
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក ការអះអាងជាច្រើន ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមពី សំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ក្នុងចំណោមនោះ វីដេអូឃ្លីបមួយបង្ហាញអំពីទិដ្ឋភាពលោក ពូទីន និងលោក ម៉ាក្រុង អង្គុយលេងទោងយោងគ្នាទៅវិញទៅមក ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។ វីដេអូមួយនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើន។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia រកឃើញថា វីដេអូឃ្លីបបង្ហោះខាងលើនោះ គឺត្រូវបានកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ចែកចាយវីដេអូឃ្លីបមួយដែលមានរយៈពេលប្រមាណ ១៤វិនាទី ទៅក្នុងក្រុមមួយ ឈ្មោះថា “Dara Sorn”។ វីដេអូឃ្លីបមួយនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះជាច្រើនដងពី សំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើវីដេអូឃ្លីបដែលត្រូវបានចែកចាយខាងលើនេះ តាមរយៈ Google Reverse Image Search នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈគេហទំព័រសារព័ត៌មានអន្ដរជាតិ CNN ផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ពុំបានបង្ហាញទិដ្ឋភាពលោកទាំងពីរ បានអង្គុយលេងទោងនោះឡើយ។
គេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសដែលមានន័យថា «ប្រធានាធិបតីបារាំង លោក ម៉ាក្រុង (ស្តាំ) បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក ពូទីន (ឆ្វេង) ដោយចំណាយពេលជាង ៥ម៉ោងអំពីរបៀបចៀសវាងជម្លោះដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន»។

កិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងប្រធានាធិបធីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅក្នុងទីក្រុងម៉ូស្កូ ក៏ត្រូវបានផ្សព្វផ្សាយ និងរាយការណ៍ជាវីដេអូផងដែរ តាមរយៈសារព័ត៌មានអន្តរជាតិ BBC។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា វីដេអូដែលចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺមិនត្រឹមត្រូវទេ។ វីដេអូដើមនៃកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងប្រធានាធិបធីបារាំងលោក ម៉ាក្រុង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅក្នុងទីក្រុងម៉ូស្កូ ពុំបានបង្ហាញទិដ្ឋភាពលោកទាំងពីរ អង្គុយលេងទោងយោងគ្នានោះឡើយ។

Title:តើលោក ពូទីន អង្គុយលេងទោងជាមួយប្រធានាធិបតីបារាំងលោក ម៉ាក្រុង មែនដែរឬទេ?
Fact Check By: Kakada SimResult: Altered
