Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​មាត់​សមុទ្រ​មួយ​នេះ​ គឺ​ជា​ទីក្រុង​ព្រះ​សីហនុ​

False Social

ក្រុង​ព្រះ​សីហនុ​ គឺ​ជា​ទីក្រុង​ដ៏​ធំ​បង្អស់​មួយ​ដែល​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ និង​មាន​ចម្ងាយ​ប្រមាណ​ជា​ ២៣០​​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​ភ្នំ​ពេញ​។ ទីក្រុង​មួយ​នេះ​ ​កំពុង​តែ​អភិវឌ្ឍ​ខ្លួន​ និង​រីក​ចម្រីន​ទៅ​មុខ​ជា​​ច្រើន​វិស័យ​ដោយ​មាន​​អគារ​ស្នាក់​នៅ​ អគារ​ពាណិជ្ជ​កម្ម​ខ្ពស់​ៗ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ដោយ​ឡែក​ថ្មី​ៗ​នេះ​ មាន​អ្នក​ប្រើ​ប្រាស់​នៅ​លើ​​បណ្តាញ​​សង្គម​ម្នាក់​ បាន​អះ​អាង​រូប​ថត​មួយ​ដែល​នៅ​ក្នុង​ទីក្រុង​មួយ​ថា​ជា​ទី​ក្រុង​ស៊ិន​ជិន​​ទៅ​វិញ​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​​​​បង្ហោះ​រូប​ថត​ មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ពី​លើ​អាកាស​នៃ​ទីក្រុងក្បែរ​មាត់​សមុទ្រ​មួយ​​​។ អ្នក​ប្រើ​ប្រាស់​​ហ្វេស​​ប៊ុក​ដដែល​នោះ ​ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ រូបថត​នេះ ​គឺ​ជាទិដ្ឋ​ភាព​នៃ​ទីក្រុង​ស៊ិន​ជិន​​​​ (Shenzhen)។

រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​ដែល​បាន​រៀប​រាប់ជា​ភាសា​ខ្មែរ​​ថា​ «ទីក្រុង Shenzhen ២០២១​»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្តើម​​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូប​ថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ប្រភព​ដើម​នៃ​ទិដ្ឋ​ភាព​​ទីក្រុង​មួយ​នេះ​ដែល​​​មាន​​ទម្រង់​​ដូច​គ្នា​ទាំង​ស្រុង។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​​​អត្ថ​បទ​ព័ត៌មាន​របស់​កាសែត​​​​ ​Phnom Penh Post​ កាល​ពី​ដើម​ខែ​មីនា​កន្លង​មក​នេះ។ ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​រូបថត​នេះ​ជាមួយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​មាន​ចំណង​ជើង​ថា «Sihanoukville real estate cautiously forges on» ឬ​ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «វិស័យ​អចលន​ទ្រព្យ​នៅ​ក្រុង​ព្រះ​សីហនុ​ បន្ត​រក្សា​បាន​ការ​រីក​ចម្រើន​ដោយ​សន្សឹមៗ​​​​​​​»។

Phnom Penh Post Report | Archived Link

រូប​ថត​​មួយ​សន្លឹក​ទៀតដែល​​​​​បង្ហាញ​​ពី​​ទិដ្ឋ​​ភាព​​​ពី​​លើ​​អាកាស​នៃ​ទី​ក្រុង​មាត់​សមុទ្រ​​មួយ​​នេះ ​​ក៏​​ត្រូវ​​បាន​ចុះ​ផ្សាយ​ដោយ​​គេហ​ទំព័រ​អចលនទ្រព្យ​កម្ពុជា​​​​​ realestate.com។​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហ​ទំព័រ​​​ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «Aerial view of the beach and under-construction buildings in Sihanoukville» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «​​​​ទិដ្ឋ​ភាព​ពី​លំហរ​​នៃ​ឆ្នេរ​ និង​អគារ​ដែល​កំពុង​សាង​សង់​នៅ​ក្រុង​ព្រះ​សីហនុ​»។

Real Estate Report | Archived Link 

​ទំព័រ​​ហ្វេស​ប៊ុក​មួយ​​ទៀត​​របស់​​​ Prince Gloden Bay ដែល​​ជា​សណ្ខាគារ​មួយ​ និង​ជា​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នោះ​ ក៏​បាន​បង្ហោះ​រូប​​ភាព​ដែល​បង្ហាញ​អំពី​ទីតាំង​ស្រដែង​គ្នា​ទៅ​នឹង​ទីតាំង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ខាង​លើ​​។ ​​​​ទំព័រ​​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​​បញ្ជាក់​​នៅ​ក្នុង​អត្ថ​បទ​របស់​ខ្លួន​ទាក់​ទង​ទៅ​នឹង​ការ​អភិវឌ្ឍន៍​ យ៉ាង​​គំហុក​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុកខាង​លើ​ ​​បាន​សរសេរ​រៀប​រាប់​ជា​ជា​ភាសា​ខ្មែរ​​ថា «រយៈ​ពេល​ ២​ឆ្នាំ​ជាង​មក​នេះ​ ​ខេត្ត​​ព្រះ​សីហនុ​​ត្រូវ​បាន​​អភិវឌ្ឍ​​យ៉ាង​គំហុក​ មាន​​អគារ​​ខុន​​ដូ​ មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម​ រោង​ចក្រ​ និង​​សណ្ឋាគារ​​ លំដាប់​​ហើយ​​ក៏​មាន​​អ្នក​វិនិយោគ​ និង​​អ្នក​ទេសចរ​​មាន​ការ​​ចាប់​អារម្មណ៍​​យក​​ខេត្ត​​ព្រះ​សីហនុ​​ជា​​គោល​ដៅ​​ទេសចរណ៍​ និង​​វិ​និ​យោគ​​ផង​ដែរ​»។

Facebook Post | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​សន្លឹក​នេះ​ មិន​មែន​ជា​ទិដ្ឋ​ភាព​​ទី​ក្រុង​​ស៊ិន​​ជិន​នៅ​ក្នុង​ប្រទេស​ចិន​​​នោះទេ​។ ការ​ពិត​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​​ត្រូវ​​បាន​​ថត​​ចេញ​ពី​​ទិដ្ឋភាព​​ទី​ក្រុង​​ឆ្នេរ​សមុទ្រ​មួយ​ក្នុង​ខេត្ត​ព្រះ​​សីហនុ​​ ​​ប្រទេស​កម្ពុជា​​​។

Avatar

Title:រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​មាត់​សមុទ្រ​មួយ​នេះ​ គឺ​ជា​ទីក្រុង​ព្រះ​សីហនុ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.