Fact-Check: តើ​នាវា​ទាំង​នេះ​ដឹក​ជញ្ជូន​ថ្ម និង​ខ្សាច់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​មែន​ឬទេ?

Green Misleading

អាជីវកម្ម​បូម​ខ្សាច់​ និង​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​រស៊ើប​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ជុំ​វិញ​បញ្ហា​នេះ​កាល​ពី​ជាង ៥​ឆ្នាំ​មុន។ បញ្ហា​មួយ​នេះ ក៏​ត្រូវ​បាន​ផុស​ផុល​ឡើង​វិញ ក្រោយ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ផ្លូវ​ទឹក​ដែល​គេ​មិន​មាន​បញ្ជាក់​ទីតាំង​ច្បាស់​លាស់។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នោះ អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​នាវា​វៀតណាម​ដែល​ដឹក​ជញ្ជូន​ខ្សាច់​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។ ទោះ​ជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបថត​ចំនួន​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ខ្សាច់​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​មួយ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​សាឡាង​វៀតណាម​ដែល​កំពុង​ដឹក​ខ្សាច់​ខ្មែរ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​នោះ។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១,៦០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន និង​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «សាឡាង​យួន​ធំៗ​កំពុង​តែ​ដឹក​ខ្សាច់​ខ្មែរ​ទៅ​ស្រុក​យួន​ខណៈ​នេះ ១៧/០៨/២០២១»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ RFA Khmer វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ដដែល​នោះ ដែល​ប៉ុស្តិ៍​នោះ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ទៀត​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​សមាជិក​នៅ​ក្នុង​ក្រុម​នោះ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ពិនិត្យ​មើល​លើ​​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​នៅ​លើ Google ដែល​នាំ​ឱ្យ​​ជួប​ប្រទះ​នឹង​រូបថត​ទាំង​នេះ និង​ព័ត៌មាន​​អំពី​រូបថត​ទាំង​នេះ​ផង​ដែរ។

រូបថត​​ទី​១ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​នៃ​សារព័ត៌មាន​វៀតណាម​ VN Express កាល​ពីថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២០​កន្លង​មក។ ព័ត៌មាន​នៃ​រូបថត​នេះ ត្រូវ​បាន​សារព័ត៌មាន​ដដែល​នេះ រៀបរាប់​ថា នាវា​ផ្ទុក​ធ្ងន់​ៗ​បើក​បរ​តាម​ព្រែក​ជីក Cho Gao ស្ថិត​ក្នុង​ខេត្ត​ Tien Giang កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩​កន្លង​មក។ រូបថត​នេះ គឺ​ជា​ស្នាដៃ​អ្នក​ថត​រូបឈ្មោះ Hoang Nam។

គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​សារព័ត៌មាន​នេះ​នោះ​ឡើយ ហើយ Fact Crescendo Cambodia ក៏​បាន​ផ្ញើ​ស្វែង​រក​ការ​ពន្យល់​បន្ថែម​ពី​សារព័ត៌មាន VN Express ផង​ដែរ ប៉ុន្តែ នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប។

VN Express | Archived Link

ចំណែក​ឯ​រូបថត​ទី​២ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​នៃ​សារព័ត៌មាន​វៀតណាម NGƯỜI LAO ĐỘNG (NLD) កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១០។ អត្ថបទ​ជា​ភាសា​វៀតណាម ដែល​ត្រូវ​បាន​បក​ប្រែ​ដោយ​ Google Translate បាន​ឱ្យ​ដឹង​ថា ផ្លូវ​ទឹក​ព្រែក​ជីក Cho Gao នៅ​ខេត្ត​ Tien Giang បាន​កក​ស្ទះ​រាប់​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១០ ​ដោយសារ​តែ​នាវា​ដឹក​ខ្សាច់​ពីរ​គ្រឿង​បាន​បុក​គ្នា។

ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​រូបថត​នេះ មិន​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​សារព័ត៌មាន​នេះ​ឡើយ ហើយ​ Fact Crescendo Cambodia ក៏​បាន​​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម​ទៅ​កាន់​សារព័ត៌មាន​វៀតណាម​មួយ​នេះ​ផង​ដែរ ប៉ុន្តែ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

NGƯỜI LAO ĐỘNG​ | Archived Link

សម្រាប់​រូបថត​ទី​៣ ត្រូវ​បាន​រក​ឃើញចុះ​ផ្សាយ​ជាមួយ​អត្ថបទ​មួយ​នៃ​គេហទំព័រ​ព័ត៌មាន Tuoi Tre Online កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០០៨។ អត្ថបទ​ព័ត៌មាន​ជា​ភាសា​វៀតណាម​ដែល​ត្រូវ​បាន​បក​ប្រែ​ដោយ​ Google Translate បាន​ឱ្យ​ដឹង​ថា នាវា​ដឹក​ខ្សាច់​ជាច្រើន​គ្រឿង បាន​កក​ស្ទះ​នៅ​តាម​ខ្សែ​ទឹក​នៃ​ព្រែក​ជីក Cho Gao នៅ​ខេត្ត​ Tien Giang នៅចន្លោះ​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា​កាល​ពី​ជាង ១៣​ឆ្នាំ​មុន។

មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ត្រូវ​បាន​គេហ​ទំព័រ​ព័ត៌មាន​មួយ​នេះ​បញ្ជាក់​ឱ្យ​ដឹង​នោះ​ឡើយ ហើយ Fact Crescendo Cambodia ពុំ​អាច​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម​នោះ​ឡើយ។

Tuoi Tre Online| Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ នាវា​ទាំង​នោះ មិន​មែន​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​នោះ​ទេ។ នាវា​ទាំង​នោះ បាន​ដឹក​ជញ្ជូន​ខ្សាច់​តាម​ដង​ព្រែក​ជីក Cho Gao ក្នុង​ខេត្ត Tien Giang នៅ​ចន្លោះ​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១៩។

Avatar

Title:តើ​នាវា​ទាំង​នេះ​ដឹក​ជញ្ជូន​ថ្ម និង​ខ្សាច់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.