
ខណៈដែលខួប ៥ឆ្នាំនៃការបាញ់សម្លាញ់លោកបណ្ឌិត កែម ឡី កាន់តែខិតជិតចូលមកដល់នោះ ប្រធានបទជាច្រើនជុំវិញឃាតកម្មលើអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនេះ ត្រូវបានលើកយកមកជជែក និងចែករំលែកនៅលើបណ្ដាញសង្គម។
ក្នុងចំណោមនោះការជជែកនោះ ទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែមិថុនាកន្លងមកនេះ ដោយអះអាងថា មេដឹកនាំបក្សប្រឆាំងដ៏ធំរបស់កម្ពុជា លោក សម រង្ស៊ី ជាអ្នកសម្លាប់អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី។
វីដេអូមានរយៈពេល ៦នាទីនោះ បង្ហាញស្ត្រីម្នាក់អត្ថាធិប្បាយអំពីឃាតកម្មលើលោក កែម ឡី ហើយជាមួយការផ្គូរផ្គង់ព្រឹត្តិការណ៍នានារបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះ ទៅនឹងឃាតកម្មមួយនេះ។
ស្ត្រីរូបនោះបានអត្ថាធិប្បាយក្នុងវីដេអូនោះថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក កែម ឡី គឺជាសកម្មជនគណបក្សប្រឆាំងផងដែរ ហើយថា ខ្មាន់កាំភ្លើងត្រូវបានណែនាំឱ្យមកធ្វើការងារជាអង្គរក្សរបស់លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
ខាងក្រោមនេះ គឺជាតំណភ្ជាប់សេចក្ដីអត្ថាធិប្បាយទាំងស្រុងនៃវីដេអូនេះ ដែលរៀបរាប់ក្នុងន័យថា លោក សម រង្ស៊ី ស្ថិតនៅពីក្រោយនៃឃាតកម្មលើលោក កែម ឡី។
Fact Crescendo Cambodia បានពិនិត្យទៅលើការអះអាងនេះតាមរយៈការផ្ទៀងផ្ទាត់ឡើងវិញនូវសេចក្ដីរាយការណ៍នានាជុំវិញឃាតកម្មលើលោក កែម ឡី ដូចជា ឃាតករ មូលហេតុនៃឃាតកម្ម និងដំណើរការស៊ើបអង្កេតរកមនុស្សនៅពីក្រោយនៃឃាតកម្មមួយនេះ។
ឃាតកម្មលើអ្នកវិភាគនយោបាយ លោក កែម ឡី
លោក កែម ឡី អាយុ ៤៦ឆ្នាំ គឺជាអ្នកវិភាគបញ្ហានយោបាយដ៏លេចធ្លោម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយលោកតែងតែជាប្រភពនៃការសម្ភាសរបស់បណ្ដាញសារព័ត៌មានទាំងក្នុងស្រុក និងក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។
អ្នកវិភាគនយោបាយរូបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯម៉ាតមួយកន្លែងស្ថិតក្នុងបរិវេណនៃការ៉ាស់សាំងកាល់តិច (Caltex) នៅម្ដុំស្តុបបូកគោ។
សពលោក កែម ឡី ត្រូវបានដង្ហែរទៅបញ្ចុះនៅឯភូមិកំណើតរបស់លោកស្ថិតនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តកែវ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ឬ ១៤ថ្ងៃក្រោយឃាតកម្មលើរូបលោក។
ពិធីដង្ហែរសពរបស់លោក ត្រូវបានចូលរួមដោយមនុស្សខ្ទង់ ២លាននាក់ ជាចំនួនមនុស្សច្រើនបំផុតមិនធ្លាប់មាន ដែលបានចូលរួមដង្ហែសពបុគ្គលម្នាក់មិនមែនជាខ្សែរាជវង្ស និងមិនមែនថ្នាក់ដឹកនាំរដ្ឋាភិបាល។
ភរិយារបស់លោក និងកូនប្រុស ៥នាក់ ត្រូវបានផ្ដល់សិទ្ធិជ្រកកោននៅឯប្រទេសទីពីរជាបណ្ដោះអាសន្ន មុននឹងត្រូវបានអនុញ្ញាតឱ្យទៅតាំងទីរស់នៅក្នុងប្រទេសអូស្ត្រាលីកាលពីដើមឆ្នាំ២០១៨កន្លងមក។
ឃាតករបាញ់សម្លាប់លោក កែម ឡី
ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយឃាតកម្មកើតឡើង បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅពេលកំពុងរត់តាមបណ្ដោយផ្លូវម៉ៅសេទុង ចម្ងាយត្រឹមតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីទីតាំងឃាតកម្ម។
ភ្លាមៗក្រោយចាប់ខ្លួន បុរសរូបនេះនិយាយថា គាត់មានឈ្មោះថា ជួប សម្លាប់ ប៉ុន្តែ គេបានរកឃើញថា បុរសរូបនេះមានឈ្មោះពិតថា អឿត អាង អាយុ ៤៣ឆ្នាំ រស់នៅក្នុងនគរភាស ស្ថិតក្នុងឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។
ជាង ៨ខែក្រោយមក បុរសរូបនេះត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់បទ«ឃាតកម្មគិតទុក»។
មូលហេតុនៃឃាតកម្ម
ក្រោយចាប់ខ្លួនបាននៅក្នុងថ្ងៃឃាតកម្ម ខ្មាន់កាំភ្លើងរូបនេះ បាននិយាយថា រូបគេបានបាញ់សម្លាប់លោក កែម ឡី ដោយសារតែខឹងអ្នកវិភាគនយោបាយរូបនេះមិនសងប្រាក់ជំពាក់ចំនួន ៣,០០០ដុល្លារ។
ការអះអាងពីមូលហេតុនៃឃាតកម្មបែបនេះ មិនត្រូវបានគេជឿនោះឡើយ ហើយនាំឱ្យមានការចោទសួរយ៉ាងច្រើនជុំវិញចម្លើយសារភាពបែបនេះ។
វិទ្យុអាស៊ីសេរីភាសាខ្មែរ បានចុះទៅដល់ទីតាំងនានាដែលបុរសរូបនេះបានលើកឡើងពាក់ព័ន្ធនឹងមូលហេតុនៃការបាញ់សម្លាប់លោក កែម ឡី។ សេចក្ដីរាយការណ៍របស់វិទ្យុមួយនេះ បានរកឃើញថា ខ្មាន់កាំភ្លើងខាងលើ រស់នៅក្នុងជីវភាពក្រីក្រនៅឯស្រុកកំណើតរបស់គេស្ថិតនៅក្នុងខេត្តសៀមរាប ហើយគ្មានទ្រព្យសម្បត្តិ ឬកម្មសិទ្ធិមានតម្លៃសម្រាប់លក់យកលុយទៅឱ្យលោក កែម ឡី ខ្ចីនោះដែរ។
សេចក្ដីរាយការណ៍របស់វិទ្យុអាស៊ីសេរី ក៏បានរកឃើញផងដែរថា គ្មាននរណាម្នាក់បានឃើញលោក កែម ឡី បង្ហាញវត្តមាន ឬលេចមុខនៅតាមទីតាំងដែលខ្មាន់កាំភ្លើងបាននិយាយនោះឡើយ។
មូលហេតុនៃការសម្លាប់លោក កែម ឡី ត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចាត់ទុកជា«ឃាតកម្មពាក់ព័ន្ធនឹងនយោបាយ» ដោយសារតែអ្នកវិភាគរូបនេះ តែងតែរិះគន់ត្រង់ៗទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
ឃាតកម្មលើអ្នកវិភាគរូបនេះ បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីលោក កែម ឡី បានផ្ដល់ការសម្ភាសជាមួយវិទ្យុអាស៊ីសេរីទាក់ទងនឹងរបាយការណ៍ស៊ើបអង្កេតមួយរបស់អង្គការ Global Witness ដែលបានលាតត្រដាងពីក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់កាប់ក្រុមហ៊ុនជាច្រើនមានតម្លៃរហូតដល់ខ្ទង់ ២០០លានដុល្លារនៅក្នុងប្រទេសកម្ពុជា។
នរណាស្ថិតនៅពីក្រោយឃាតកម្មនេះ?
ឃាតកម្មលើអ្នកវិភាគរូបនេះ ជំរុញឱ្យមានការថ្កោលទោសព្រោងព្រាតពីសហគមន៍អន្តរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងក្រុមអង្គការសិទ្ធិមនុស្សនានា ដែលទាមទារឱ្យមានការស៊ើបអង្កេតលើករណីនេះឱ្យបានពេញលេញ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារឱ្យមានការស៊ើបអង្កេតឱ្យបាន«ពេញលេញ ត្រឹមត្រូវ និងល្អិតល្អន់»ជុំវិញឃាតកម្មមួយនេះ។
Statement of UN Human Rights Experts | Archived Link
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន សហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលអាមេរិកតាមដានករណីឃាតកម្មនេះ និងទាមទារឱ្យរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ធានានូវដំណើរការស៊ើបអង្កេតមួយពេញលេញ និងត្រឹមត្រូវ។
Statement of the U.S. Department of State | Archived Link
ឃាតកម្មនេះ និងឃាតកម្មធំៗដទៃទៀត សុទ្ធតែត្រូវបានចោទសួរថា តើនរណាស្ថិតនៅពីក្រោយនៃការបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសបែបនេះ។
មួយថ្ងៃក្រោយឃាតកម្មកើតឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមានការស៊ើបអង្កេតឱ្យបាន«ជិតដិត»ទៅលើករណីនេះ។
ទោះជាយ៉ាងណា មានតែបុរសឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ តែម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួន និងកាត់ទោសនៅក្នុងរយៈពេល ៥ឆ្នាំក្រោយឃាតកម្ម។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ បានមើលឃើញថា ការស៊ើបអង្កេតទៅលើករណីឃាតកម្មលោក កែម ឡី គ្មានការរីកចម្រើនអ្វីនោះឡើយ បន្ទាប់ពីឃាតកម្មមួយនេះ បានកើតឡើងអស់រយៈពេល ៤ឆ្នាំទៅហើយនោះ។
នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) ៣ថ្ងៃមុនខួប ៥ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយថា ដំណើរការស៊ើបអង្កេតលើករណីឃាតកម្មមួយនេះ ត្រូវបានបិទបញ្ចប់ហើយ ដោយមានតែជនដៃដល់ម្នាក់ប៉ុណ្ណោះ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសរួចហើយ។
នៅក្នុងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានវីអូឌី (VOD) អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានឱ្យដឹងថា តុលាការកំពុងបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ ឬនៅពីក្រោយឃាតកម្មមួយនេះ ប៉ុន្តែ បដិសេធបង្ហាញអត្តសញ្ញាណអ្នកពាក់ព័ន្ធនឹងសំណុំរឿងនេះ។
ក្នុងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានឌឹ ខេមបូឌា ដេលី ៣ថ្ងៃក្រោយឃាតកម្មកើតឡើង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានផ្សព្វផ្សាយនូវវីដេអូអត្ថាធិប្បាយមួយ ដែលនិយាយថា ឃាតកម្មនេះមានពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ។
ក្នុងសេចក្ដីរាយការណ៍ដដែលនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចាត់ទុកការចោទប្រកាន់នេះថា ជាការបង្វែរការចាប់អារម្មណ៍របស់មហាជនពីការពិតជាក់ស្ដែងតែប៉ុណ្ណោះ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ចាត់ទុកការផ្សព្វផ្សាយនោះថា មានបំណងបំភាន់ការយល់ឃើញរបស់ប្រជាជនជុំវិញការស្វែងរកបុគ្គលស្ថិតនៅពីក្រោយនៃឃាតកម្មនេះ។
The Cambodia Daily’s Report | Archived Link
ចំណែកឯអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីឆ្នាំមុនថា ដំណើរការស៊ើបអង្កេតលើសំណុំរឿងមួយនេះ គ្មានភាពរីកចម្រើនអ្វីនោះឡើយ។ ក្រុមសិទ្ធិមនុស្សមួយនេះ បានទាមទារឱ្យតែងតាំងក្រុមស៊ើបអង្កេតឯករាជ្យមួយដែលមានការគាំទ្រពីភាគីអង្គការសហប្រជាជាតិ។
Fact Crescendo Cambodia រកឃើញថា ក្នុងរយៈពេល ៥ឆ្នាំមកហើយ អាជ្ញាធរកម្ពុជា នៅពុំទាន់បង្ហាញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនថា តើនរណាស្ថិតនៅពីក្រោយ ឬជាប់ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី នោះឡើយ។ មន្ត្រីតុលាការកម្ពុជា បានត្រឹមតែបញ្ជាក់ថា ដំណើរការស៊ើបអង្កេតកំពុងបន្តធ្វើនៅឡើយ ហើយមន្ត្រីក្រសួងយុត្តិធម៌វិញ អះអាងថា សំណុំរឿងនេះបានបញ្ចប់ត្រឹមការចាប់ខ្លួន និងកាត់ទោសខ្មាន់កាំភ្លើងម្នាក់តែប៉ុណ្ណោះ។
Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពនៃសំណុំរឿងនេះបន្ថែមទៀត នៅពេលណាលទ្ធផលនៃការស៊ើបអង្កេតដ៏ត្រឹមត្រូវមួយ ត្រូវបានប្រកាសឱ្យដឹងនាពេលណាមួយនោះ។

Title:តើនរណាស្ថិតនៅពីក្រោយឃាតកម្មបាញ់សម្លាប់អ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី?
Fact Check By: Jay UdomResult: Explainer
