Fact-Check: ឧកញ៉ា សឺន គុយ ត្រូវ​បាន​​ទាហាន​វៀតណាម​នៃ​រាជ​វង្ស​ង្វៀន​សម្លាប់​នៅ​ឆ្នាំ​១៨៤១

False Political

ខណៈ​ដែល​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះ ប្រធាន​បទ​ទឹក​ដី​កម្ពុជា​ក្រោម និង​ប្រជាជន​ខ្មែរ​នៅ​ទីនោះ ត្រូវ​បាន​ចែក​រំលែក និង​ជជែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​ខ្លី​មួយ​ដែល​បង្ហាញ​រូប​គំនូរ​រស់​រវើក​នៃ​វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំឡេង​រៀប​រាប់​ថា បុព្វ​បុរស​ខ្មែរ​កម្ពុជា​រូប​នេះ ត្រូវ​បាន​របប​វៀតណាម​កុម្មុនីស្ត​សម្លាប់។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​រៀប​រាប់​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​​បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​​ដែល​បង្ហាញ​រូប​គំនូ​រស់​រវើក​នៃ​បុរស​ម្នាក់។ វីដេអូ​នោះ​អះ​អាង​ថា រូប​គំនូ​នោះ គឺ​ជា​វីរ​បុរស​ខ្មែរ​កម្ពុជា លោក សឺន គុយ ដែល​ត្រូវ​​បាន​សម្លាប់​ពី​សំណាក់​រដ្ឋាភិបាល​វៀត​ណាម​កុម្មុនីស្ត។

វីដេអូ​ឃ្លីប​នៃ​គំនូរដ៏​រស់​រវើក​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។

សំឡេង​បរិយាយ​នៃ​វីដេអូ​ឃ្លីប​នោះ រៀបរាប់​ថា «លោក​ឧកញ៉ា សឺន គុយ គាត់​ត្រូវ​បាន​គេ​កាត់​ក្បាល​នៅ​ឆ្នាំ​១៨៤១​ដោយ​ពួក​យួន​កុម្មុយនីស្ត ដើម្បី​ខ្មែរ​​ក្រោម​អាច​អនុវត្ត​សាសនា​ និង​វប្បធម៌​របស់​ពួកគេ​ ជា​វីរបុរស​ជន​ជាតិ​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​នៅ​សតវត្សរ៍​ទី​១៩»។

Video link

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​នៃ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​មើល​ប្រវត្តិ​របស់​លោក សឺន គុយ ដែល​ត្រូវ​បាន​កត់ត្រា​ទុក​ដោយ​ឯកសារ​សំណេរ​មួយ​ចំនួន ហើយ​បាន​រក​ឃើញ​ព័ត៌មាន​លម្អិត​នៃ​ការ​ស្លាប់​របស់​បុព្វ​បុរស​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ។

ព័ត៌មាន​ពី​មរណភាព​របស់​លោក សឺន គុយ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហ​ទំព័រ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា (Khmer Kampucher-Krom Federation) ដែល​សរសេរ​រៀបរាប់​ថា លោក សឺន គុយ ត្រូវ​បាន​កង​ទ័ព​វៀតណាម​សម្លាប់​ដោយ​កាត់​ក្បាល​នៅ​ក្នុង​ឆ្នាំ​១៨៤១ នៅ​ក្នុង​រាជ​ស្ដេត ធៀវ ទ្រី (Thieu Tri) នៃ​រាជ​វង្ស​​ង្វៀន​របស់​ប្រទេស​វៀតណាម។

លោក សឺន គុយ ឬ​ចៅហ្វាយ គុយ មាន​ងារ​ជា​ឧកញ៉ា គឺ​ជា​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង​​ស្ថិត​នៅ​កម្ពុជា ឬ​វៀតណាម​ភាគ​ខាង​ត្បូង​នា​ពេល​បច្ចុប្បន្ន​នេះ។ ឧកញ៉ា សឺន គុយ ត្រូវ​បាន​ទាហាន​វៀតណាម​នៃ​រាជ​វង្ស​ង្វៀន​សម្លាប់ បន្ទាប់​ពី​លោក​បាន​ក្រោក​ឡើង​ដឹកនាំ​ការ​បះ​បោរ​ប្រឆាំង​នឹង​វៀតណាម ដែល​ព្យាយាម​កែ​ប្រែ​ពលរដ្ឋ​ខ្មែរ​​ឱ្យ​គោរព​ និង​អនុវត្ត​តាម​ប្រពៃណី ទំនៀម​ទម្លាប់ និង​ព្រះ​ពុទ្ធ​សាសនា​មហាយាន​របស់​វៀតណាម។

Khmer Kampuchea-Krom Federation | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា សំឡេង​អត្ថាធិប្បាយ​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ឧកញ៉ា សឺន គុយ មិន​មែន​ត្រូវបាន​សម្លាប់​ដោយ​រដ្ឋាភិបាល​វៀតណាម​កុម្មុយនីស្ត​នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។ ឧកញ៉ា សឺន គុយ ឬ​ចៅហ្វាយ គុយ ត្រូវ​បាន​សម្លាប់​ដោយ​កាត់​ក្បាល​ដោយ​ទាហាន​យួន​នៃ​រាជ​វង្ស​ង្វៀន​កាល​ពី​ឆ្នាំ​១៨៤១។

Avatar

Title:ឧកញ៉ា សឺន គុយ ត្រូវ​បាន​​ទាហាន​វៀតណាម​នៃ​រាជ​វង្ស​ង្វៀន​សម្លាប់​នៅ​ឆ្នាំ​១៨៤១

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *