
បន្ទាប់ពីរដ្ឋប្រហារយោធាភូមាដែលបានទម្លាក់មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងមក អ្នកប្រើបណ្ដាញសង្គមកម្ពុជា បានចែករំលែកនូវព័ត៌មានជាច្រើនអំពីវិបត្តិនយោបាយ និងអំពើហិង្សាដ៏បង្ហូរឈាមនៅក្នុងប្រទេសមួយនេះ។
ក្នុងចំណោមនោះ រូបថតមួយសន្លឹក ដែលបង្ហាញសាកសពមនុស្សជាច្រើន ត្រូវបានបង្ហោះក្នុងបណ្ដាញសង្គមរួមជាមួយការអះអាងថា មនុស្សទាំងនោះ ត្រូវបានពួកយោធាភូមាសម្លាប់។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមផ្សេងទៀតផងដែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតរួមជាមួយការអះអាងបែបនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតសខ្មៅមួយសន្លឹក ហើយអះអាងថា កម្លាំងសន្តិសុខភូមាបានបាញ់សម្លាប់ក្រុមបាតុករជាច្រើននាក់ដែលសម្ដែងការតវ៉ាជំទាស់នឹងរដ្ឋាភិបាលយោធាភូមាដឹកនាំដោយលោកឧត្ដមសេនីយ៍ មិន អ៊ុងលាំង។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកនោះរៀបរាប់ថា «ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១! ពួកភេរវកម្មប៉ូលិីស/យោធាភូមាបានបាញ់សម្លាប់ក្រុមបាតុករនៅសង្កាត់ Hlaing Thayar district ក្នុងទីក្រុង Yangon នៅ (Mar 14 2021)តែ១កន្លែង និងតែ១ថ្ងៃគត់ស្លាប់ពលរដ្ឋស្លូតត្រង់ភូមារហូតជិត៥០នាក់… (ទង្វើនេះជាឃាតកម្មមនុស្សជាតិ)»។

រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ផងដែរកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ជាមួយការអះអាងថា ទាហានភូមាបានសម្លាប់មនុស្សជាង ៧០នាក់ក្នុងមួយថ្ងៃនៅសង្កាត់ Hlaing Thar Yar នៅឯអតីតរដ្ឋធានីរ៉ង់ហ្គូន។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍លើគណនី Twitter នោះរៀបរាប់ជាភាសាអង់គ្លេសថា «Myanmar army killed more than 70 people in one day at Hlaing Thar Yar township in former Capital Yangon. Salute to those who sacrificed their life to restore the democracy. #WhatsHappeningInMyanmar #MyanmarMilitaryCoup #MilitaryCoupInMyanmar #PoliceBrutality»។
សំណេរនេះអាចប្រែសម្រួលភាសាខ្មែរថា «ទាហានភូមាសម្លាប់មនុស្សជាង ៧០នាក់ក្នុងមួយថ្ងៃនៅឯសង្កាត់ Hlaing Thar Yar នៅក្នុងអតីតរដ្ឋធានីរ៉ង់ហ្គូន។ សូមគោរពដល់អ្នកទាំងឡាយដែលបានបូជាជីវិតរបស់ពួកគេដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ»។

ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានប្រទះនឹងរូបថតដើម និងព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើគណនី Twitter មួយ ដែលបានបង្ហោះរូបថតនេះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ តែជាង ១ខែកន្លះក្រោយពីរដ្ឋប្រហារយោធាបានកើតឡើងនៅភូមា។
ការពិនិត្យមើលទៅលើការបញ្ចេញមតិឆ្លើយតបទៅនឹងការបង្ហោះរូបថតនេះនៅលើបណ្ដាញសង្គម Twitter បាននាំឱ្យរកឃើញថា រូបថតនេះ បង្ហាញពីសពពលរដ្ឋភូមាដែលបានស្លាប់នៅឯអណ្ដូងរ៉ែមួយនៅ Hpankant ដោយសារការអិលបាក់ដីកាលពីខែកក្កដា ឆ្នាំ២០២០ ពោលជាងកន្លះឆ្នាំមុនរដ្ឋប្រហារយោធាភូមាបានកើតឡើង។
នៅពេលយើងស្វែងរកនៅលើប្រព័ន្ធរុករករបស់ Google តាមរយៈការវាយពាក្យការរអិលបាក់ដីនៅផាកាន (Hpakant landslide 2020) វាបាននាំយើងទៅដល់រូបថត និងព័ត៌មានលម្អិតនៃរូបថតនេះដែលចុះផ្សាយដោយគេហទំព័រព័ត៌មានភូមា Myanmar Update News កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០កន្លងមក។
រូបថតដើម បង្ហាញព័ត៌មានថា ប្រជាជនភូមាជាច្រើននាក់បានស្លាប់នៅក្នុងហេតុការណ៍រអិលបាក់ដីនៅឯតំបន់រុករករ៉ែត្បូង Hpakant ស្ថិតនៅក្នុងកាឈិន ភាគខាងជើងនៃប្រទេសភូមា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។

Myanmar Update News | Archived Link

ការផ្សាយរបស់ទូរទស្សន៍ Aljazeera របស់ប្រទេសកាតា បានឱ្យដឹងថា មនុស្ស ១៦២នាក់ បានស្លាប់ ហើយមនុស្សចំនួន ៥៤នាក់ទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់រអិលបាក់ដីមួយនៅឯទីតាំងរុករករ៉ែត្បូងនៅភាគខាងជើងប្រទេសភូមា។

Al Jazeera’s report | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាសាកសពក្រុមពលរដ្ឋភូមាដែលត្រូវបានទាហានភូមាសម្លាប់នោះឡើយ។ សពនៅក្នុងរូបថតមួយសន្លឹកនេះ គឺជាក្រុមជនជាតិភូមាដែលបានស្លាប់នៅក្នុងហេតុការណ៍រអិលបាក់ដីនៅឯទីតាំងរុករករ៉ែត្បូងមួយកន្លែង ស្ថិតក្នុងរដ្ឋកាឈិន ភាគខាងជើងនៃប្រទេសភូមា។

Title:រូបថតបង្ហាញមនុស្សជាច្រើននាក់ស្លាប់ដោយសារការរអិលបាក់ដី មិនដូចនឹងការអះអាងឡើយ
Fact Check By: Jay UdomResult: False
