
ការបាត់បង់ធនធានធម្មជាតិរបស់កម្ពុជា តែងតែជាប្រធានបទនៃការជជែកពិភាក្សានៅក្នុងចំណោមសាធារណជនកម្ពុជា ហើយក៏មានការទាមទារឱ្យជួយថែរក្សា និងការពារធ្វើឡើងនៅតាមបណ្ដាញសង្គមផងដែរ។ ក្នុងចំណោមនោះ រូបថតមួយចំនួនត្រូវបានបង្ហោះចូលក្នុងបណ្ដាញសង្គមប៉ុន្មានថ្មីៗនេះជាមួយការអះអាងថា ជាធនធានរ៉ែមាស និងត្បូងមានតម្លៃរបស់កម្ពុជា ដែលត្រូវបានកេងប្រវ័ញ្ចដោយជនបរទេស។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា រូបថតទាំងនោះ ត្រូវភ្ជាប់ដោយមិនត្រឹមត្រូវទៅនឹងការបាត់បង់ធនធានរ៉ែរបស់កម្ពុជានោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថត ៥សន្លឹក ដែលបង្ហាញពីទីតាំងជីកយករ៉ែមួយកន្លែង ត្បូងពណ៌ខៀវ និងកម្ទេចមាស។ គណនីហ្វេសប៊ុកដដែលនេះ អះអាងថា រូបថតដែលបង្ហាញទីតាំងជីកយករ៉ែមួយកន្លែងនោះ គឺស្ថិតនៅក្នុងខេត្តរតនគិរី ហើយត្បូងពណ៌ខៀវដ៏ធំមួយ និងគ្រាប់ត្បូងពណ៌ខៀវតូចៗ គឺជាសម្បត្តិរបស់ខ្មែរ និងជាត្បូងត្រូវបានជីកយកពីខេត្តរតនគិរី។
រូបថតនៃទិដ្ឋភាពភ្នំមួយកន្លែង ត្រូវបានអះអាងថា ជាទីតាំងជីកយករ៉ែមាសនៅក្នុងខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។
រូបថតនៃថ្មខៀវមួយ ត្រូវបានអះអាងថា ត្បូងខៀវដែលជាសម្បត្តិរបស់ប្រទេស និងប្រជាជនកម្ពុជា។
រូបថតនៃដុំពណ៌មាសមួយ ត្រូវបានបង្ហោះភ្ជាប់ជាមួយការអះអាងថា ជាធនធានរ៉ែមាសដែលត្រូវបានរុករក និងធ្វើអាជីវកម្មនៅក្នុងខេត្តរតនគិរី។
រូបថតត្បូងខៀវ ត្រូវបានអះអាងថា ជាត្បូងត្រូវបានរុករក និងធ្វើអាជីកម្មនៅក្នុងខេត្តរតនគិរី ភាគឦសានប្រទេសកម្ពុជា។
រូបថតដុំពណ៌មាស ត្រូវបានបង្ហោះជាមួយរូបថតផ្សេងទៀត ដែលត្រូវបានអះអាងថា ជាធនធានរ៉ែមាសត្រូវបានទាញយកពីខេត្តរតនគិរី ប្រទេសកម្ពុជា។
រូបថតដែលត្រូវបានបង្ហោះជាមួយសំណេរបញ្ជាក់លើរូបថតទាំងនោះ ត្រូវបានចែករំលែកតៗគ្នារាប់រយដឹងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែររួមជាមួយប្រតិកម្មផ្សេងៗ។
រូបភាពផ្ដាមពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកនោះ រៀបរាប់ថា «ទ្រព្យសម្បត្តិនឹង[និង]ធនធានធម្មជាតិរបស់កម្ពុជា មានមហាសាល មិនគួរណា ហុន [ហ៊ុន] សែន លក់យកលុយផ្ដាច់មុខទុកអោយ[ឱ្យ]រាស្ត្រខ្មែរវេទនារហូត ហើយមិននឹកស្មានថា ប្រជាជនដែលកើតនៅលើគំនរមាសពេជ្របែរជាធ្លាក់ខ្លួនក្រតោកយ៉ាករហេមរហាមដើរស៊ីឈ្នួលធ្វើកញ្ជះគេសឹងគ្រប់ប្រទេសទៅហើយនោះ សូមបងប្អូនជនរួមឈាមខ្មែរជួយប្រាប់ផ្ដាំតៗគ្នាដល់កូនចៅខ្មែរជំនាន់ក្រោយៗទៀតថា (សូមកុំជ្រើសយកចោរមកធ្វើជាមេដឹកនាំប្រទេសជាតិយើងអោយ[ឱ្យ]សោះណា!)»។
ប៉ុស្តិ៍ខាងលើនេះ មិនបានបញ្ជាក់ប្រភពនៃរូបថតនោះឡើយ ប៉ុន្តេ រូបថតទាំងនេះ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយកាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០កន្លងមក។ ទំព័រហ្វេសប៊ុកមួយនេះ បានអះអាងថា រ៉ែមាសនៅក្នុងខេត្តរតនគិរី ត្រូវបានរុករកដោយក្រុមហ៊ុនចិន និងដឹកជញ្ជូនយកទៅប្រទេសចិន ខណៈប្រជាជនកម្ពុជាជាម្ចាស់ប្រទេស បានត្រឹមឈរមើលវិនាសកម្មធនធានរ៉ែ។
រូបថតជាមួយការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅជិត ១ម៉ឺនដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុក រៀបរាប់ថា «តំបន់រ៉ែមាសក្នុងខែត្ត[ខេត្ត]រតនគិរី ត្រូវក្រុមហ៊ុនចិនជីកកោះ[គាស់]កើបដឹកជញ្ជូនយកទៅប្រទេសរបស់គេយ៉ាងសប្បាយ។ ខ្មែរម្ចាស់ទ្រព្យបានត្រឹមឈរមើលខាំមាត់ក្ដាប់ដៃឆ្អិតទ្រូងប៉ុណ្ណោះ។ របប ហ៊ុន សែន លក់អស់ហើយ»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតទាំងនេះតាមរយៈការដំណើរការកម្មវិធីស្រាវជ្រាវរូបថតរបស់ Google ដែលនាំឱ្យឈានទៅរកឃើញរូបថតដើម និងខ្លឹមសារនៃរូបថតទាំងនេះ។
រូបថតមួយសន្លឹកដែលមានសរសេរអក្សរ«រតនគិរី»នៅពីលើនោះ ត្រូវបានរកឃើញនៅក្នុងអត្ថបទព័ត៌មានមួយដែលចុះផ្សាយដោយសារសារព័ត៌មានកោះសន្តិភាពកាលពីខែកក្កដា ឆ្នាំ២០១២។ អត្ថបទសារព័ត៌មានទាំងមូល និងរូបថត មិនអាចមើលឃើញនោះឡើយ ប៉ុន្តែ អាចមើលឃើញតាមរយៈការរក្សារូបថតទុកនៅលើ Google Image។ រូបថតនេះ ត្រូវបានចុះផ្សាយក្នុងអត្ថបទក្រោមចំណងជើងថា «កន្លែងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅស្រុកភ្នំព្រឹក»។
ក្នុងកិច្ចសម្ភាសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ទីភ្នាក់ងាររាយការណ៍ព័ត៌មាននៃកាសែតកោះសន្តិភាពប្រចាំខេត្តបាត់ដំបង លោក ឆោម ពិសម័យ បានប្រាប់ថា លោកបានថតរូបថតមួយសន្លឹកនេះនៅឯទីតាំងជីករ៉ែមាសនៅភ្នំព្រឹកកាលពី ៨ឆ្នាំមុន។
Koh Santepheap Daily | Archived Link
ភ្នំព្រឹក គឺជាស្រុកមួយរបស់ខេត្តបាត់ដំបង ស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា។ ស្រុកមួយនេះស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ និងគ្របដណ្ដប់លើឃុំចំនួន ៥ ដែលមានកូនភ្នំតូចៗជាច្រើនផងដែរ។
សេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍ថា រ៉ែមាសនៅតំបន់ភ្នំព្រឹក ត្រូវបានធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត និងគ្មានការត្រួតពិនិត្យត្រឹមត្រូវនោះឡើយចាប់តាំងពីដើមឆ្នាំ២០១១មកម៉្លេះ។
ចំណែករូបថតមួយសន្លឹកដែលបង្ហាញដុំថ្មពណ៌ខៀវដ៏ធំមួយ ត្រូវបានរកឃើញផ្សាយនៅលើគេហទំព័រ Geology In ជាមួយព័ត៌មាននិយាយថា ថ្លើមថ្មពណ៌ខៀវនេះ ត្រូវបានរកឃើញនៅខេត្ត British Columbia ភាគខាងលិចបំផុតនៃប្រទេសកាណាដា។ ថ្លើមថ្មពណ៌ខៀវនេះ មានទម្ងន់រហូតដល់ទៅ ១៨តោន។
រូបថតនៃដុំមាសតូចមួយនេះ ត្រូវបានរកឃើញចុះផ្សាយជាមួយអត្ថបទសារព័ត៌មាននានា ដូចជា សារព័ត៌មាន RT របស់ប្រទេសរុស្ស៊ី សារព័ត៌មាន Romania Insider របស់ប្រទេសរ៉ូម៉ានី សារព័ត៌មាននៅហ្ស៊ីមបាវ៉េ ទ្វីបអាហ្វ្រិក និងសារព័ត៌មាននៅប្រទេសហ្គុយ៉ាណានៅអាមេរិកខាងត្បូង។ ប៉ុន្តែ រូបថតមួយសន្លឹកនេះ មិនមានព័ត៌មានលម្អិតនោះឡើយ។
រូបថតត្បូងពណ៌ខៀវ ត្រូវបានរកឃើញដាក់លក់នៅលើបណ្ដាញអ៊ីនធឹណិតចិន ប៉ុន្តែ ពណ៌លម្អិតអំពីរូបថតនេះ មិនត្រូវបានរកឃើញនោះឡើយ។
រូបថតមួយសន្លឹកទៀតដែលបង្ហាញការក្បង់ដុំមាសតូចៗនោះ ត្រូវបានរកឃើញជាផ្នែកមួយនៃរូបភាពលើគម្របសៀវភៅមួយក្បាលមានចំណងជើងថា «Gold laundering: The dirty secrets of the gold trade and how to clean up» ឬអាចប្រែជាភាសាខ្មែរថា «ការលាងសម្អាតមាស៖ អាថ៌កំបាំងដ៏កខ្វក់នៃជំនួញមាស និងរបៀបលាងសម្អាតវា»។ សៀវភៅនេះ ត្រូវបាននិពន្ធឡើងដោយលោក Mark Pieth សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យបាស៊ែល (University of Basel) នៃប្រទេសស្វីស។
រូបថតមួយសន្លឹកទៀតបង្ហាញនូវដុំមាស ត្រូវបានរកឃើញនៅក្នុងអត្ថបទមួយចុះផ្សាយដោយទស្សនាវដ្ដី Forbe កាលពីខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះ។ ទស្សនាវដ្ដី Forbe បានបញ្ជាក់ថា ខ្លួនបានយករូបថតនេះចេញពីវេបសាយ iStock ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Getty Images។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការបង្ហោះរូបថតជាមួយការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកដែលមានសំណេរថា«ខេត្តរតនគិរី» នោះ មិនមែនជាទីតាំងជីកយករ៉ែមាសនៅខេត្តរតនគិរីនោះឡើយ។ ទីតាំងជីកយករ៉ែមាសនេះ ស្ថិតនៅក្នុងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង។ ចំណែកឯរូបថតបង្ហាញត្បូងមានតម្លៃ និងរ៉ែមាសនោះ ត្រូវបានយកចេញពីវេបសាយនានានៅលើអ៊ិនធឹណិត។

Title:រូបភាពត្រូវបានអះអាងភ្ជាប់នឹងទីតាំងអាជីវកម្មធនធានរ៉ែកម្ពុជាដោយមិនត្រឹមត្រូវ
Fact Check By: Jay UdomResult: Misleading