
អាជីវកម្មបូមខ្សាច់ និងដឹកជញ្ជូនយកទៅលក់នៅក្រៅប្រទេស គឺជាបញ្ហារស៊ើបនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងការរិះគន់យ៉ាងច្រើនជុំវិញបញ្ហានេះកាលពីជាង ៥ឆ្នាំមុន។ បញ្ហាមួយនេះ ក៏ត្រូវបានផុសផុលឡើងវិញ ក្រោយពីអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ បានបង្ហោះរូបថតបីសន្លឹកដែលបង្ហាញនាវាដឹកជញ្ជូនខ្សាច់នៅផ្លូវទឹកដែលគេមិនមានបញ្ជាក់ទីតាំងច្បាស់លាស់។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនោះ អះអាងថា នាវាទាំងនោះ គឺជានាវាវៀតណាមដែលដឹកជញ្ជូនខ្សាច់ពីកម្ពុជានៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួនបីសន្លឹកដែលបង្ហាញនាវាដឹកខ្សាច់នៅក្នុងប្រព័ន្ធផ្លូវទឹកមួយ។ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដដែលនេះ បានអះអាងថា នាវាទាំងនោះ គឺជាសាឡាងវៀតណាមដែលកំពុងដឹកខ្សាច់ខ្មែរទៅកាន់ប្រទេសវៀតណាមនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នោះ។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តរហូតដល់ទៅជាង ១,៦០០ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ រួមជាមួយការបញ្ចេញប្រតិកម្មជាច្រើន និងមតិចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «សាឡាងយួនធំៗកំពុងតែដឹកខ្សាច់ខ្មែរទៅស្រុកយួនខណៈនេះ ១៧/០៨/២០២១»។
អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ ក៏បានចែករំលែកប៉ុស្តិ៍របស់ខ្លួននៅក្រុមបណ្ដាញសង្គមហ្វេសប៊ុក RFA Khmer វិទ្យុអាស៊ីសេរី នៅថ្ងៃដដែលនោះ ដែលប៉ុស្តិ៍នោះក៏ត្រូវបានចែករំលែកបន្តជាច្រើនដងទៀតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកជាសមាជិកនៅក្នុងក្រុមនោះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមពិនិត្យមើលលើការអះអាងខាងលើនេះតាមរយៈការកម្មវិធីផ្ទៀងផ្ទាត់រូបថតនៅលើ Google ដែលនាំឱ្យជួបប្រទះនឹងរូបថតទាំងនេះ និងព័ត៌មានអំពីរូបថតទាំងនេះផងដែរ។
រូបថតទី១ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយនៃសារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក។ ព័ត៌មាននៃរូបថតនេះ ត្រូវបានសារព័ត៌មានដដែលនេះ រៀបរាប់ថា នាវាផ្ទុកធ្ងន់ៗបើកបរតាមព្រែកជីក Cho Gao ស្ថិតក្នុងខេត្ត Tien Giang កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងមក។ រូបថតនេះ គឺជាស្នាដៃអ្នកថតរូបឈ្មោះ Hoang Nam។
គ្មានព័ត៌មានលម្អិតបន្ថែម ត្រូវបានរកឃើញនៅលើសារព័ត៌មាននេះនោះឡើយ ហើយ Fact Crescendo Cambodia ក៏បានផ្ញើស្វែងរកការពន្យល់បន្ថែមពីសារព័ត៌មាន VN Express ផងដែរ ប៉ុន្តែ នៅមិនទាន់ទទួលបានការឆ្លើយតប។
ចំណែកឯរូបថតទី២ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយនៃសារព័ត៌មានវៀតណាម NGƯỜI LAO ĐỘNG (NLD) កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១០។ អត្ថបទជាភាសាវៀតណាម ដែលត្រូវបានបកប្រែដោយ Google Translate បានឱ្យដឹងថា ផ្លូវទឹកព្រែកជីក Cho Gao នៅខេត្ត Tien Giang បានកកស្ទះរាប់ម៉ោងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០ ដោយសារតែនាវាដឹកខ្សាច់ពីរគ្រឿងបានបុកគ្នា។
ព័ត៌មានលម្អិតបន្ថែមទៀតអំពីរូបថតនេះ មិនត្រូវបានរកឃើញនៅលើសារព័ត៌មាននេះឡើយ ហើយ Fact Crescendo Cambodia ក៏បានស្វែងរកការបញ្ជាក់បន្ថែមទៅកាន់សារព័ត៌មានវៀតណាមមួយនេះផងដែរ ប៉ុន្តែ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។
NGƯỜI LAO ĐỘNG | Archived Link
សម្រាប់រូបថតទី៣ ត្រូវបានរកឃើញចុះផ្សាយជាមួយអត្ថបទមួយនៃគេហទំព័រព័ត៌មាន Tuoi Tre Online កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨។ អត្ថបទព័ត៌មានជាភាសាវៀតណាមដែលត្រូវបានបកប្រែដោយ Google Translate បានឱ្យដឹងថា នាវាដឹកខ្សាច់ជាច្រើនគ្រឿង បានកកស្ទះនៅតាមខ្សែទឹកនៃព្រែកជីក Cho Gao នៅខេត្ត Tien Giang នៅចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភាកាលពីជាង ១៣ឆ្នាំមុន។
មិនមានព័ត៌មានលម្អិតបន្ថែមទៀត ត្រូវបានគេហទំព័រព័ត៌មានមួយនេះបញ្ជាក់ឱ្យដឹងនោះឡើយ ហើយ Fact Crescendo Cambodia ពុំអាចស្វែងរកការបញ្ជាក់បន្ថែមនោះឡើយ។
Tuoi Tre Online| Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ នាវាទាំងនោះ មិនមែនដឹកជញ្ជូនខ្សាច់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នោះទេ។ នាវាទាំងនោះ បានដឹកជញ្ជូនខ្សាច់តាមដងព្រែកជីក Cho Gao ក្នុងខេត្ត Tien Giang នៅចន្លោះឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៩។

Title:តើនាវាទាំងនេះដឹកជញ្ជូនថ្ម និងខ្សាច់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១មែនឬទេ?
Fact Check By: Jay UdomResult: Misleading
