Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ក្នុង​ប្រទេស​ថៃ​មែន​ឬ?

Misleading Social

ខណៈ​ដែល​កកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​ឈាន​ដល់​ខួប ៣០​ឆ្នាំ​នៅ​ក្នុង​ខែ​តុលាខាង​មុខ​នេះ អតីត​ជន​ភៀស​ខ្លួន​កម្ពុជា​មួយ​ចំនួន បាន​ចែក​រំលែក​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ស្ថានភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ជំរំ​នានា​ក្នុង​ប្រទេស​ថៃ។

ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ ទោះជាយ៉ាងណា ការត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​នឹង​ការ​អះ​អាង​ថា រូបថត​នេះ​បង្ហាញ​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តាម​ជំរំ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ជាង ៤០​ឆ្នាំ​មុន។

រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ខាង​ក្រោម​នេះ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចែក​ចាយ​នូវ​រូបថត​រួម​ជាមួយ​ការ​អះ​អាង​ថា «នេះ​ជា​ទិដ្ឋភាព​ពិត​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​បាន​រត់​ចេញ​ពី​ទឹក​ដី​កំណើត​នៅ​ឆ្នាំ​១៩៧៩។ តើ​ប្រិយ​មិត្ត​ណា​ខ្លះ​ដែល​បាន​ឆ្លង​កាត់​ជំរំ​ស្រះ​កែវ​ទី១ ព្រោះ​ថា ជំរំ​ស្រះ​កែវ​ទី​១ កើត​មុន​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ​១៩៧៩ បន្ទាប់​មក​ទើប​មាន​ជំរំ​ស្រះ​កែវ​ទី​២ ខៅអ៊ីដាង ម៉ៃរ៉ូត កាំពុត ណងចន្ទ សាយអេក សាយធូ សាយប៊ី ជំរំសម្ដេច ឈុនបូរី»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​នេះ បាន​ចែក​រំលែក​​រូបថត​ និង​ខ្លឹមសារ​នៃ​រូបថត​នេះ​ចេញ​ពី​ប៉ុស្តិ៍​មួយ​របស់​ទំព័រ​ហ្វេសប៊ុក​​ព្រះ​ពុទ្ធសាសនា ដែល​បាន​បង្ហោះ​រូបថត​នេះ​កាល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦កន្លង​មក​ ឬ​កាល​ពីជាង ៥​ឆ្នាំ​មុន។

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​មួយ​នៃ​ទំព័រ​ហ្វេសប៊ុក​ព្រះពុទ្ធ​សាសនា ដែល​តំណ​ភ្ជាប់​នៃ​ប៉ុស្តិ៍​នេះ​ មាន​នៅ​ទីនេះ​ផង​ដែរ។

Facebook Post | Archived Link

រូបថតនេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ​កាល​ពី​ខែ​សីហា​ឆ្នាំ​២០២០​កន្លង​មក និង​ខែ​កុម្ភៈ ក្នុង​ឆ្នាំ​២០២១​​នេះ ដែល​សុទ្ធ​តែ​និយាយ​ថា រូបថត​នេះ គឺ​ជា​ទិដ្ឋភាព​មួយ​នៃ​ជំរំ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ទសវត្សរ៍​១៩៨០ និង​ដើម​ទសវត្សរ៍​១៩៩០។

AMS | Archived និង knongsrok | Archived

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​ការ​អះ​អាង និង​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ​ Google ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​នឹង​រូបថត និង​ខ្លឹមសារ​នៃ​រូបថត​នេះ​ផង​ដែរ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​គេហទំព័រ​ Unforgettable Laos គេហទំព័រ Heart of Freedom និង​គេហទំព័រ emaze ដែល​បាន​ផ្ដល់​ព័ត៌មាន​អំពី​រូបថត​នេះ។

នៅ​លើ​គេហទំព័រ Unforgettable Laos ​​លោក Vang Geu អតីត​​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​ប្រទេស​ឡាវ​នៅ​មុន​ឆ្នាំ​១៩៧៥​នោះ សរសេរ​ខ្លឹមសារ​នៃ​រូបថត​នេះ​ជា​ភាសា​អង់គ្លេស​ថា «When refugees first arrived in the Camp in Thailand, many were sick and starving» ឬ​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «នៅ​ពេល​ជន​ភៀស​ខ្លួន​មក​ដល់​ជំរំ​នៅ​ថៃ​ដំបូង ជន​ភៀស​ខ្លួន​ជាច្រើន មាន​ជំងឺ​ និង​មាន​អាការ​ៈ​ស្គម​ស្គាំង​ស្រេក​ឃ្លាន»។

Unforgettable Laos | Archived Link

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​អតីត​ជន​ភៀស​ជន​ជាតិ​ឡាវ គេហទំព័រ Heart of Freedom ក៏​បាន​ចេញ​ផ្សាយ​ដោយ​ភ្ជាប់មក​ជាមួយ​នូវ​រូបថត​មួយ​សន្លឹក​នេះ​ផង​ដែរ​នៅ​ក្នុង​ចំណោម​រូបថត​ជាច្រើន​ផ្សេង​ទៀត។

Heart of Freedom​ | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការអះ​អាង​ថា រូបថត​មួយ​សន្លឹក​នេះ ជា​ទិដ្ឋភាព​នៃ​ជំរំ​ភៀស​ខ្លួន​កម្ពុជា​នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៧៩​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​នេះ មិន​មែន​ជា​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ។ រូបថត​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​ឡាវ​ស្គម​ស្គាំង និង​ស្រេក​ឃ្លាន នៅ​ពេល​ទៅ​ដល់​​ជំរំ​ជន​ភៀស​ខ្លួន​ស្ថិត​ក្នុង​ប្រទេស​ថៃ​ជា​លើក​ដំបូង។

Avatar

Title:តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ក្នុង​ប្រទេស​ថៃ​មែន​ឬ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *