
ការក្លែងបន្លំ និងព័ត៌មានមិនពិតផ្សេងទៀត កំពុងត្រូវបានចែកចាយលើបណ្តាញសង្គមរួមទាំង WeChat ដែលប្រជាជនចិននិយមចូលចិត្តប្រើប្រាស់។ ព័ត៌មានក្លែងបន្លំមួយនេះកើតឡើង បន្ទាប់ពីប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ចំនួន ៦០០,០០០ដូស ដែលជាផ្ដល់ឱ្យដោយប្រទេសចិន។
ខណៈដែលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដោយផ្តោតទៅលើក្រុមជួរមុខ មានមន្រ្តីរដ្ឋាភិបាល គ្រូពេទ្យ គិលានុបដ្ឋាយិកាជាដើមនោះ ក៏ចាប់ផ្តើមមានព័ត៌មានមិនពិត ត្រូវបានបង្កើតឡើងដើម្បីបំភាន់ប្រជាជនចិនដែលកំពុងរស់នៅក្នុងកម្ពុជាអំពីការលក់វ៉ាក់សាំងកូវីដ១៩។
ទោះយ៉ាងណា, ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវទេ។
ការអះអាងតាមបណ្តាញសង្គម៖
ខាងក្រោមនេះ គឺជាការបកប្រែអត្ថបទជាភាសាខ្មែរ ដែលត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅលើវេទិកា WeChat ហើយវាត្រូវបានបញ្ជាក់ដោយអាជ្ញាធរជាផ្លូវការថា វាត្រូវបានបោះពុម្ពផ្សាយដោយលោក Shen Daidong អាយុ ៥១ឆ្នាំ ដែលមានតួនាទីជានិពន្ធនាយកសារព័ត៌មាន អង្គរ ធូដេ មានមូលដ្ឋាននៅក្នុងទីក្រុងសៀមរាប។
ការអះអាងដែលត្រូវបានបកប្រែថា «ទោះបីវាត្រូវបានគេរំពឹងថា មិនគិតថ្លៃក៏ដោយ វាតម្រូវឱ្យបង់ថ្លៃសេវាកម្មចំនួន ១២០ដុល្លារក្នុងមនុស្សម្នាក់ ថ្លៃនេះរាប់បញ្ចូលទាំងការជ្រើសរើសទីតាំង និងការឈប់នៅទីតាំងអាកាសយានដ្ឋាន។ វ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងថ្នាំចិនធម្មតា ហើយត្រូវបានកំណត់សម្រាប់តែ ១០០០នាក់ប៉ុណ្ណោះ»។
ការត្រួតពិនិត្យការពិត
យើងបានចាប់ផ្តើមផ្ទៀងផ្ទាត់ការអះអាងនេះដោយពិនិត្យមើលរូបថត និងប្រភពដែលអាចជឿទុកចិត្តបាន ដែលមានការធ្វើការឆ្លើយតបទៅនឹងការបង្ហោះក្លែងក្លាយមួយនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានអនឡាញ អង្គរ ថាមស៍ ដែលត្រូវបានចែកចាយដោយកម្មវិធីនិពន្ធនាយកព័ត៌មានចិន ដែលអះអាងថា ប្រទេសកម្ពុជាលក់វ៉ាក់សាំងកូវីដ១៩របស់ចិន។
TVK Facebook Post | Archived Link
កម្ពុជាបានសម្រេចបណ្ដេញការីនិពន្ធជនជាតិចិន លោក Shen Kaidong ពីប្រទេសកម្ពុជា និងហាមឃាត់រូបគាត់មិនឱ្យវិលត្រឡប់ចូលមកកម្ពុជាជាថ្មីនោះឡើយ ក្រោយពីផ្សព្វផ្សាយនូវព័ត៌មានបែបនេះ។
សេចក្តីសន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងថា កម្ពុជាលក់វ៉ាក់សាំង Covid-19 ដែលជួយដោយប្រទេសចិន គឺជារឿងមិនពិត។ តាមពិត រដ្ឋាភិបាលកម្ពុជាបានប្រកាសជាសាធារណៈថា នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៅដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃនោះទេ។ រដ្ឋាភិបាលក៏បានប្រកាសផងដែរថា ការចាក់ថ្នាំវ៉ាក់សាំងនេះធ្វើឡើងដោយស្ម័គ្រចិត្ត ហើយមិនត្រូវចំណាយប្រាក់អ្វីទាំងអស់។ អ្នកដែលស្ថិតក្នុងក្រុមអាទិភាពដែលកំណត់ដោយរដ្ឋាភិបាល នឹងទទួលការចាក់វ៉ាក់សាំងមុនគេ។