Fact Check: ផ្ទាំង​ថ្ម​ដែល​មាន​រាង​ជា​សត្វ​ដំរី​ គឺ​ជា​រូប​ថត​កាត់​ត

Altered International

ការ​រីក​រាល​ដាល​ និង​រលក​នៃ​ការ​ឆ្លង​នូវ​​ជំងឺ​កូវីដ-​១៩​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​វិស័យ​ទេស​ចរណ៍​ ដែល​ប្រទេសមួយ​ចំនួន​នៅ​តែ​កំពុង​តែ​បន្ត​ការ​ហាម​ឃាត់​ និង​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ពល​រដ្ឋ​របស់​ខ្លួន​ផ្លាស់​ទី ឬ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​។

ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​មួយ​សន្លឹក​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​ស្រស់​ស្អាត​មួយ​កន្លែង​ មាន​ទម្រង់​រាង​ជា​សត្វ​ដំរី​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​​ៗ​នេះ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ AMAZING NATURE ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ផ្ទាំង​ថ្មមួយ​កន្លែង​ដែល​មាន​រូប​រាង​ និង​សណ្ឋាន​ដូច​ទៅ​នឹង​សត្វ​ដំរី​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​ទីតាំង​លម្អិត​នៃ​ផ្ទាំង​ថ្ម​ភ្នំ​នេះ​ឡើយ​។​

រូប​ថត​នេះ​ ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ជា​ច្រើន​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​

រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។

Facebook Post | Archived Link

ដូច​គ្នា​នេះ​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ក៏​បាន​ចែក​ចាយ​រូប​ថត​ដែល​មាន​ផ្ទាំង​ថ្ម​រូប​រាង​ដូច​ជា​សត្វ​ដំរី​នេះ​ ចូល​ទៅក្នុង​ក្រុម​ហ្វេស​ប៊ុក​ TV Sorn Dara ដែល​មាន​​សមាជិក​​ជាង​ ៩​ម៉ឺន​គណនី​ផង​ដែរ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ក្រុម​ហ្វេស​ប៊ុក​ TV Sorn Dara ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ថ្ម​ភ្នំ​ដ៏​ធំ​ស្កឹម​ស្កៃ​អាច​ជា​ចៃដន្ត​[ចៃដន់​]ក្នុង​ធម្មជាតិ​, ឆ្នៃ​ប្រឌិត​ រឺ​[ឬ​]​ជីវិត​ពិត​ក្នុង​បុរាណ​កាល​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ដែល​មាន​សណ្ឋាន​ និង​ទម្រង់​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​ឡើង​នៅ​ក្នុង​គេហទំព័រ​ទេស​ចរណ៍​ Tour HQ។​ គេហទំព័រ​ដដែល​នេះ​ បាន​សរសេរ​បញ្ជាក់​នៅ​ក្នុង​ទំព័រ​របស់​ខ្លួន​ជា​ភាសា​អង់គ្លេស​បន្ថែម​ថា​ «Enjoy a 4-hour tour in Meteora and visit all the monasteries to learn about its vast history and the monks who lived here. Drive through the rock area, and stop at a viewpoint that offers one of the greatest views of the place. Take a nature walk in the calm surrounding with an experienced guide, and listen to the interesting tales related to the monasteries» ឬ​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​មាន​ន័យ​ថា​ «រីក​រាយ​ជាមួយ​នឹង​ដំណើរ​កម្សាន្ត​រយៈ​ពេល​ ៤ម៉ោង​ នៅ​តាម​តំបន់​ភ្នំ​មេ​តា​រ៉ា​ (Meteora) ហើយ​ទស្សនា​វិហារ​អារាម​នា​នា​ ដើម្បី​ស្វែង​យល់​ពី​ប្រវត្តិ​ដ៏​យូរ​លង់​ និង​ព្រះ​សង្ឃ​ដែល​បាន​នឹង​កំពុង​រស់​នៅ​ទីនោះ​។ យើង​អាច​បើក​បរ​យាន​យន្ត​ឆ្លង​កាត់​តំបន់ភ្នំ​នេះ​ ហើយ​បន្ត​ឈប់​នៅ​ចំណុច​ដែល​អាច​ផ្តល់​នូវ​ទេសភាព​ដ៏​អស្ចារ្យ​បំផុត​មួយ​កន្លែង​។ ដើរ​លេង​បែប​ធម្មជាតិ​ ក្នុង​បរិយា​កាស​ស្ងប់​ស្ងាត់​ជាមួយ​នឹង​មគ្គុទ្ទេស​ ដែល​មាន​បទ​ពិសោធន៍​ហើយ​ស្តាប់​រឿង​និទាន​ គួរ​ឱ្យ​ចាប់​អារម្មណ៍​ទាក់​ទង​នឹង​វត្ត​អារាម​»។ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ដែល​បាន​បង្ហាញ​ទេស​ភាព​នៃ​ផ្ទាំង​ថ្ម​ភ្នំ​ និង​វិហារ​នៅ​ក្នុង​តំបន់​ភ្នំ​មេតារ៉ា​ (Meteora)។​

Tour HQ Link | Archived Link

រូប​ថត​​ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​ផ្ទាំង​ថ្ម​ភ្នំ​មួយ​នេះ​​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ ​គេហទំព័រដដែល​នេះ ​​​បាន​បញ្ជាក់​អំពីទីតាំង​នៃ​តំបន់​មួយ​នេះ​ផង​ដែរ​​ជា​ភាសា​អង់គ្លេស​ថា​ «View of the Monastery Agia Trias in Meteora» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទេស​ភាព​នៃ​វត្ត​អាហ្គៀ​ទ្រីយ៉ាស​ (Agia Trias) ស្ថិត​ក្នុង​តំបន់​មេតារ៉ា ​(Meteora)»។​ តំបន់​មេតារ៉ា ​(Meteora) គឺ​ជា​តំបន់​ភ្នំ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ក្រិក​ ដែល​បច្ចុប្បន្ន​ទីកន្លែង​មួយ​នេះ​ បាន​ក្លាយ​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​របស់​យូណេស្កូ​មួយ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​នៅ​ក្នុង​តំបន់​​មេតារ៉ា (Meteora)។​

Getty Images Link | Archived Link

ករណី​ស្រ​ដៀង​គ្នា​នេះ​ ក៏​ធ្លាប់​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ការងារ​ Fact Crescendo Cambodia ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែល​បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​រូប​ថត​នៃ​ទិដ្ឋភាព​កោះ​មួយ​កន្លែង​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​រូប​រាង​ជា​សត្វ​ដំរី​​។​

Fact Crescendo Cambodia’s Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ ត្រូវ​បាន​គេ​ស្គាល់​ទីតាំង​នៃ​ផ្ទាំង​ថ្ម​នេះ​ ដែល​ស្ថិត​នៅ​វត្ត​អាហ្គៀ​ទ្រីយ៉ាស​ (Agia Trias) ក្នុង​តំបន់​ភ្នំ​មេតារ៉ា ​(Meteora) នៃ​ប្រទេស​ក្រិក​។​ ​ផ្ទាំង​ថ្ម​មួយ​នេះ​ ពុំ​មាន​ទម្រង់​ និង​រូប​រាង​សណ្ឋាន​ដូច​ជា​សត្វ​ដំរី​នោះ​ឡើយ​។​

Avatar

Title:ផ្ទាំងថ្មដែលមានរាងជាសត្វដំរី គឺជារូបថតកាត់ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *