
ក្រោយពីមានគ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីចុងខែមីនាកន្លងមក រូបភាព និងវីដេអូឃ្លីបជាច្រើន ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម។ ក្នុងនោះ រូបថតអគារបែកបាក់មួយកន្លែងនៅមីយ៉ាន់ម៉ា ត្រូវបានអះអាងថា ជាឃ្លាំងស្ដុតទឹកអប់ម៉ាក Dior។ ការអះអាងបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo រកឃើញថា ការអះអាងខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបភាពមួយសន្លឹក បង្ហាញទិដ្ឋភាពអគារបែកបាក់មួយដោយមានស្លាកយីហោទឹកអប់ម៉ាក Dior ត្រូវបានគេបង្ហោះឡើងដោយភ្ជាប់ថា នោះគឺជាឃ្លាំងស្ដុកទឹកអប់ ដែលត្រូវបានខូចខាតក្រោយពីមានគ្រោះរញ្ជួយដី។
រូបភាពជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ព្រមទាំងការបញ្ចេញប្រតិកម្ម និងមតិយោបល់ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា «ត្រឹមតែមួយវិនាទីប៉ុណ្ណោះ អគារ ៣ជាន់នៃឃ្លាំងស្តុកទឹកអប់ DIOR ត្រូវបានកប់ក្នុងគំនរបាក់បែក ទោះបីជាក្រុមហ៊ុនមានធនធានហិរញ្ញវត្ថុរឹងមាំក៏ដោយ ប៉ុន្តែការខូចខាតដោយសារការរញ្ជួយដីនេះពិតជាមិនអាចវាស់វែងបាន»។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើ តាមរយៈការដំណើរការ Google Reverse Image Search និងពាក្យគន្លឹះដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
តាមរយៈ Google Reverse Image Search យើងបានរកឃើញថា រូបថតដូចគ្នាទាំងស្រុង ត្រូវបានចុះផ្សាយដោយសារព័ត៌មានថៃ The Nation ចុះផ្សាយកាលពីចុងខែមីនាកន្លងទៅ ដែលនិយាយអំពីមហន្តរាយក្រោយរញ្ជួយដីនៅក្នុងប្រទេសភូមា។
បើតាមសារព័ត៌មានថៃ រូបថតមួយសន្លឹកនេះ បង្ហាញឱ្យឃើញការផ្ទាំងប៉ាណូមួយមានសំណេរជាភាសាភូមា និងសំណេរជាអង់គ្លេស “We love Aung Ban […]” ពោលគឺគ្មានទេស្លាកយីហោទឹកអប់ Dior នោះ។
ខាងក្រោមនេះ គឺជាអត្ថបទរាយការណ៍ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់តដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងរូបថតច្បាប់ដើម។
រូបថតនេះស្ថិតនៅក្នុងចំណោមរូបថតជាច្រើនទៀត ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានភូមា The Irrawaddy ដែលបញ្ជាក់ថា អគារបាក់បែកមួយនោះ គឺជាសណ្ឋាគារ Aung Ban ស្ថិតនៅក្នុងទីក្រុង Aung Ban រដ្ឋ Shan។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុករបស់សារព័ត៌មាននេះដែលបានបង្ហោះរូបថតនេះកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ជាភាសាអង់គ្លេសដែលបញ្ជាក់ថា អគារដែលដួលរលំដោយកម្លាំងរញ្ជួយដីនោះ គឺជាសណ្ឋាគារ Aung Ban។
ខាងក្រោមនេះ គឺជាវីដេអូនៅលើបណ្ដាញ YouTube ដែលបង្ហាញសណ្ឋាគារ Aung Ban បាក់ដួលរលំដោយសារកម្លាំងរញ្ជួយដីកាលពីចុងខែមីនាកន្លងមកនេះ។
ដូចគ្នានេះ យោងទៅគេហទំព័រ Wikipedia យើងក៏បានរកឃើញទិដ្ឋភាពសណ្ឋាគារ Aung Ban មុននឹងមានគ្រោះធម្មជាតិរញ្ជួយដីផងដែរ ដែលត្រូវបានថតនៅក្នុងអំឡុងឆ្នាំ២០២០កន្លងទៅ។ ខាងក្រោមនេះ គឺជាទិដ្ឋភាពសណ្ឋាគារ Aung Ban មុន និងក្រោយពីមានគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ។
Wikipedia Link | Archived Link
បន្ថែមពីនេះ Fact Crescendo ក៏បានត្រួតពិនិត្យទៅលើលីងតំណភ្ជាប់ ដែលមាននៅក្នុងសំណេរអះអាងខាងលើផងដែរ ហើយរកឃើញថាតំណភ្ជាប់នោះមិនបាននាំទៅកាន់គេហទំព័រផ្លូវការរបស់ Dior នោះឡើយ។ ផ្ទុយទៅវិញ តំណភ្ជាប់នោះ បាននាំទៅកាន់គេហទំព័រមួយផ្សេងទៀត ដែលនេះបង្ហាញថាជាការបន្លំ ឬការលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
កន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជូនដំណឹងអំពីករណីបោកបញ្ឆោតជាច្រើនតាមប្រព័ន្ធអនឡាញ ហើយក្នុងនោះថ្មីៗនេះ ក៏បានជូនដំណឹង និងផ្សព្វផ្សាយអំពីទម្រង់ឆបោកបញ្ឆោតតាមរយៈសារ (Phishing Link) ដើម្បីឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់មានការប្រុងប្រយ័ត្នបានខ្ពស់។
វិធីសាស្ត្រក្នុងការពារខ្លួនអ្នកពីការឆបោកតាមប្រព័ន្ធអនឡាញ៖
- កុំចែករំលែកពាក្យសម្ងាត់របស់អ្នកជាមួយនរណាម្នាក់
- រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាព
- កុំចុចលើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ។
ក្រុមការងារ Fact Crescendo បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការទប់ស្កាត់ការចែកចាយព័ត៌មានមិនត្រឹមត្រូវ ឬការបោកបញ្ឆោតជាច្រើននៅលើបណ្ដាញសង្គម។ ខាងក្រោម គឺជាអត្ថបទដែលចេញផ្សាយដោយស្ថាប័ន Fact Crescendo៖
- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពុំមានការរៀបចំកម្មវិធីលក់ឥវ៉ាន់ប្រចាំឆ្នាំរបស់ខ្លួននោះទេ
- ការបោកបញ្ឆោតតាមអនឡាញផ្សព្វផ្សាយថា Samsung លក់បញ្ចុះតម្លៃធំតាមអនឡាញ
- ទង្វើឆបោកតាមអនឡាញកំពុងរីករាលដាលក្នុងបណ្ដាញតេឡេក្រាម
- តើក្រុមហ៊ុនកូកាកូឡានៅកម្ពុជាផ្ដល់រង្វាន់ជាថ្នូរនឹងការចូលរួមស្រង់មតិតាមអនឡាញមែនទេ?
- សារដែលស្នើសុំអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់គណនីធនាគារ គឺជាទម្រង់ការឆបោកបញ្ឆោត
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋានFact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើ មិនត្រឹមត្រូវឡើយ។ រូបថតដែលបង្ហាញអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនោះ គឺជាសណ្ឋាគារ Aung Ban ទីតាំងស្ថិតនៅក្នុងទីក្រុង Aung Ban រដ្ឋ Shan ប្រទេសភូមា។ វាមិនមែនជាឃ្លាំងស្ដុកទឹកអប់ម៉ាក Dior ដូចដែលគេបានអះអាងនោះឡើយ។

Title:រូបថតសណ្ឋាគារ Aung Ban នៅភូមា ត្រូវបានកាត់តថា ជាឃ្លាំងស្ដុកទឹកអប់ DIOR នៅថៃ
Written By: Kakada SimResult: Altered