
បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសភូមាកាលពីសប្ដាហ៍មុន រូបថត និងវីដេអូឃ្លីបមួយដែលបង្ហាញមឈូសដាក់សពតម្រៀបគ្នា ត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមជាមួយការអះអាងថា សពទាំងនោះគឺជាជនរងគ្រោះនៃគ្រោះរញ្ជួយដីវាយប្រហារប្រទេសថៃកាលពីចុងខែមីនាកន្លងមកនេះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែកចាយការអះអាងនេះជាមួយការបញ្ចេញអារម្មណ៍តក់ស្លុតចំពោះវីដេអូ និងរូបភាពនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីប ១០វិនាទី និងរូបភាពដែលបង្ហាញក្រុមជួយសង្គ្រោះបានលើកមឈូសផ្ទុកដោយសពដាក់តម្រៀបគ្នានោះ ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាសពជនរងគ្រោះនៃគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសថៃកាលពីចុងខែមីនាកន្លងមកនេះ។
រូបភាពខាងក្រោមនេះ បង្ហាញវីដេអូឃ្លីបដែលត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុកអមជាមួយសំណេរជាភាសាខ្មែរថា “សពដែលរងគ្រោះដោយរញ្ជួយដីនៅថៃថ្ងៃទី២៨ ខែ២៨ ឆ្នាំ២០២៥”។
វីដេអូឃ្លីបជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយបន្តដល់ទៅជាង ១៧,០០០ដង រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដែលបានបង្ហាញអារម្មណ៍តក់ស្លុត និងសោកស្ដាយចំពោះសោកនាដកម្មនេះ។
ខាងក្រោមនេះ គឺជាវីដេអូមានខ្លឹមសារសំណេរដូចគ្នាដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត ហើយក៏ត្រូវបានចែកចាយបន្តយ៉ាងច្រើនផងដែរ។
ក្រៅពីការអះអាងភ្ជាប់ជាមួយវីដេអូឃ្លីបនេះហើយ រូបភាពមឈូសតម្រៀបគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរអះអាងដូចគ្នាដែរ មួយថ្ងៃក្រោយហេតុការណ៍រញ្ជួយដីដែលបានវាយប្រហារប្រទេសភូមា និងថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតមឈូសតម្រៀបជួរគ្នានៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “សពដែលរងគ្រោះដោយរញ្ជួយដីនៅថៃថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥!”។
ដោយសារវាមានភាពផុសផុលនៅលើបណ្ដាញសង្គម គេអាចរកឃើញមើលវីដេអូ និងរូបភាពភ្ជាប់ជាមួយការអះអាងដូចនេះនៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់ជាច្រើនទៀតមាននៅទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived), Link 6 (archived), Link 7 (archived), Link 8 (archived), និង Link 9 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលជួយឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ការដំណើរតាមរយៈ Google Reverse Image Search បាននាំឱ្យយើងរកឃើញរូបភាពនេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយទំព័រហ្វេសប៊ុកថៃមួយឈ្មោះ “อีจัน” (អ៊ីច័ន) កាលពីចុងខែកុម្ភៈកន្លងមក។
តាមសំណេររៀបរាប់ដោយទំព័រហ្វេសប៊ុកខាងលើ រូបថតនេះបង្ហាញសពរបស់សិស្ស ១៨នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍រថយន្តដឹកសិស្សជួយគ្រោះថ្នាក់ចរាចរណ៍នៅឯខេត្តប្រាជីនបុរីកាលពីចុងខែកុម្ភៈកន្លងមក មិនមែនជាជនរងគ្រោះស្លាប់ក្នុងហេតុការណ៍រញ្ជួយដីកាលពីចុងខែមីនានោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបរាប់ថា សពចំនួន ១៨ ត្រូវបានរៀបចំបញ្ជូនទៅកាន់ទីលំនៅស្ថិតនៅក្នុងខេត្តនគររាជសីមា។
ទំព័រហ្វេសប៊ុកមួយនេះ បានបង្ហោះព័ត៌មានរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដែលបាននិយាយថា រថយន្តក្រុងមួយគ្រឿងដែលដឹកសិស្សចុះកម្មសិក្សា បានប្រឡាប់បណ្ដាលឱ្យមនុស្ស ១៩នាក់ស្លាប់ និងបណ្ដាលឱ្យមនុស្ស ៤០នាក់ទៀតរងរបួស ដែលករណីនេះបានកើតឡើងនៅខេត្តប្រាជីនបុរី។
ក្រៅពីរូបថតចុះផ្សាយដោយសារព័ត៌មានមួយនេះ វីដេអូនៃករណីមួយនេះក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានថៃដទៃទៀតដែរកាលពីចុងខែកុម្ភៈកន្លងមកនេះ ហើយក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដែរ។
ខាងក្រោមនេះ គឺជាវីដេអូសេចក្ដីរាយការណ៍ព័ត៌មានរបស់សារព័ត៌មាន MGR Online ដែលបានបង្ហោះព័ត៌មាននេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយសំណេរជាភាសាថៃដែលមានខ្លឹមសារថា សពក្នុងមឈូសចំនួន ១៩ ត្រូវបានបញ្ជូនទៅដល់កន្លែងតម្កល់សពមួយកន្លែងស្ថិតនៅខេត្តនគរាជសីមា មុននឹងបញ្ជូនបន្តទៅឱ្យក្រុមគ្រួសារ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានទាំងពីរនេះ រថយន្តក្រុងដឹកសិស្សចុះធ្វើកម្មសិក្សា បានជួបនឹងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឱ្យមនុស្ស ១៩នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
សពដែលត្រូវបានដាក់នៅក្នុងមឈូស ត្រូវបានដឹកជញ្ជូនត្រឡប់ទៅខេត្តនគររាជសីមាវិញនៅរសៀលថ្ងៃដដែល បន្ទាប់ពីត្រូវបានរៀបចំប្រមូលយកពីកន្លែងកើតហេតុការណ៍ ពោលគឺករណីនេះបានកើតឡើងខ្ទង់ ១ខែមុនគ្រោះរញ្ជួយដីអង្រួនប្រទេសថៃកាលពីចុងខែមីនានោះឡើយ។
តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាននេះ វាបញ្ជាក់ថា វីដេអូ និងរូបថតសពក្នុងមឈូសនេះ មិនមែនជាជនរងគ្រោះដែលបានស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនានោះឡើយ។
ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ DW គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅក្នុងប្រទេសភូមា បានផ្ដាច់ជីវិតមនុស្សដល់ទៅជាង ៣ពាន់នាក់ហើយ ហើយមនុស្សជាង ២០០នាក់ទៀតបន្តបាត់ខ្លួន គិតត្រឹមចុងសប្ដាហ៍កន្លងមកនេះ។
ក្រោយគ្រោះរញ្ជួយដីកាលពីសប្ដាហ៍មុនមក គេសង្កេតឃើញការលេចឡើងនូវព័ត៌មានក្លែងក្លាយ និងការអះអាងនានានៅលើបណ្ដាញសង្គមនានា។
ជាងមួយសប្ដាហ៍កន្លងមកនេះ Fact Crescendo បានរួមចំណែកយ៉ាងសកម្មនៅក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬការអះអាងមិនត្រឹមត្រូវនៅលើបណ្ដាញសង្គម។ ខាងក្រោមនេះ គឺជាអត្ថបទដែលចេញផ្សាយដោយស្ថាប័ន Fact Crescendo៖
- ការអះអាងមិនត្រឹមត្រូវថា ព្រះសង្ឃ និងពុទ្ធបរិស័ទភូមាធ្វើសមាធិជាជនរងគ្រោះរញ្ជួយដីថ្មីៗ
- ប្រាសាទបុរាណខូចខាតដោយរញ្ជួយដីនៅ Mandalay ត្រូវបានច្រឡំថាជាចេតិយ Shwedagon
- វត្តមានរបស់ត្រី Oarfish ជាសញ្ញាប្រាប់គ្រោះមហន្តរាយខាងមុខ តើជាការពិតឬទេ?
- រូបភាពក្មេងដែលមើលទៅដូចជាប់ក្នុងគំនរបាក់បែក មិនមែនជាជនរងគ្រោះរញ្ជួយដីថ្មីៗនេះទេ
- Misleading Claim Portrays Meditating Monks as Earthquake Victims
- Viral Video of Myanmar Earthquake Aftermath Revealed as AI-Generated
- Viral Image of Trapped Child Not Related to Myanmar Earthquake
- Old video from Taiwan falsely shared, linking to the recent Myanmar-Thailand earthquake
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instagram
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីប និងរូបថតដែលបង្ហាញមឈូសផ្ទុកសពនោះ មិនមែនជាជនរងគ្រោះដែលបានស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពីចុងខែមីនាកន្លងមកនោះឡើយ។ ផ្ទុយទៅវិញ វីដេអូ និងរូបថតទាំងនេះ គឺជាសពមនុស្ស ១៩នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ក្រឡាប់ឡានក្រុងមួយនៅខេត្តប្រាជីនបុរី កាលពីចុងខែកុម្ភៈកន្លងមក។

Title:រូបថត និងវីដេអូករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអះអាងថាជាជនរងគ្រោះរញ្ជួយដីនៅថៃ
Written By: Jay UdomResult: False