
ប្រទេសស៊ីរីបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាង ១០ឆ្នាំហើយ ហើយរូបភាពវិនាសកម្មដោយសារសង្គ្រាមនៅប្រទេសមួយនេះ ត្រូវបានចែករំលែកលើបណ្ដាញសង្គម ដោយបានប្រៀបធៀបស្ថានភាពមុន និងក្រោយសង្គ្រាមនៅក្នុងប្រទេសមួយនេះ។
ទន្ទឹមគ្នានេះ ទំព័រហ្វេសប៊ុកមួយបានអះអាងថា ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាសាដ ត្រូវបានកងទ័ពអាមេរិកទម្លាក់ចេញពីអំណាច ដែលនាំឱ្យប្រទេសមួយនេះ ធ្លាក់ទៅក្នុងសភាពខ្ទេចខ្ទាំបែបនេះ។
ការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយប្រតិកម្ម និងមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតជាច្រើនសន្លឹកដែលបង្ហាញការប្រៀបធៀបស្ថានភាពប្រទេសស៊ីរីនៅមុន និងក្រោយសង្គ្រាមផ្ទុះឡើង។
នៅក្នុងសំណេររបស់ខ្លួន ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាសាដ (Bashar al-Assad) ត្រូវបានកងទ័ពអាមេរិកទម្លាក់ចេញពីអំំណាច ដែលនាំឱ្យប្រទេសស៊ីរីធ្លាក់ទៅក្នុងស្ថានភាពខ្ទេចខ្ទាំងដោយសារសង្គ្រាម។
ទំព័រហ្វេសប៊ុកដដែលនេះ អះអាងទៀតថា នៅមុនសង្គ្រាមផ្ទុះឡើង ប្រទេសស៊ីរីមានទំហំសេដ្ឋកិច្ចរហូតដល់ទៅជាង ៧៤ពាន់លានដុល្លារ ហើយប្រជាជនប្រទេសមួយនេះ មានចំណូលជាមធ្យមជិត ៤,០០០ដុល្លារក្នុងមួយឆ្នាំ។
ទំព័រហ្វេសប៊ុកនេះ អះអាងបន្តថា ក្រោយពីប្រធានាធិបតីស៊ីរី លោក អាសាដ ត្រូវបានទម្លាក់ពីអំណាចដោយកងទ័ពអាមេរិករួចមក សេដ្ឋកិច្ចប្រទេសស៊ីរីមានទំហំត្រឹមតែ ២៧ពាន់លានដុល្លារប៉ុណ្ណោះ ហើយចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗ បានធ្លាក់មកនៅត្រឹមតែ ៨៧០ដុល្លារ ដែលធ្វើឱ្យស៊ីរីក្លាយជាប្រទេសក្រីក្រជាងគេនៅលើពិភពលោក។
ជាងនេះទៀត ទំព័រហ្វេសប៊ុកនេះ អះអាងបន្ថែមថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបង្ហាញការសោកស្ដាយចំពោះដែលបណ្ដាលឱ្យប្រទេសស៊ីរីធ្លាក់ក្នុងស្ថានភាពបែបនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសំណេររបស់ទំព័រហ្វេសប៊ុក Re-IDEA ដែលរៀបរាប់ថា៖ «ទិដ្ឋភាព និងភាពប្រែប្រួលនៃប្រទេសស៊ីរី កាលស្ថិតក្រោមការដឹកនាំរបស់លោក Marshal Bashar al-Assad និងក្រោយទម្លាក់លោកចេញពីដំណែងដោយកងទ័ពសហរដ្ឋអាមេរិកពីបទដឹកនាំផ្ដាច់ការ។ ចំពោះសេដ្ឋកិច្ចនៃប្រទេសមួយនេះ ក្រោមការដឹកនាំរបស់លោក គឺប្រទេសមួយនេះ ត្រូវបានចាត់ទុកជាប្រទេសរីកចម្រើនជាងគេមួយក្នុងតំបន់មជ្ឈិមបូព៌ា ពលរដ្ឋរបស់លោករស់នៅទទួលបានការឧបត្ថម្ភពីរដ្ឋ ដោយប្រទេសមួយនេះជាប្រទេសប្រេងកាតផងដែរ។ តែលោកត្រូវបានសហរដ្ឋអាមេរិកចោទថា លោកជាមេដឹកនាំផ្ដាច់ការដែលកាន់អំណាចយូរឆ្នាំ»។
«បើនិយាយអំពីទំហំសេដ្ឋកិច្ចសរុបក្រោមការដឹកនាំរបស់លោកជាង ៧៤ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០១២ និងប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗជាមធ្យមជិត ៤ពាន់ដុល្លារ(ឆ្នាំ២០១២) ប្រសិនគ្មានសង្គ្រាមត្រូវបានគេប៉ាន់ប្រមាណជាង ៨ពាន់ ទៅ ១ម៉ឺនដុល្លារក្នុងឆ្នាំ២០១៩។ តែបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកចូលមករៀបចំរបបប្រជាធិបតេយ្យ និងទម្លាក់លោកចុះចេញពីដំណែង បច្ចុប្បន្នសេដ្ឋកិច្ចសរុបនៃប្រទេសមួយនេះ ធ្លាក់មកត្រឹមតែ ២៧ពាន់លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ហើយប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗត្រឹមតែ ៨៧០ដុល្លារ ដែលធ្លាក់ខ្លួនជាប្រទេសក្រីក្រជាងគេក្នុងពិភពលោកមួយផងដែរ ដោយនៅឆ្នាំ២០២២ ត្រូវបានរំពឹងថានឹងបន្តធ្លាក់ដល់ជាង ៧០០ដុល្លារ»។
«អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានថ្លែងអំពីភាពសោកស្ដាយរបស់សហរដ្ឋអាមេរិកដែលបានបណ្ដាលឱ្យប្រទេសស៊ីរីធ្លាក់ខ្លួនបែបនេះ។ លោក អូបាម៉ា ក៏ទទួលស្គាល់ថា វាជាកំហុសសហរដ្ឋអាមេរិក»។
«បច្ចុប្បន្ន ប្រទេសស៊ីរីត្រូវបានគេមើលរំលង មិនបានលើកយកបញ្ហាស៊ីរីមកដោះស្រាយទៀតដែរ ខណៈពេលបច្ចុប្បន្ន អន្តរជាតិកំពុងផ្ដោតលើបញ្ហាសមុទ្រចិនខាងត្បូង»។

ការអះអាងខាងលើនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រួមជាមួយការបញ្ចេញមតិជាច្រើនផងដែរ។
ក្នុងចំណោមនោះ ទំព័រហ្វេសប៊ុក AMS One-Minute ដែលជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ុន Apsara Media Services (AMS) ក៏បានចែករំលែកនូវការអះអាងនេះផងដែរ ដោយបានសរសេរបន្ថែមថា «ភាពប្រែប្រួលនៃប្រទេសស៊ីរី» បន្ទាប់ពីការទម្លាក់លោក អាសាដ ពីដំណែង។

AMS One-Minute Post | Archived
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលព័ត៌មានផ្សព្វផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ ដែលរាយការណ៍អំពីដំណើរវិវត្តន៍នៃស្ថានភាពសង្គ្រាមនៅក្នុងប្រទេសស៊ីរី។
បើតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីឆ្នាំ២០២១៨ ស៊ីរី ដែលជាប្រទេសដ៏ធំមួយនៅតំបន់អារ៉ាប់នោះ បានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលកាលពីខែមីនា ឆ្នាំ២០១១ បន្ទាប់ពីជោគជ័យនៃបដិវត្តន៍ពណ៌នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ដូចជា ប្រទេសទុយនេស៊ី និងអេហ្ស៊ីប ជាដើម។
ទាំងសារព័ត៌មាន Al Jazeera និងសារព័ត៌មាន CNN បានផ្សាយថា នៅក្នុងខែមីនា ឆ្នាំ២០១១ ការតវ៉ានានាបានផ្ទុះឡើងនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីក្មេងប្រុសម្នាក់អាយុ ១៣ឆ្នាំ បានស្លាប់ ក្រោយពីរងទណ្ឌកម្មដ៏ឃោឃៅ។
កុមារាអាយុ ១៣ឆ្នាំនោះ គឺស្ថិតនៅក្នុងចំណោមកុមារា ១៥នាក់ ដែលត្រូវបានរបបលោក អាសាដ ចាប់ខ្លួន ហើយធ្វើទារុណកម្មទៅលើពួកគេ ដែលបានសរសេរអក្សរនៅលើជញ្ជាំងថ្ម ដែលបង្ហាញការគាំទ្របដិវត្តន៍ពណ៌នៅតំបន់អារ៉ាប់។
សារព័ត៌មាន CNN និង Al Jazeera បានចុះផ្សាយថា សង្គ្រាមស៊ីវិលនៅស៊ីរី បានចាប់ផ្ដើមផ្ទុះចេញពីការតវ៉ាអហិស្សានានាដែលបានផ្ទុះឡើងនៅក្នុងខែមីនាក្នុងឆ្នាំនោះប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោក បាហ្សារ អាល់ ាសាដ បន្ទាប់ពីការស្លាប់កុមារាម្នាក់ក្នុងចំណោមកុមារាទាំង ១៥នាក់ ដែលត្រូវបានចាប់ខ្លួនយកទៅធ្វើទារុណកម្ម។
តើប្រធានាធិបតីស៊ីរី លោក បាហ្សារ អាល់ អាសាដ ត្រូវបានកងទ័ពអាមេរិកទម្លាក់ចេញពីអំណាចហើយឬនៅ?
គិតមកដល់ខែសីហា ឆ្នាំ២០២១នេះ សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី បានអូសបន្លាយពេលជាង ១០ឆ្នាំមកហើយ ប៉ុន្តែ ប្រធានាធិបតីស៊ីរី លោក បាហ្សារ អាល់ អាសាដ នៅតែស្ថិតក្នុងអំណាចដដែល។
ការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera បានឱ្យដឹងថា លោក អាសាដ អាយុ ៥៥ឆ្នាំ ទើបតែស្បថចូលកាន់ដំណែងជាប្រធានាធិបតីស៊ីរីសម្រាប់អាណត្តិទី៤កាលពីពាក់កណ្ដាលខែកក្កដាកន្លងមកថ្មីៗនេះ បន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយកាលពីខែឧសភាកន្លងមកជាមួយសន្លឹកឆ្នោតគាំទ្ររហូតដល់ ៩៥ភាគរយ។

Al Jazeera’s report | Archived
តើកងទ័ពសហរដ្ឋអាមេរិកចូលពាក់ព័ន្ធនៅក្នុងវិបត្តិស៊ីរីកម្រិតណា?
បន្ទាប់ពីធ្លាក់ទៅក្នុងសង្គ្រាមដែលសម្លាប់ជនស៊ីវិលជាច្រើនមក មហាអំណាចពិភពលោក មិនបានបញ្ចេញសកម្មភាពខាងយោធាចូលអន្តរាគមន៍វិបត្តិនៅស៊ីរីនោះឡើយ។
រហូតដល់ខែមេសា ឆ្នាំ២០១៧ ទើបសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការយោធាដោយផ្ទាល់ជាលើកដំបូងប្រឆាំងនឹងកងកម្លាំងរបស់លោក អាសាដ តាមរយៈការបាញ់គ្រាប់មីស៊ីលដាក់មូលដ្ឋានកងទ័ពអាកាសស៊ីរី។
មួយឆ្នាំមកបន្ទាប់ទៀត សហរដ្ឋអាមេរិកបានវាយប្រហាររួមគ្នាជាមួយបារាំង និងអង់គ្លេស ទៅលើទីតាំងអាវុធគីមីរបស់ប្រទេសស៊ីរី។

Al Jazeera’s report | Archived
សារព័ត៌មាន Al Jazeera បានបង្ហាញថា សហរដ្ឋអាមេរិក បានវាយប្រហារទៅលើកងទ័ពរបបលោក អាសាដ បន្ទាប់ពីមានការប្រើប្រាស់អាវុធគីមីវាយប្រហារទៅលើជនស៊ីវិល។
សារព័ត៌មាន BBC របស់អង់គ្លេស បានចុះផ្សាយថា របបលោក អាសាដ បានប្រើប្រាស់អាវុធគីមីរហូតដល់ជិត ១០០លើកនៅចន្លោះឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៨ ដើម្បីធានាជ័យជម្នះសម្រាប់ការគ្រប់គ្រងរបស់លោក។

តើអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្លាប់បង្ហាញការសោកស្ដាយចំពោះវិបត្តិនៅស៊ីរីដែរឬទេ?
វិបត្តិនៅប្រទេសស៊ីរី បានកើតឡើងនៅពេលលោក បារ៉ាក់ អូបាម៉ា កំពុងដឹកនាំសហរដ្ឋអាមេរិក និងអូសបន្លាយរហូតដល់អាណត្តិរបស់លោកត្រូវផុតនៅត្រឹមដើមឆ្នាំ២០១៧កន្លងមក។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបង្ហាញការសោកស្ដាយចំពោះវិបត្តិនៅប្រទេសស៊ីរី។
ប៉ុន្តែ លោក អូបាម៉ា បញ្ជាក់បែបនេះ បន្ទាប់ពីមានការចោទសួរថា តើលោកសោកស្ដាយដែរឬទេដែលមិនបានដាក់ពង្រាយកងទ័ពអាមេរិកប្រទេសស៊ីរី ជាទីដែលសង្ក្រាមស៊ីវិលរយៈពេល ៣ឆ្នាំ បានសម្លាប់មនុស្សជាង ១៤ម៉ឺននាក់ និងបណ្ដាលឱ្យមនុស្សរាប់លាននាក់រត់ភៀសខ្លួននោះ។
ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា លោកសម្រេចមិនដាក់ពង្រាយកងទ័ពចូលទៅប្រទេសស៊ីរី ដោយសារតែកងទ័ពអាមេរិកកំពុងចូលរួមក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវទាំងស្រុងនោះឡើយ។ ប្រធានាធិបតីស៊ីរី លោក បាហ្សារ អាល់ អាសាដ មិនត្រូវបានកងទ័ពអាមេរិកទម្លាក់ចេញពីអំណាចនោះឡើយ។ លោក អាសាដ ទើបស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី៤របស់លោកកាលពីពាក់កណ្ដាលខែកក្កដាកន្លងមកនេះ បន្ទាប់ពីឈ្នះការបោះឆ្នោតដ៏ចម្រងចម្រាស់កាលពីខែឧសភា។

Title:តើប្រធានាធិបតីស៊ីរី បាហ្សារ អាល់ អាសាដ ត្រូវបានអាមេរិកទម្លាក់ពីអំណាចហើយមែនទេ?
Fact Check By: Jay UdomResult: Partly False
