
កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួននៅថ្ងៃទី១០ ខែកុម្ភៈ តែ ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)លើកដំបូង ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ។ ការមកដល់នៃវ៉ាក់សាំងដែលជាជំនួយផ្ដល់ឱ្យដោយប្រទេសចិននេះ បានជំរុញឱ្យមានការជជែក និងពាក្យចចាមអារ៉ាមជាច្រើននៅកម្ពុជារយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។
ការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងចិននេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកអះអាងថា បានបណ្ដាលឱ្យគ្រូបង្រៀនម្នាក់នៅឯខេត្តក្រចេះ ស្លាប់បាត់បង់ជីវិត។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បានរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែកុម្ភៈ មរណភាពរបស់គ្រូបង្រៀនម្នាក់នៅខេត្តក្រចេះ ត្រូវបានគេចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារនិយាយថា គ្រូបង្រៀនរូបនោះ បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមលើកដំបូង។
រូបភាពចម្លងចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នៅថ្ងៃទី១៧ ខែកុម្ភៈ និយាយថា «សូមប្រជាជនខ្មែរធ្វើការពិចារណាមុននឹងចាក់វ៉ាក់សាំងចិន។ អ្នកគ្រូទទួលមរណភាពហើយ ១៧ កុម្ភៈ ២០២១។ អ្នកគ្រូស្លូត សុភាព ជាគំរូ បង្រៀនសិស្សយ៉ាងល្អ បែរជាទទួលមរណភាពដោយសារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ Sinopharm របស់ចិនបាន ២ថ្ងៃ។ ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ផ្នែកបណ្ដុះបណ្ដាល»។
«អ្នកគ្រូ ឆន ណារី អាយុ ២១ឆ្នាំ នៅខេត្តក្រចេះ។ គួរឱ្យសោកស្ដាយពន់ពេកហើយ»។
អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើននាក់ បានបញ្ចេញប្រតិកម្ម និងចែករំលែកការបង្ហោះសារនេះ ហើយសារនេះក៏ត្រូវបានចែករំលែកបន្តទៅកាន់ក្រុមនានាដែលមានសមាជិករាប់រយពាន់នាក់។
ការពិនិត្យការពិត
យើងចាប់ផ្ដើមស្វែងរកការពិតនៅក្នុងរឿងនេះតាមរយៈការពិនិត្យមើលប្រតិកម្មនានាដែលឆ្លើយតបនឹងសារនោះនៅលើហ្វេសប៊ុក និងក្រុមនានា។ យើងបានរកឃើញសមាជិកសាច់ញាតិរបស់អ្នកគ្រូបង្រៀនរូបនោះ បានបញ្ចេញមតិយោបល់។ យើងបានទំនាក់ទំនងជាមួយលោក ធីម វាសនា ដែលអះអាងថា លោកជាបងថ្លៃរបស់អ្នកគ្រូ ឆន ណារី។ លោក វាសនា បានយល់ព្រមផ្ដល់ការពន្យល់ និងព័ត៌មានបន្ថែមអំពីមរណភាពរបស់អ្នកគ្រូ។
លោក វាសនា និយាយក្នុងកិច្ចសម្ភាសតាមទូរស័ព្ទនៅថ្ងៃទី១៨ខែកុម្ភៈថា អ្នកគ្រូ ណារី បានភ្ជាប់ពាក្យជាមួយប្អូនប្រុសរបស់លោកឈ្មោះ ធឹម វីរៈ កាលពីខែវិច្ឆិកាឆ្នាំមុន ហើយពួកគេទាំងពីរគ្រោងរៀបមង្គលការនៅខែមិថុនាខាងមុនេនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចដកចេញវិធានការរឹតបន្តឹងលើការប្រមូលផ្ដុំមនុស្ស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនសជំងឺកូវីដ១៩។ ប៉ុន្តែ លោក វីរៈ បដិសេធផ្ដល់សម្ភាសអំពីមរណភាពគូដណ្ដឹងរបស់លោក ដោយសារតែលោកមិនទាន់អាចទទួលយកបានភ្លាមៗនោះឡើយចំពោះអ្វីដែលបានកើតឡើង។ លោកបានរុញឱ្យសាកសួរទៅបងប្រុសរបស់លោកវិញ។
លោក វាសនា ប្រាប់ថា អ្នកគ្រូ ណារី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ភ្លាមៗក្រោយពីនាងបានដួលសន្លប់ ហើយបានបញ្ជូនបន្តនៅថ្ងៃដដែលទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាមន្ទីរពេទ្យធំរបស់កម្ពុជាស្ថិតនៅរាជធានីភ្នំពេញ។ អ្នកគ្រូ ណារី ត្រូវបានត្រួតពិនិត្យរកឃើញថា មានជំងឺរលាកស្រោមខួរ ហើយត្រូវបានដាក់ឱ្យព្យាបាលនៅក្នុងមន្ទីរពេទ្យ។
បើតាមលោក វាសនា ស្ថានភាពសុខភាពរបស់អ្នកគ្រូ ណារី មានលក្ខណៈធ្ងន់ធ្ងរ ហើយបានស្លាប់នៅថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីការព្យាបាលអស់រយៈពេល ១៥ថ្ងៃ។ សពអ្នកគ្រូ ណារី ត្រូវបានបញ្ជូនត្រឡប់ទៅស្រុកកំណើតនៅឯស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយបានបញ្ចុះនៅថ្ងៃបន្ទាប់។
លទ្ធផលវិនិច្ឆ័យរបស់អ្នកគ្រូ ណារី រកឃើញថា គាត់ធ្លាក់ខ្លួនឈឺដោយសារជំងឺរលាកស្រោមខួរក្បាល នេះបើតាមរោគវិនិច្ឆ័យធ្វើឡើងដោយវេជ្ជបណ្ឌិត ថាំង ស៊ីនវ៉េង គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ FC Cambodia បានឃើញរោគវិនិច្ឆ័យនោះ ដែលលោក វាសនា ផ្ញើមក ជាការឆ្លើយតបសម្រាប់ការបញ្ជាក់ពីការពិតនេះ។
«អ្នកគ្រូ ណារី មិនធ្លាប់ចាក់វ៉ាក់សាំងចិននោះឡើយ» នេះជាការបញ្ជាក់បន្ថែមរបស់លោក វាសនា នៅពេលត្រូវបានសាកសួរថា តើអ្នកគ្រូ ណារី បានចាក់វ៉ាក់សាំងចិនឬយ៉ាងណា។
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបដិសេធទៅនឹងការអះអាងខាងលើ ដោយនិយាយថា «ព័ត៌មានមិនពិត»។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា សារបង្ហោះខាងលើនេះ មិនពិតនោះឡើយ។ មរណភាពរបស់អ្នកគ្រូ ណារី មិនពាក់ព័ន្ធនឹងវ៉ាក់សាំងជាជំនួយរបស់ចិនឡើយ។ អ្នកគ្រូបានស្លាប់ដោយសារតែជំងឺរលាកស្រោមខួរក្បាល បន្ទាប់ពីតស៊ូនឹងជំងឺនេះអស់រយៈពេល ១៥ថ្ងៃ។

Title:គ្រូបង្រៀនម្នាក់វ័យ២១ឆ្នាំមិនមែនស្លាប់់ដោយសារវ៉ាក់សាំងចិនស៊ីណូហ្វាមទេ
Fact Check By: Jay UdomResult: False