
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ពូជថ្មីនៃវីរុសអូមីក្រុងដែលបង្កឱ្យកើតកូវីដ-១៩ មានលក្ខណៈកាចសហាវ និងគ្រោះថ្នាក់ជាងវីរុសបំប្លែងខ្លួន Delta ទៅទៀត ហើយមិនបង្ហាញរោគសញ្ញាដូចពូជវីរុសកូវីដ-១៩មុនៗនោះឡើយ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ផ្អែកតាមឯកសារព័ត៌មានគួរឱ្យជឿជាក់នានា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បាននិយាយរៀបរាប់ថា ពូជថ្មីនៃវីរូសកូវីដ-១៩ប្រភេទអូមីក្រុង ឬ Omicron XBB ត្រូវបានរកឃើញថា បង្កឱ្យមនុស្សប្រឈមនឹងអត្រាស្លាប់ខ្ពស់ជាងប្រភេទអូមីក្រុង ដោយពុំមានបង្ហាញរោគសញ្ញាក្អក និងគ្រុនក្ដៅនោះឡើយ ប៉ុន្តែ បង្ហាញត្រឹមរោគសញ្ញាឈឺសន្លាក់ ឈឺក្បាល ឈឺក ឈឺខ្នងផ្នែកខាងលើ បាត់បង់ចំណង់អាហារទូទៅ និងជាពិសេសបង្កឱ្យរលាកសួតយ៉ាងស្រួចស្រាល់។
ការអះអាងខាងលើនេះ បន្តរៀបរាប់ថា វីរុសកូវីដ-១៩ពូជថ្មីរបស់ប្រភេទអូមីក្រុងថ្មីនេះ មិនអាចឱ្យគេដឹងតាមរយៈការធ្វើតេស្តច្រមុះនោះឡើយ ហើយវាឆ្លងរីករាលដាលលឿនចូលទៅក្នុងសហគមន៍។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង ហើយក៏មានការបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងព្រោងព្រាតនៅក្នុងរយៈ ២សប្ដាហ៍ចុងក្រោយនៃដើមឆ្នាំ២០២៣នេះ។
ខាងក្រោមនេះ គឺជាការអះអាងអំពីពូជអូមីក្រុងនៃកូវីដ-១៩ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយកាលពីសប្ដាហ៍មុន។

ខាងក្រោមនេះ គឺជាការបង្ហោះ និងចែកចាយការអះអាងដដែលនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។


ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការប្រែសម្រួលនូវលទ្ធផលនៃការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ ដែលក្រុមការងារ Fact Crescendo នៅប្រទេសស្រីលង្កាបានផ្ទៀងផ្ទាត់រួចមកហើយ។
ក្រុមការងារត្រួតពិនិត្យព័ត៌មានក្លែងក្លាយរបស់ Fact Crescendo ប្រចាំនៅប្រទេសស្រីលង្កា បានផ្ទៀងផ្ទាត់រួចមកហើយនូវការអះអាងដូចគ្នានេះ ហើយក្រុមការងារ Fact Crescendo នៅកម្ពុជា សូមប្រែសម្រួលពីភាសាអង់គ្លេសមកជាភាសាខ្មែរដូចខាងក្រោមនេះ៖
តើវីរុសពូជ XBB ជាអ្វី?
ជាបច្ចេកទេសផ្នែកវេជ្ជាសាស្ត្រ ពូជ XBB នេះ មិនមែនជាប្រភេទថ្មីដាច់ដោយឡែកនៃជំងឺកូវីដ-១៩នោះឡើយ ហើយវាគ្រាន់តែពូជមួយស្ថិតក្នុងក្រុមអូមីក្រុង ដែលបង្កឱ្យកើតមានជំងឺកូវីដ-១៩តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា អត្ថន័យដែលកំណត់ដោយអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ពាក្យ XBB នេះ គឺជាការរួមបញ្ចូលគ្នានៃពូជ BA.2.10.1 និងពូជ BA.2.75 ដែលសុទ្ធតែស្ថិតក្នុងចង្កោមវីរុសអូមីក្រុង។ សូមអានខ្លឹមសារលម្អិតនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ទន្ទឹមគ្នានេះ ក៏មានភាពចម្រូងចម្រាស់លេចឡើងថា តើគេអាចធ្វើតេស្តរកឃើញរោគសញ្ញាជំងឺកូវីដ-១៩ដែលបង្កឡើងដោយវីរុសអូមីក្រុងបំប្លែងថ្មីនេះតាមរយៈឧបករណ៍តេស្តរហ័ស ឬម៉ាស៊ីនតេស្ត PCR ដែរឬយ៉ាងណា។ អ្នកជំនាញមួយចំនួននៅក្នុងវិស័យសុខាភិបាល បានលើកឡើងថា គេអាចរកឃើញវីរុសនេះតាមរយៈឧបករណ៍តេស្តរហ័ស (RAT) [សូមមើលនៅទីនេះ ឬនៅទីនេះ]។
ប៉ុន្តែ មានតែករណីតេស្តមិនឃើញសញ្ញាវិជ្ជមាននោះ មានតែពីរបីករណីប៉ុណ្ណោះ។ ក្រុមអ្នកជំនាញមកពីក្រសួងសុខាភិបាលហ្វីលីពីន បានព្រមានថា វាមានបញ្ហាប្រឈមក្នុងការធ្វើតេស្តរកមេរោគ XBB តាមរយៈឧបករណ៍តេស្តធម្មតា។ សូមអានខ្លឹមសារលម្អិតនៅក្នុងអត្ថបទសារព័ត៌មាន CNN នៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
រោគសញ្ញា និងភាពធ្ងន់ធ្ងរបង្កឡើងដោយពូជអូមីក្រុងបំប្លែងថ្មី XBB
រោគសញ្ញានៃវីរុសបំប្លែងថ្មីនៅក្នុងក្រុមអូមីក្រុងនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងវីរុសបំប្លែងថ្មីអូមីក្រុងដទៃទៀតដែលបង្កឱ្យមានជំងឺកូវីដ-១៩ដែរ។ ទោះជាយ៉ាងណា អ្នកនាំពាក្យនៃស្ថាប័នប្រយុទ្ធនឹងជំងឺកូវីដ-១៩របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានឱ្យដឹងថា វីរុសពូជបំប្លែងថ្មីនេះ បង្កឱ្យមានជំងឺគ្រុនក្ដៅ និងផ្ដាសាយ ប៉ុន្តែ រោគសញ្ញាជាទូទៅមានកម្រិតស្រាល។ ចំណែកឯភាពធ្ងន់ធ្ងរនៃការឆ្លងរីករាលដាលវិញ ស្ថិតនៅកម្រិតទាប។ ប៉ុន្តែ អត្រាឆ្លងវីរុសនេះ មានកម្រិតខ្ពស់។ សូមអានខ្លឹមសារលម្អិតនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ចំណែកឯសេចក្ដីរាយការណ៍របស់សារព័ត៌មានឥណ្ឌា បានឱ្យដឹងថា ភាពធ្ងន់ធ្ងរនៃការឆ្លងវីរុស XBB នេះ ស្ថិតនៅក្នុងកម្រិតទាបប៉ុណ្ណោះ។ សូមអានខ្លឹមសារលម្អិតនៅទីនេះ ឬនៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ។
តើអង្គការសុខភាពពិភពលោកនិយាយអ្វីខ្លះ?
បើតាមអង្គការសុខភាពពិភពលោក ទិន្នន័យថ្មីៗមិនបង្ហាញឱ្យឃើញភាពខុសគ្នាខ្លាំងផ្នែកភាពធ្ងន់ធ្ងរនៃការឆ្លងវីរុសពូជថ្មី XBB នេះឡើយ។ ទោះជាយ៉ាងណា ភស្តុតាងដំបូងៗចង្អុលបង្ហាញពីហានិភ័យនៃការឆ្លងឡើងវិញមានកម្រិតខ្ពស់ជាងពូជដទៃទៀតនៅក្នុងក្រុមអូមីក្រុង។ ករណីឆ្លងឡើងវិញ មានតែចំពោះអ្នកទាំងឡាយដែលបានឆ្លងជំងឺកូវីដ-១៩នៅមុនផ្ទុះវីរុសបំប្លែងថ្មីអូមីក្រុង។ សូមអានខ្លឹមសារលម្អិតនៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ក្រសួងសុខាភិបាលម៉ាឡេស៊ី
ក្រសួងសុខាភិបាលម៉ាឡេស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយច្រានចោលនូវការអះអាងនៅលើបណ្ដាញសង្គម។ ក្រសួងប្រទេសនេះ បានបញ្ជាក់ថា ការអះអាងដែលធ្វើឡើងដោយគ្មានភស្តុតាងវិទ្យាសាស្ត្រ នាំឱ្យមហាជនភ័យខ្លាច និងយល់ច្រឡំ ហើយរដ្ឋាភិបាលម៉ាឡេស៊ី បានណែនាំកុំចែករំលែកបន្តនូវខ្លឹមសារសំណេរគ្មានការផ្ទៀងផ្ទាត់នេះ។ [archived]
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានអរគុណដល់ប្រជាជនដែលនៅតែបន្តពាក់ម៉ាស់នៅពេលចេញទៅក្រៅផ្ទះ ដើម្បីថែរក្សាសុខភាពរបស់ពួកគេ ហើយបញ្ជាក់ថា ការចាក់ថ្នាំវ៉ាក់សាំងនឹងបន្តផ្ដល់អង្គការពារប្រឆាំងនឹងជំងឺកូវីដ-១៩។ ម៉ាឡេស៊ីក៏បានជំរុញប្រជាជនឱ្យទទួលយកវ៉ាក់សាំងដូសជំរុញ ជាពិសេសក្រុមងាយរងហានិភ័យខ្ពស់។ សូមមើលខ្លឹមសារលម្អិតនៅទីនេះ។
តើពូជថ្មីនៃវីរុសបំប្លែងថ្មីអូមីក្រុង XBB អាចមិនឆ្លងកាត់តាមរន្ធចម្រុះ និងវាយប្រហារសួតដែរឬទេ?
វេជ្ជបណ្ឌិត Adrian Wong ត្រូវបានដកស្រង់សម្ដីដែលនិយាយថា «វីរុសកូវីដ-១៩ មិនផ្លាស់ទីទេ ហើយឆ្លងតាមរយៈតំណក់សំបោរតូចៗ និងតាមកំណក់បរិយាកាសដែលយើងដកដង្ហើមចូល។ វីរុសនេះមិនមែនជាមីស៊ីលដែលស្វែងរកគោលដៅជាក់លាក់នោះឡើយ។ វីរុសនេះឆ្លងតាមរយៈខ្យល់ដែលយើងដកដង្ហើម មុននឹងវាចូលទៅដល់សួតរបសើយើង។ នោះហើយជាមូលហេតុដែលយើងប្រើឧបករណ៍រុកចូលរន្ធច្រមុះដើម្បីតេស្តរកមេរោគកូវីដ-១៩»។ សូមអានខ្លឹមសារលម្អិតនៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
នៅក្នុងការសិក្សាមួយដែលចេញផ្សាយកាលពីពីរបីខែមុននៅក្នុងព្រឹត្តិប័ត្រ Microbiology Spectrum ក្រុមអ្នកសិក្សាស្រាវជ្រាវនៅឯមហាវិទ្យាល័យបសុពេទ្យនៃសាកលវិទ្យាល័យ Cornell បានបញ្ជាក់ថា សំណាកតេស្តពីរន្ធចម្រុះ គឺជាវិធីមានប្រសិទ្ធភាពបំផុតដើម្បីតេស្តរកមើល និងតាមដានជំងឺកូវីដ-១៩។ សូមអានខ្លឹមសារទាំងស្រុងនៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
សម្រាប់ព័ត៌មានជាច្រើនទៀត សូមស្វែងរកការផ្សាយរបស់យើងនៅលើបណ្ដាញសង្គមដូចខាងក្រោមនេះ៖
Facebook | Twitter | Instagram | Google News | TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រហូតមកដល់ពេលនេះ គ្មានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពូជថ្មីនៃវីរុសបំប្លែងខ្លួនអូមីក្រុង XBB បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចទៅនឹងការអះអាងលើបណ្ដាញសង្គមនោះឡើយ។
ទិន្នន័យថ្មីៗ មិនបានបង្ហាញពីភាពខុសគ្នាខ្លាំងខាងស្ថានភាពឆ្លងវីរុសបំប្លែងថ្មី XBB នេះឡើយ ប៉ុន្តែ គ្រាន់តែឱ្យដឹងថា ពូជថ្មីនៃក្រុមអូមីក្រុងនេះងាយឆ្លងលឿន ហើយក្រុមអ្នកវិទ្យាសាស្ត្របន្តសិក្សាលើឥទ្ធិពលនៃពូជអូមីក្រុងថ្មីនេះ។

Title: តើពូជថ្មីនៃវីរុសកូវីដ-១៩អូមីក្រុងកាចសហាវដូចការអះអាងលើបណ្ដាញសង្គមមែនឬទេ?
Fact Check By: Jay UdomResult: Misleading
