី​សកម្មជន​ការពារ​បរិស្ថាន ៥​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​​នៅ​ដើម​ខែ​កក្កដា​នេះ រូបភាព​បុរស​ម្នាក់​​គូ​រូប​សកម្ម​ជន​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នោះ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា ​ជា​ការពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបភាព​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

រូបថត​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​កម្ពុជា ៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​នោះ ត្រូវ​បាន​គេ​បង្ហោះ​​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា ពិត​ជា​មាន​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​ទាំង ៤​រូប​នោះ។

​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ ដែល​ជឿ​ថា រូបថត​នេះ​ជា​ការ​ពិត។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ទាំង​ស្រុង​​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “អ្នក​ក្លាហាន​ក្នុង​ដួង​ចិត្ត​កម្ពុជា សុខ​ចិត្ត​ស្លាប់​ខ្លួន​កុំ​ឱ្យ​តែ​ស្លាប់​ជាតិ មាន​មនសិកា​រ​ខ្ពស់ មាន​ឧត្ដម​គតិ​ស្នេហា​ជាតិ មាន​បេះដូង​ធំ​ទូលាយ​ប៉ុន​ជាតិ”។

Facebook Post | Archived

រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​សិប​ពាន់​ដង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “វីរៈបុរស​ព្រៃឈើ​ក្នុង​បេះដូង​កម្ពុជា”។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ច្បាប់​ដើម​នៃ​​យុវជន​យុវតី​ទាំង ៤​រូប​ដែល​ស្លៀក​ពាក់​ស និង​កាន់​ផ្ទាំង​បដា​សរសេរ​ “យុត្តិធម៌​ស្លាប់​ហើយ​” ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ដើម​ខែ​កក្កដា​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី០៤ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ដែល​និយាយ​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ ៥​រូប​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​បាន​ផ្សព្វផ្សាយ​រូបថត​របស់​សកម្មជន​ការពារ​បរិស្ថាន។

RFA’s Report | Archived Link

សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ទៀត​របស់​វិទ្យុ​អាស៊ី​សេរី បាន​ឱ្យ​ដឹង​ថា សកម្មជន​ការពារ​បរិស្ថាន​ចំនួន ៥​រូប​រួម​មាន​លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក យឹម លាងហ៊ី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២៤ បន្ទាប់​ពី​តុលាការ​បាន​កាត់​ទោស​ពួកគេ​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ “​រួម​គំនិត​ក្បត់” និង​ “ប្រមាថ​ព្រះ​មហាក្សត្រ”។

នៅ​ក្នុង​ដំណើរ​ផ្ទៀង​ផ្ទាត់​រូបថត​នេះ យើង​បាន​រក​ឃើញ​ថា ​រូបថត​ដែល​បង្ហាញ​អ្នក​គូរ​រូប​ម្នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​អ៊ិនធឹណិត ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី Tempo App នៅ​លើ​ទូរស័ព្ទ​ដៃ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Tempo App ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​កម្សាន្ត YouTube កាល​ពី​ចុង​ឆ្នាំ​២០២២​កន្លង​មក។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបភាព​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​កម្មវិធី Tempo App និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ដើម​ខែ​កក្កដា​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបថត​នោះ ត្រូវ​បាន​កាត់​ត​ដោយ​ប្រើ​កម្មវិធី Tempo App នៅ​លើ​ទូរស័ព្ទ​ដៃ។ រូបថត​ច្បាប់​ដើម បង្ហាញ​សកម្មជន​ការពារ​បរិស្ថាន ៤​រូប​​នៅ​ក្នុង​ក្បួន​ដង្ហែ​ទាមទារ​រក​យុត្តិធម៌​នៅ​ដើម​ខែ​កក្កដា​នេះ មុន​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ដាក់​ឃុំ។

Avatar

Title:រូបភាព​បុរស​ម្នាក់​គូ​រូប​សកម្មជន​បរិស្ថាន​កម្ពុជា​ គឺ​ជា​រូបភាព​បង្កើត​​ពី​កម្មវិធី​ទូរស័ព្ទ​ដៃ

Fact Check By: Jay Udom

Result: Altered