
ការផ្ទុះឡើង និងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេល ៤៣ថ្ងៃមកហើយនោះ បានបង្ខំឱ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តនានា រឹតបន្តឹងវិធានការការពារ និងបង្ការនានា ទៅតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ទន្ទឹមគ្នានេះ ការអះអាងមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា អាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ តម្រូវរក្សាខ្លួននៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក១៤ថ្ងៃសិនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញ ចូលទៅភូមិសាស្ត្រមួយនេះ។
ទោះជាយ៉ាងណា ក្រុមត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះទេ ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មហាជន។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០២ ខែមេសានេះ ប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា អាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ តម្រូវឱ្យពលរដ្ឋធ្វើដំណើរពីភ្នំពេញចូលទៅស្រុកមួយនេះ ត្រូវធ្វើចត្តាឡីស័ក ឬរក្សាខ្លួននៅដាច់ដោយឡែក ១៤ថ្ងៃសិន។
ការអះអាងនេះដោយទំព័រហ្វេសប៊ុកមួយនេះ ត្រូវបានចែករំលែកបន្តរហូតដល់ពាន់ដង និងមានការបញ្ចេញមតិយោបល់ចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរទៅលើការអះអាងនេះ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ សរសេរថា «អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ តម្រូវឱ្យអ្នកមកពីភ្នំពេញចូលក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់លើការអះអាងនេះតាមរយៈការសម្ភាសជាមួយអាជ្ញាធររបស់ខេត្តតាកែវដោយផ្ទាល់ និងការពិនិត្យមើលទៅលើខ្លឹមសារអត្ថបទព័ត៌មានដែលចេញផ្សាយសារព័ត៌មានហ្វ្រេសញូវស៍ (Fresh News)។
តាមរយៈការត្រួតពិនិត្យលើសេចក្ដីរាយការណ៍របស់សារព័ត៌មាន យើងបានរកឃើញអត្ថបទព័ត៌មានមួយចេញផ្សាយដោយអង្គភាពសារព័ត៌មាន ហ្វ្រេសញូវស៍ កាលពីថ្ងៃទី០២ ខែមេសា ដែលបានដកស្រង់សម្ដីរបស់លោក កែវ វគ្គសែល អភិបាលស្រុកត្រាំកក់។
បើតាមសេចក្ដីរាយការណ៍នោះ លោក កែវ វគ្គសែល និយាយថា សមត្ថកិច្ចរបស់លោកនឹងសាកសួរព័ត៌មានពីពលរដ្ឋដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ភូមិសាស្ត្រស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឬក៏ដាក់ឱ្យនៅដាច់ឡែកសិន។
Fresh News Report | Archived Link
ក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia នៅថ្ងៃទី៤ ខែមេសា លោក កែវ វគ្គសែល បញ្ជាក់ឱ្យដឹងថា ការអះអាងលើបណ្ដាញសង្គម និងអត្ថបទសារព័ត៌មាន មិនត្រឹមត្រូវទាំងស្រុងទៅតាមសម្ដីរបស់លោកនោះឡើយ។
អភិបាលស្រុករូបនេះបន្ថែមថា ក្រុមមន្ត្រីសុខាភិបាល និងសមត្ថកិច្ចតាមមូលដ្ឋាន នឹងសាកសួរព័ត៌មានខ្លះៗពីពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តមួយចំនួនទៀតដែលមានករណីឆ្លងវីរុសកូរ៉ូណាច្រើន មុននឹងសម្រេចថា ត្រូវដាក់ពួកគាត់ឱ្យធ្វើចត្តាឡីស័ក។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងលើបណ្ដាញសង្គម និងសំណេរអត្ថបទរបស់សារព័ត៌មានហ្វ្រេសញូវស៍ គឺជាការភ័ន្តច្រឡំ។ ការពិត អាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ គ្រាន់តែសាកសួរព័ត៌មានខ្លះពីប្រជាពលរដ្ឋធ្វើដំណើរទៅភូមិសាស្ត្រមួយនេះ និងតម្រូវឱ្យពលរដ្ឋមួយចំនួនដែលធ្វើដំណើរមកពីទីតាំងមានការឆ្លងកូវីដ១៩ច្រើន ឱ្យពិនិត្យសុខភាព និងអាចតម្រូវឱ្យរក្សាខ្លួននៅដាច់ដោយឡែក ប្រសិនបើរកឃើញអាការៈសង្ស័យមួយចំនួន។

Title:អភិបាលស្រុកត្រាំកក់ថា ចត្តាឡីស័កសម្រាប់ពលរដ្ឋខ្លះមកពីតំបន់ផ្ទុះកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ
Fact Check By: Jay UdomResult: Misleading