
ខណៈដែលរុស្ស៊ីបន្តការឈ្លានពានទៅលើប្រទេសអ៊ុយក្រែននោះ រូបថត ២សន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាទាហានរុស្ស៊ីដែលត្រូវបានកងទ័ពអ៊ុយក្រែនចាប់ខ្លួន។ រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានមកនេះ ដែលនាំឱ្យមានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែប។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
នៅថ្ងៃទី០៣ ខែមីនានេះ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយ បានបង្ហោះរូបថត ២សន្លឹក ដែលបង្ហាញទាហានត្រូវបានគេចាប់ខ្លួនបាន។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា ទាហាននៅក្នុងរូបថតនោះ គឺជាទាហានរុស្ស៊ីដែលត្រូវបានអ៊ុយក្រែនចាប់ខ្លួនបាននៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា ចិត្តទេវទ្ត មាត់ទេវតា ដែលសរសេររៀបរាប់ថា «សំណាងហើយដែលទាហានអ៊ុយក្រែនអត់សម្លាប់ចោល! នេះជាពួកទាហានរុស្ស៊ី ដែលទាហានអ៊ុយក្រែនចាប់បាន និងព្រមដោះលែងឱ្យទៅជួបជុំគ្រួសាររបស់ពួកគេវិញ»។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដូចគ្នានេះ ដែលត្រូវបានបង្ហោះ និងចែករំលែកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតនៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ។



ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងមួយនេះតាមរយៈការដំណើរការ Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញទាហានត្រូវបានចាប់ខ្លួននោះ ត្រូវបានរកឃើញនៅក្នុងគេហទំព័ររូបថត Alamy ដែលបញ្ជាក់ថា រូបថតនេះ ត្រូវបានថតកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤កន្លងមក ឬ ៨ឆ្នាំមុនរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែននៅឆ្នាំនេះ។
គេហទំព័រមួយនេះ បានឱ្យដឹងថា ក្រុមទាហានអ៊ុយក្រែន ត្រូវបានកងទ័ពបះបោរស្និទ្ធនឹងរុស្ស៊ី ចាប់ខ្លួនជាឈ្លើយសឹក និងបណ្ដើរនៅតាមផ្លូវកណ្ដាលទីក្រុងដូណេតស៍ (Donetsk) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤។

គេហទំព័រមួយនេះ បានបញ្ជាក់ផងដែរថា រូបថតមួយសន្លឹកនេះ ត្រូវបានយកពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ហើយយើងក៏បានរកឃើញរូបថតដូចគ្នានេះនៅក្នុងគេហទំព័ររបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រផងដែរ។

ចំណែកឯរូថតមួយសន្លឹកទៀតដែលបង្ហាញបុរស ២នាក់នោះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយនៃសារព័ត៌មាន Mail Online របស់ប្រទេសអង់គ្លេសកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឬ ៤ថ្ងៃក្រោយពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន។
សារព័ត៌មានមួយនេះ បានសរសេរថា ទាហានរុស្ស៊ី ២នាក់ ត្រូវបានកងទ័ពអ៊ុយក្រែនចាប់ខ្លួនបាននៅភាគខាងកើតប្រទេសអ៊ុយក្រែន។ ទាហានរុស្ស៊ីទាំង ២នាក់នោះ ត្រូវបានគេជឿថា មានឈ្មោះ Rafik Rakhmankulov អាយុ ១៩ឆ្នាំ (ខាងឆ្វេង) និងម្នាក់ទៀតឈ្មោះ Mgomd Mgomdov អាយុ ២៦ឆ្នាំ។
សារព័ត៌មានអង់គ្លេស Mail Online បានបញ្ជាក់ថា រូបថតនេះ ត្រូវបានយកពីអគ្គសេនាធិការចម្រុះកងទ័ពអ៊ុយក្រែន។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកនៅក្នុងចំណោមរូបថត ២សន្លឹកដែលត្រូវបានអះអាងថាជាទាហានរុស្ស៊ីដែលត្រូវបានអ៊ុយក្រែនចាប់ខ្លួននោះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកដែលបង្ហាញទាហាន ២នាក់ គឺជាទាហានរុស្ស៊ីដែលត្រូវបានចាប់ខ្លួនជាឈ្លើយសឹកដោយកងទ័ពអ៊ុក្រែន។ ចំណែកឯរូបថតដែលបង្ហាញក្រុមឈ្លើយសឹកនេះត្រូវបានបណ្ដើរនៅតាមដងផ្លូវនោះ គឺជាទាហានអ៊ុយក្រែន ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងបះបោរផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ហើយបណ្ដើរនៅតាមដងផ្លូវនៅក្នុងទីក្រុងដូណេតស៍ (Donetsk) កាលពីឆ្នាំ២០១៤កន្លងមក។

Title:រូបថតឈ្លើយសឹកអ៊ុយក្រែនឆ្នាំ២០១៤ ត្រូវបានអះអាងថា ជាទាហានរុស្ស៊ីដែលអ៊ុយក្រែនចាប់ខ្លួនថ្មីៗ
Fact Check By: Jay UdomResult: Misleading
