
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុក បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញក្រុមស្ត្រីវ័យចាស់ ចូលទៅក្នុងក្រុមបណ្ដាញសង្គម។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ រៀបរាប់ថា ស្ត្រីទាំងនោះ ត្រូវបានកូនចៅបោះបង់ចោល ប៉ុន្តែ គ្មានព័ត៌មានលម្អិតបន្ថែមទៀត ត្រូវបានគេបង្ហាញឱ្យដឹងនោះឡើយ។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តគ្នាជាច្រើនដង រួមជាមួយការបញ្ចេញប្រតិកម្មជាច្រើន និងមតិមួយចំនួនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់បណ្ដាញសង្គមខាងលើ ដែលរៀបរាប់ថា «រយលានអត្ថន័យ កាលកូននៅពីតូច ម្ដាយមិនដែលហ៊ានទុកកូនចោលទេ ពេលកូនធំ មានប្រពន្ធប្ដី តែងតែភ្លេចគិតថា មានម្ដាយ។ ស៊ែរម្នាក់១ បើអ្នកស្រឡាញ់ម៉ាក់»។
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងជួបប្រទះរូបថតដូចគ្នាទាំងស្រុង និងព័ត៌មានលម្អិតនៃរូបថតនេះផងដែរ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញចុះផ្សាយជាមួយអត្ថបទមួយនៃគេហទំព័រភាសាវៀតណាម Saigon Fun កាលពីថ្ងៃទី០៤ ខែមករាកន្លងមកនេះ។
អត្ថបទសារព័ត៌មាននេះ បានឱ្យដឹងថា រូបថតមួយសន្លឹកនេះ បង្ហាញពីស្ត្រីវ័យចាស់មួយក្រុមនៅក្នុងចំណោមស្ត្រីវ័យចំណាស់ និងកុមារ ១៤៩នាក់ ដែលគ្មានគ្រួសារ និងគ្មានសាច់ញាតិ។ ពួកគាត់រស់នៅក្នុងវិហារ Lam Quang ស្ថិតនៅខណ្ឌលេខ៨ នៃទីក្រុងហូជីមិញ។
បើតាមគេហទំព័រមួយនេះ ក្រុមមនុស្សវ័យចាស់ និងកុមារកំព្រាទាំងនោះ រស់នៅពឹងអាស្រ័យគ្នាទៅវិញទៅមក និងពឹងអាស្រ័យលើក្ដីស្រឡាញ់របស់ព្រះចៅអធិការវត្ត Lang Quang។
គេហទំព័រព័ត៌មានខាងលើទើបតែចុះផ្សាយនៅដើមឆ្នាំ២០២១នេះប៉ុណ្ណោះ ប៉ុន្តែ រូបថតនេះ និងរូបថតដទៃទៀតដែលមានក្នុងគេហទំព័រព័ត៌មាននេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក Bin Tan TPHCM តាំងពីចុងខែសីហា ឆ្នាំ២០២០មកម៉្លេះ។
សំណេរជាភាសាវៀតណាមនែទំព័រហ្វេសប៊ុកនេះ ដែលបកប្រែដោយម៉ាស៊ីនមានន័យថា ទំព័រហ្វេសប៊ុកនេះ អំពាវនាវដល់សប្បុរសជនជួយដល់ក្រុមមនុស្សចាស់ និងកុមារតូចៗចំនួន ១៤៩នាក់ ដែលគ្មានគ្រួសារ និងសាច់ញាតិ។
Fact Crescendo Cambodia រកឃើញថា រូបថតព្រមទាំងការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនបង្ហាញថា ស្ត្រីវ័យចំណាស់ទាំងនោះ ត្រូវបានកូនចៅបោះបង់ចោលនោះឡើយ។ មនុស្សវ័យចាស់ និងកុមារតូចសរុបចំនួន ១៤៩នាក់ ពុំមានក្រុមគ្រួសារ និងសាច់ញាតិនោះឡើយ ហើយរស់នៅស្នាក់អាស្រ័យនៅក្នុងវិហារមួយស្ថិតនៅក្នុងទីក្រុងហូជីមិញ។

Title:តើក្រុមមនុស្សចាស់នៅក្នុងរូបថតនេះស្ថិតនៅទីណា?
Fact Check By: Jay UdomResult: Explainer
